ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិវឌ្ឍបៃតងរបស់ចិនរួមចំណែកដល់ការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
2024-04-01 12:36:30cri
Share with:

ក្នុងរយៈពេលជាងទស្សវត្សចុងក្រោយនេះ ប្រទេសចិនក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជីនពីង ជាមេដឹកនាំស្នូល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមនានា រួមទាំង គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត។ តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង "ទឹកថ្លា និងភ្នំខៀវស្រងាត់ គឺជាទ្រព្យសម្បត្តិមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវការជាចាំបាច់ក្នុងការឈានទៅបង្កើតគំរូកំណើនដែលមិនប៉ះពាល់ដល់បរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិនប្រកបដោយនិរន្តរភាព។ ជាការពិតណាស់ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើនក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតង។ គិតត្រឹមឆ្នាំ ២០២១ ប្រទេសចិនបានកសាងរោងចក្របៃតងចំនួន ២.៧៨៣ កន្លែង សួនឧស្សាហកម្មបៃតង ចំនួន ២២៣ និងសហគ្រាសគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់បៃតង ចំនួន ២៩៦ ដែលទាំងអស់នេះបានរួមចំណែកជាវិជ្ជមានដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង។ ទីក្រុងធំៗមួយចំនួននៅប្រទេសចិន ដែលធ្លាប់រងគ្រោះដោយអ័ព្ទពុល និងកម្រមើលឃើញពន្លឺព្រះអាទិត្យ  ឥឡូវនេះទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងការបំពុលបរិយាកាស ហើយអាចមើលឃើញផ្ទៃមេឃពណ៌ខៀវ និងទទួលបានខ្យល់អាកាសបរិសុទ្ធឡើងវិញ។ គុណភាពខ្យល់ក្នុងទីក្រុង ១៣ របស់ចិន មានការកើនឡើងពី ៣២% ក្នុងឆ្នាំ២០១៣ រហូតដល់ ៧៤% ក្នុងឆ្នាំ២០២១។ ជាមួយនឹងវឌ្ឍនភាពទាំងនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៧ ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា យើងគួរតែប្រកាន់យកនូវទស្សនៈវិស័យថ្មីមួយនៃការអភិវឌ្ឍបៃតងប្រកបដោយភាពចីរភាព និងកាបូនទាបនិងបានស្នើឱ្យបង្កើតនូវសម្ព័ន្ធអន្តរជាតិសម្រាប់ការអភិវឌ្ឍបៃតង ហើយប្រទេសចិននឹងផ្តល់ការគាំទ្រ។ ជាការពិតណាស់ ខុសពីប្រទេសមួយចំនួន ចិនគឺជាប្រទេសមួយដែល ហ៊ាននិយាយ ហើយហ៊ានធ្វើ ហើយបានបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសនានាជាច្រើន ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនលើការអភិវឌ្ឍបៃតង។ ដូចមានគូសបញ្ជាក់ក្នុងសៀវភៅសស្តីពី ការអភិវឌ្ឍបៃតងរបស់ចិន ក្នុងយុគសម័យថ្មី ចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋចិន កាលពីខែមករា ឆ្នាំ២០២៣ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចអាកាសធាតុសកល ការកសាងខ្សែក្រវាត់ និងផ្លូវបៃតង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ដើម្បីជំរុញការអភិវឌ្ឍបៃតង។ ចាប់តាំងពីឆ្នាំ២០១៦ មក ប្រទេសចិនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដោយបានបើកដំណើរការតំបន់បង្ហាញការបញ្ចេញកាបូនទាបចំនួន ១០ កន្លែង អនុវត្តគម្រោងកាត់បន្ថយ និងបន្ស៊ាំអាកាសធាតុចំនួន ១០០ គម្រោង ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដល់សិក្ខាកាមជាង ១០០០ នាក់ និងអនុវត្តកម្មវិធីជំនួយបរទេសស្តីពីការប្រែប្រួលអាកាសធាតុជាង ២០០កម្មវិធី។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានដាក់ចេញគំនិតផ្តួចផ្តើមសម្រាប់ភាពជាដៃគូខ្សែក្រវាត់ និងផ្លូវ ស្តីពីការអភិវឌ្ឍបៃតងជាមួយប្រទេសចំនួន ៣១ បង្កើតភាពជាដៃគូថាមពលខ្សែក្រវាត់ និងផ្លូវជាមួយ ៣២ ប្រទេស និងជួយបណ្តុះបណ្តាលសិក្ខាកាមជាង ៣០០០ នាក់ មកពី ១២០ ប្រទេស ក្រោមកម្មវិធីបេសកជនផ្លូវសូត្របៃតង។ កាលពីខែកញ្ញាឆ្នាំ២០២០ ឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជីនពីង បានប្រកាសជាលើកដំបូងថា ប្រទេសចិននឹងសម្រេចឱ្យបាននូវ ការបំភាយឧស្ម័នកម្រិតខ្ពស់បំផុត មុនឆ្នាំ២០៣០និងអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០។ ការប្រកាសនេះបានធ្វើឱ្យប្រទេសចិនដើរតួនាទីជាប្រទេសគំរូមួយលើឆាកអន្តរជាតិ ក្នុងការកសាងពិភពលោកមួយឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោយភាពស្រស់បំព្រង បរិស្ថានល្អ និងចីរភាព។

បើនិយាយពីទំនាក់ទំនងកម្ពុជា-ចិនវិញ ក្នុងនាមជាមិត្តដែកថែប ប្រទេសចិនក៏បានបង្កើតកិច្ចសហប្រតិបត្តិការស្តីពីការជំរុញការអភិវឌ្ឍបៃតងជាមួយកម្ពុជាផងដែរ។ ជាក់ស្តែងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ដោយអនុវត្តនូវកិច្ចសហប្រតិបត្តិការ និងការប្តូរទស្សនៈគ្នាលើវិស័យសំខាន់ៗ ដូចជា (១) ការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី () ដំណោះស្រាយការប្រែប្រួលអាកាសធាតុ (៣) ការអភិវឌ្ឍបៃតង () ការសន្សំសំចៃថាមពល និងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផល () ដោះស្រាយការបំពុលប្លាស្ទិក និង () ការការពារបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង និងជំរុញការបង្កើតគម្រោងតំបន់បង្ហាញការបញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុផងដែរ។

សរុបមក ដំណើរឆ្ពោះទៅរកការអភិវឌ្ឍបៃតងរបស់ចិនមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកជាវិជ្ជមានដល់កិច្ចប្រឹងប្រែងសកល ក្នុងការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយពណ៌បៃតង និងភាពស្រស់ស្អាតសម្រាប់មនុស្សជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

 

ដោយ ហ៊ូ ចំរើន

អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា



អ្នកបកប្រែ:李庆莉
ប្លុកពិសេស