ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហរដ្ឋអាមេរិកគួរបោះបង់ចោលនូវទស្សនៈផលបូកសូន្យនិងធ្វើតាមក្រឹត្យក្រមសេដ្ឋកិច្ចនិងក្បួនច្បាប់ទីផ្សារ ទើបជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ធ្វើឱ្យឧស្សាហកម្មរបស់ខ្លួនមានភាពកាន់តែខ្លាំងក្លា
2024-03-30 16:13:15cri
Share with:

     នាពេលថ្មីៗកន្លងទៅនេះ ពាក្យសម្តីរបស់លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែតរបស់អាមេរិករិះគន់និងសើចចំអក ។

    នៅពេលទៅទស្សនារោងចក្រផលិតអាគុយសូឡាប្រើថាមពលពន្លឺព្រះអាទិត្យមួយក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក លោកស្រី Janet Yellen បានអះអាងថា ឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិនមានបញ្ហាអតិរេកផ្នែកផលិតភាពដែលបានបណ្តាលឱ្យតម្លៃសកលនិងរូបមន្តផលិតកម្មមានភាពមិនប្រក្រតី ហើយបានប៉ះពាល់ដល់ផលប្រយោជន៍របស់សហគ្រាសនិងកម្មករអាមេរិក ។

    បន្ទាប់ពីពាក្យសម្តីបែបនេះចេញពីមាត់របស់លោកស្រី បានធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែតរបស់អាមេរិកសើចចំអកភ្លាមថា "ខណៈពេលដែលសហរដ្ឋអាមេរិកមានឧត្តមភាពប្រកួតក្នុងការប្រជែង ពួកគេក៏ថ្លែងអំពីទីផ្សារសេរី បើមិនអ៊ីចឹង ក៏អនុវត្តការពារនិយម ។ នេះគឺជាក្បួនច្បាប់របស់សហរដ្ឋអាមេរិក" ។ល។ ការបញ្ចេញមតិយ៉ាងមុតស្រួចទាំងនេះបានលាតត្រដាងនូវការនិយាយយកតែត្រូវដោយគ្មានហេតុផល ការលាក់ពុតនិងស្តង់ដារពីររបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិក ហើយក៏បានលាតត្រដាងនូវគំនិតអនុត្តរភាពរបស់ពួកគេដែលភ័យខ្លាចការប្រកួតប្រជែងដោយយុត្តិធម៌និងទម្លាក់កំហុសឱ្យគេតាមតែទំនើងចិត្តផងដែរ ។

    ការអភិវឌ្ឍបៃតងគឺជាតម្រូវការផ្ទៃក្នុងនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ប្រទេសចិនគឺជាប្រទេសមុនគេបង្អស់ក្នុងចំណោមប្រទេសធំលើទូទាំងពិភពលោកដែលលើកឡើងនូវគោលដៅស្តីពីការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ នៅឆ្នាំ ២០២៣ ទំហំនាំចេញសរុបនៃ"ផលិតផលចំនួន ៣ "របស់ចិនដែលមានរថយន្តដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយថាមពលសូឡាជាតំណាងមានចំនួនលើសពី ១,០៦ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើងជិត ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ប្រការនេះមិនត្រឹមតែបានបង្ហាញពីភាពរស់រវើករបស់សេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បានជួយប្រទេសផ្សេងទៀតឱ្យសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតងដើម្បីរួមចំណែកជាវិជ្ជមានក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកលផងដែរ ។

    យ៉ាងណាមិញ នៅក្នុងក្រសែភ្នែករបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិក ការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសនៃឧស្សាហកម្ម"យុទ្ធសាស្រ្តថ្មី"របស់ប្រទេសចិនបាននិងកំពុងគំរាមកំហែលដល់ផលប្រយោជន៍របស់ពួកគេ ។ ស្ថិតក្រោមទស្សនៈផលបូកសូន្យ ពួកគេបានយល់ឃើញថា ឋានៈរបស់ប្រទេសចិនក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានលើកកម្ពស់ គឺមានន័យថា ឱកាសសម្រាប់សហគ្រាសអាមេរិកកាន់តែតិចទៅៗ ។ តើត្រូវដោះស្រាយតាមរបៀបណា ? ពួកគេមិនមែនគិតគូរពីការកែលម្អបច្ចេកវិទ្យានិងលើកកម្ពស់កម្លំងប្រកួតប្រជែងរបស់ខ្លួននោះទេ តែគឺយកអ្វីដែលហៅថា "សន្តិសុខជាតិ"និង"បញ្ហាអតិរេកផ្នែកផលិតភាព"ជាដើមធ្វើជាលេសដើម្បីព្យាយាមលាបពណ៌ប្រទេសចិននិងដកហូតសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍ដ៏ស្របច្បាប់របស់ប្រជាជនចិន ។

    តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា ឥស្សរជនអ្នកដឹងប្រភពព័ត៌មាននៃរដ្ឋាភិបាលអាមេរិកបានអះអាងថា លោកស្រី Janet Yellen នឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ ។ អ្នកវិភាគមួយចំនួនបានសម្គាល់ឃើញថា លោកស្រីបានឃោសនាបំប៉ោងពីបញ្ហាពិភាក្សាពាក់ព័ន្ធនៅពេលនេះ គឺមានបំណងចង់ដាក់សម្ពាធទៅលើប្រទេសចិនអំពីគោលនយោបាយឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងពេលជាមួយគ្នានេះ ក៏មិនច្រានចោលលទ្ធភាពដែលបំភាន់ដល់មតិសាធារណៈសម្រាប់ការដាក់ចេញនូវគោលនយោបាយការពារនិយមនៅជំហានក្រោយរបស់អាមេរិកផងដែរ ។

    បច្ចុប្បន្ននេះ ឧស្សាហកម្មថាមពលថ្មីសកលមានអនាគតយ៉ាងទូលំទូលាយ ។ ក្នុងអំឡុងពេលកិច្ចជំនួបប្រមុខរដ្ឋរវាងចិននិងអាមេរិកនៅក្រុងសាន់ហ្រ្វាន់ស៊ីស្កូដែលធ្វើឡើងកាលពីឆ្នាំមុន ប្រទេសទាំងពីរបានរួមគ្នាចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពី"ស្រុកពន្លឺព្រះអាទិត្យ"ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងវិបត្តិអាកាសធាតុ ។ និយាយចំពោះអ្នកនយោបាយមួយចំនួនរបស់អាមេរិក ពួកគេគួរតែបោះបង់ចោលនូវទស្សនៈផលបូកសូន្យដោយបានយល់ដឹងថា ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិកគឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក ហើយគួរធ្វើតាមក្រឹត្យក្រមសេដ្ឋកិច្ចនិងក្បួនច្បាប់ទីផ្សារ ។ ប្រការទាំងនេះទើបជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ធ្វើឱ្យឧស្សាហកម្មរបស់ខ្លួនមានភាពកាន់តែខ្លាំងក្លា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស