ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការកើនឡើងជាបន្តបន្ទាប់នៃសេដ្ឋកិច្ចចិនបានដើរតួនាទីជំរុញដ៏វិជ្ជមានចំពោះកំណើននិងស្ថិរភាពនៃសេដ្ឋកិច្ចសកល
2024-03-30 18:40:51cri
Share with:

 

អនាគតរបស់ខ្ញុំគឺនៅទីនេះ!លោក Christopher Thomas អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings របស់អាមេរិកបានបញ្ចេញឧទានបែបនេះក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកា Boao សម្រាប់អាស៊ី។ លោក Christopher Thomas ធ្លាប់រស់នៅក្នុងប្រទេសជាច្រើន បច្ចុប្បន្ននេះ លោកតាំងទីលំនៅនៅប្រទេសចិន ពីព្រោះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ សក្តានុពលអភិវឌ្ឍន៍និងបរិយាកាសបើកទូលាយនិងមេត្រីភាពរបស់ចិនបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅដល់លោក ។

វេទិកាឆ្នាំនេះបានទាក់ទាញតំណាងនៃមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនិងតំណាងនៃបញ្ញវន្តធនាគារគំនិតជិត២០០០រូបដែលមកពីប្រទេសនិងតំបន់ជាង៦០នៅទូទាំងពិភពលោក ។ ក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះ អ្នកចូលរួមវេទិកាបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញប្រធានបទ អាស៊ីនិងពិភពលោក៖បញ្ហាប្រឈមរួមនិងទំនួលខុសត្រូវរួម ដែលបានបញ្ចេញសំឡេងអាស៊ី សហការសាមគ្គីគ្នានិងរួមគ្នាជំរុញការអភិវឌ្ឍ ។ ក្នុងនោះ តួនាទីដ៏វិជ្ជមានរបស់ប្រទេសចិនទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់ភាគីនានា ។

លោក K.V. Babaev ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវប្រទេសចិននិងអាស៊ីសម័យបច្ចុប្បន្ននៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានថ្លែងថា ក្នុងបញ្ហាប្រឈមដ៏ស្មុគ្រស្មាញមួយចំនួន អាស៊ីជាពិសេសគឺប្រទេសចិននឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍជានិរន្តរភាពនៃសេដ្ឋកិច្ចសកល ។ មិនថាកំណើនសេដ្ឋកិច្ចឬក៏ការអភិវឌ្ឍនៃបច្ចេកវិទ្យា សុទ្ធតែនឹងមានអនាគតដ៏ភ្លឺស្វាងនៅទីនេះ ។

តើជំនឿចិត្តបែបនេះមកពីណា? ចិនមានទីផ្សារដ៏ធំសម្បើម ចិនកំពុងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ចិនមានឧត្តមភាពខាងប្រព័ន្ធឧស្សាហកម្ម ធនធានមនុស្សនិងការច្នៃប្រឌិត ។ល។ ក្នុងអំឡុងពេលវេទិកាលើកនេះ អ្នកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាច្រើនរូបបានលើកឡើងថា សេដ្ឋកិច្ចរបស់ចិនមិនត្រឹមតែមានភាពធន់និងសក្តានុពលដ៏ខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏មានសក្តានុពលអភិវឌ្ឍន៍ថ្មីដែរ ។ លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថា ខ្ញុំយល់ឃើញថា សេដ្ឋកិច្ចចិននឹងរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដែលនឹងជះឥទ្ធិពលដ៏សំខាន់ដល់ពិភពលោក ។

បច្ចុប្បន្ននេះ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីបានក្លាយជាពាក្យគន្លឹះនៃសេដ្ឋកិច្ចរបស់ចិន ។ តាមទិន្នន័យបង្ហាញឱ្យឃើញថា ការវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិនបន្តរក្សាកំណើនពីរខ្ទង់ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា សហគ្រាសបច្ចេកទេសខ្ពស់និងថ្មីមានចំនួនប្រហែល៤សែនសហគ្រាស ។ ក្នុងនោះ ការនាំចេញ ផលិតផលថ្មីចំនួនបីដូចជា រថយន្តថាមពលថ្មី អាគុយលីចូម និងផលិតផលថាមពលសូឡា បានកើនឡើងយ៉ាងឆាប់រហ័ស ។ សេដ្ឋកិច្ចឌីជីថលបានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស អត្រានៃអ្នកប្រើប្រាស់សេវាប្រព័ន្ធ ៥G លើសពី៥០ភាគរយ ។

តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ចំនួនសហគ្រាសវិនិយោគដោយពាណិជ្ជករបរទេសនៅប្រទេសចិនបានកើនឡើង៣៤,៩ភាគរយ ។ នៅក្នុងវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលបានបិទបញ្ចប់នៅពេលមិនជាយូរប៉ុន្មាន មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនពហុជាតិបាននាំគ្នាបង្ហាញពីអារម្មណ៍សុទិដ្ឋិនិយមចំពោះអនាគតនៃទីផ្សាររបស់ចិន ដោយអះអាងថានឹងបន្តធ្វើអាជីវកម្មនៅប្រទេសចិន ។ ការកើនឡើងជាបន្តបន្ទាប់នៃសេដ្ឋកិច្ចរបស់ចិនបានផ្តល់ទីផ្សារដ៏ធំធេងនិងឱកាសសហប្រតិបត្តិការដល់ប្រទេសផ្សេងទៀត ដែលបានដើរតួនាទីជំរុញដ៏វិជ្ជមានចំពោះកំណើននិងស្ថិរភាពនៃសេដ្ឋកិច្ចសកល ។

នៅប្រទេសចិន អ្នកផងទាំងពួងបានសម្លឹងមើលឃើញអនាគតដែលប្រកបដោយភាពច្នៃប្រឌិតថ្មី បៃតង បើកទូលាយនិងចែករំលែក ។ នេះមិនត្រឹមតែជាអនាគតរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាអនាគតនៃអាស៊ីនិងពិភពលោកផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស