ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាបូអាវ (BFA)៖ ចលករកម្លាំងសកល ពង្រឹងគោលការណ៍សន្តិភាពនិងការអភិវឌ្ឍ
2024-03-28 17:18:25cri
Share with:

    ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម តាមរយៈកម្លាំងរួមគ្នាក្នុងគោលបំណងពង្រឹងសន្តិភាព និងពង្រីកការអភិវឌ្ឍ វេទិកាបូអាវ (BFA) ត្រូវបានបង្កើតឡើងនាឆ្នាំ២០០១។ សម្រាប់តំបន់អាស៊ី វេទិកាBFAបានផ្តល់កាលានុវត្តភាពបន្ថែមដល់ថ្នាក់ដឹកនាំបណ្តាប្រទេសនៅតំបន់អាស៊ីបានរួមគ្នាចាក់បញ្ចូលនូវធាតុចូលសម្រាប់កិច្ចអភិវឌ្ឍនិងសន្តិភាពសម្រាប់តំបន់និងពិភពលោក។ ដោយទាក់ទាញគណៈប្រតិភូប្រហែល២០០០នាក់មកពីជាង៦០ប្រទេស និងតំបន់ និងអ្នកសារព័ត៌មានជាង១១០០នាក់មកពី៤០ប្រទេសនិងតំបន់ ពីទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ឆ្នាំ២០២៤នេះ វេទិកាបូអាវសម្រាប់អាស៊ីក្រោមប្រធានបទ «អាស៊ី និង ពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» បានគូសរំលេចពីថាមពលក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ បានជំរុញឱ្យវេទិកាបូអាវដើរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ឡើងវិញ ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិរវាងបណ្តាប្រទេសទាំងអស់ក្នុងទ្វីបអាស៊ីតាមយន្តការពហុភាគី នៅក្នុងបរិបទដែលពិភពលោកសព្វថ្ងៃកំពុងឆ្លងកាត់ការផ្លាស់ប្តូរស៊ីជម្រៅនិងស្មុគស្មាញ ហើយជាពិសេសនៅក្នុងពេលដែលពិភពលោកទាំងមូលមិនទាន់មានសន្តិភាពឱ្យគ្រប់គ្រាន់។

 

ដោយមានគោលបំណងរួមសម្រាប់សេដ្ឋកិច្ច វេទិកាបូអាវដែលជួនកាលគេស្គាល់ថាជា «Asian Davos» បានកំពុងនាំតំបន់អាស៊ីក្លាយជាតំបន់ពោរពេញដោយសក្តានុពលក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចពិភពលោកដូចទៅនឹងទង្វើរបស់ប្រទេសចិនដែលបានអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចបើកចំហកាន់តែទូលំទូលាយដោយខិតខំជំរុញ និងលើកទឹកចិត្តដល់កំណើនសេដ្ឋកិច្ចសកលដូចកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣របស់ប្រទេសចិនដែលបានកើនដល់៥.២% ហើយដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយវិនិយោគិន និងក្រុមបញ្ញាញាណនៅទូទាំងពិភពលោក ដោយសារសេដ្ឋកិច្ចពិភពលោកត្រូវការកម្លាំងរុញច្រានពីសេដ្ឋកិច្ចរបស់ប្រទេសចិនដើម្បីធ្វើឱ្យមានភាពប្រាកដប្រជាដល់សេដ្ឋកិច្ចសកល។ របៀបវារៈនានាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចពិភាក្សាស្តីពីអាស៊ី និងសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបញ្ហាប្រឈមជាសកល ដោយនិយាយថា វេទិកាបូអាវនេះជួយបង្កើតការយល់ស្រប និងគូរប្លង់មេសម្រាប់អភិបាលកិច្ចសកលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ។ គួររំលេចផងដែរថា ដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប ត្រូវប្រឈមនឹងការសើរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ីទាំងមូលត្រូវបានគេរំពឹងថា នឹងអាចរួមចំណែក ៦០% ដល់កំណើនផលិតផលក្នុងស្រុកសរុបជាក់ស្តែងរបស់ពិភពលោកក្នុងឆ្នាំ២០២៤នេះ។

 

បន្ថែមពីលើនេះ សន្តិភាពគឺជាបញ្ញត្តិគន្លឹះនៅក្នុងគ្រប់វេទិកាទាំងអស់ដែលបានរៀបចំឡើងដោយប្រទេសចិន ជាក់ស្តែងនៅក្នុងវេទិកាបូអាវឆ្នាំ២០២៤នេះ ក្នុងនាមជារដ្ឋបុរសកំពូលដែលបាននាំយកនិងថែរក្សាយ៉ាងពេញលេញដល់សន្តិភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានថ្លែងថា «ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍអនាគត ដើម្បីវិបុលភាពរួមគ្នា»។ ពិភពលោកនៅចាំយ៉ាងច្បាស់ថា កាលពីវេទិកាបូអាវឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានដាក់ចេញនូវប្រាជ្ញាចិនលើដំណោះស្រាយសន្តិភាពសម្រាប់ពិភពលោកតាមរយៈ«គំនិតផ្តួចផ្តើមសន្តិសុខសកល» ដែលបានរំលេចថា «ប្រវត្តិសាស្ត្ររបស់មនុស្សជាតិបានប្រាប់យើងថា ពេលវេលាកាន់តែលំបាក យើងកាន់តែត្រូវពង្រឹងជំនឿចិត្ត។ប្រទេសនានាត្រូវពួតដៃគ្នាឆ្លើយតបបញ្ហាប្រឈម និងសហប្រតិបត្តិការកសាងអនាគត។ សន្តិសុខបុរេជាលក្ខខណ្ឌនៃការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍សន្តិសុខរួមដែលមិនអាចកាត់ផ្ដាច់បាន។ គំនិតសង្គ្រាមត្រជាក់មានតែបំផ្លាញក្របខណ្ឌសន្តិភាពទូទាំងពិភពលោក អនុត្តរភាពនិយមនិងនយោបាយកម្លាំងបាយមានតែបំផ្លាញដល់សន្តិភាពពិភពលោក បដិបក្ខជាក្រុមមានតែធ្វើឱ្យបញ្ហាប្រឈមសន្តិសុខនៅសតវត្សរ៍ទី២១កាន់តែខ្លាំងឡើង។

 

ជារួម វេទិកាបូអាវឆ្នាំ២០២៤បាននិងកំពុងបន្ថែមពន្លឺរស្មីដ៏ត្រចះត្រចង់ដល់ទ្វីបអាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ស្របនឹងគោលនយោបាយការទូតរបស់ប្រទេសចិនដែលតែងសង់ស្ពានមេត្រីភាពជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក និងយន្តការបង្កើនកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដោយប្រទេសចិនតែងប្រកាសជាប់ជានិច្ចថា ប្រទេសចិនមិនអាចអភិវឌ្ឍខ្លួនឯងនៅដាច់ឆ្ងាយពីអាស៊ីនិងពិភពលោកបានឡើយ ហើយពិភពលោកវិញក៏ដូចគ្នាដែរនឹងមិនទទួលបានវិបុលភាពនិងស្ថិរភាពដោយខ្វះវត្តមាននៃការចូលរួមយ៉ាងសកម្មរបស់ប្រទេសចិនបានឡើយ។ វេទិកាបូអាវកាន់តែបញ្ជាក់ច្បាស់បន្ថែមទៀតថា វឌ្ឍនភាពរបស់ប្រទេសចិនជាកាលានុវត្តភាពរបស់ពិភពលោក ហើយសេដ្ឋកិច្ចចិនកើនឡើងប្រកបដោយចីរភាព និងគុណភាពខ្ពស់ វាជាកត្តារក្សាស្ថិរភាពនិងក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយតាមរយៈវេទិកាបូអាវនេះ បណ្តាប្រទេសទាំងអស់នៅអាស៊ីបាននិងកំពុងប្រកៀកស្មាជាមួយប្រទេសចិនដោយចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការពហុភាគី និងលើកកម្ពស់ការកែទម្រង់ប្រព័ន្ធអន្តរជាតិ និងអភិបាលកិច្ចជាសកលដើម្បីឲ្យរួមគ្នាដោះស្រាយនូវបញ្ហាសកលប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស