ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំណីអាហារមួយមុខ ល្បីមួយតំបន់
2024-03-27 14:53:21cri
Share with:


ប្រជាជាតិចិនត្រូវបានគេស្គាល់ថាជាប្រជាជាតិមួយដែលប៉ិនប្រសប់ក្នុងការធ្វើចំណីអាហារឆ្ងាញ់ៗ ហើយបានបង្កើតនូវវប្បធម៌ហូបចុកដ៏ពិសេសរបស់ខ្លួន ដែលក្នុងនោះ «ប្រព័ន្ធម្ហូបធំៗទាំង ៨»មានឈ្មោះបោះសំឡេងទាំងក្នុងនិងក្រៅប្រទេស ។

 

ទឹកដីដ៏ធំទូលាយរបស់ចិនបានញ៉ាំងឱ្យមនុស្សម្នាដែលរស់នៅតំបន់ខុសៗគ្នាមានទម្លាប់ហូបចុកទីទៃគ្នា ឧទាហរណ៍ដូចជាអ្នករស់នៅភាគខាងត្បូងចូលចិត្តហូបបាយនិងម្ហូបដែលមានរសជាតិរាងផ្អែម ចំណែកអ្នកភាគខាងជើងចូលចិត្តហូបចំណីធ្វើពីម្សៅមីនិងមានរសជាតិរាងប្រៃ អ្នកភាគខាងកើតចូលចិត្តរសជាតិរាងជូរ ឯអ្នកភាគខាងលិចចូលចិត្តរសជាតិរាងហឹរ ដែលបង្កើតបានជាវប្បធម៌ហូបចុកចម្រុះបែប ។

 

ជំនឿចិត្តលើខ្លួនឯងខាងវប្បធម៌បានញ៉ាំងឱ្យប្រជាជនចិនស្វែងរកការអភិរក្សនិងអភិវឌ្ឍវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនតាមរយៈខាងច្នៃប្រឌិតថ្មី ។ ជាពិសេសនៅក្នុងយុគសម័យថ្មីដែលព័ត៌មានវិទ្យាបានរីកដុះដាលយ៉ាងខ្លាំង វប្បធម៌ហូបចុកដូចជាចំណីអាហារពិសេសប្រចាំតំបន់ជាដើមបានត្រូវផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមនិងកម្មវិធីវីដេអូតាមទូរស័ព្ទដៃជាបន្តបន្ទាប់ ដែលបានធ្វើឱ្យចំណីអាហារពិសេសទាំងនេះក្លាយជា«តារាល្បីតាមបណ្តាញអ៊ីនធឺណេត» ។

 

មួយរយៈកាលមុន ក្រុង ជឺប៉ ខេត្ត សានទុង ស្រាប់តែល្បីឈ្មោះនៅទូទាំងប្រទេសចិនតាមរយៈបណ្តាញទំនាក់ទំនងសង្គមដោយសារ«សាច់អាំង ជឺប៉» ។  តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ឈុត«សាច់អាំង ជឺប៉»បានត្រូវដាក់លក់តាមហាងលក់សាច់អាំងជាច្រើននៅទូទាំងប្រទេស ដែលបានធ្វើឱ្យពលរដ្ឋកាន់តែច្រើនស្គាល់ក្រុង ជឺប៉ ។

 

តាមពិតទៅ «សាច់អាំង ជឺប៉» មិនមែនទើបតែមាននោះទេ ចុះហេតុអ្វីស្រាប់តែល្បីពេញ ប្រទេសបែបនេះ ? កត្តាទីមួយគឺដោយសារភាពងាយស្រួលក្នុងការធ្វើដំណើរ ។ ស្ថានីយរថភ្លើងល្បឿនលឿនក្រុង ជីប៉ បានផ្តល់ភាពងាយស្រួលខ្លាំងសម្រាប់អ្នកដំណើរទៅកាន់ទីក្រុងមួយនេះ ដែលមានអ្នកធ្វើដំណើរជាពិសេសពីខេត្ត-ក្រុងផ្សេងៗដើម្បីទៅភ្លក់រសជាតិ«សាច់អាំង ជឺប៉» ដោយចំណាយពេលទៅមកតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

 

កត្តាទីពីរគឺដោយសារវប្បធម៌ហូបចុករបស់ខេត្ត សានទុង ។ ខេត្ត សានទុង ជាប្រភពដ៏ចំណាស់នៃវប្បធម៌និងអរិយធម៌ចិន ពិសេសលទ្ធិខុងជឺ ។ «សាច់អាំង ជឺប៉» មានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយត្រូវបានបន្តវេននិងផ្សព្វផ្សាយមកទល់បច្ចុប្បន្ន ពលរដ្ឋក្នុងតំបន់បានលើកស្ទួយចំណីអាហារពិសេសនៃស្រុកកំណើតខ្លួន ធ្វើឱ្យវប្បធម៌ហូបចុកក្នុងតំបន់អាចស្ថិតស្ថេរគង់វង្ស ។

 

ទីបីគឺដោយសារភាពច្នៃប្រឌិតថ្មីនៃរសជាតិនិងវិធីផ្សព្វផ្សាយបែបថ្មី ។ ការរក្សាទុកនូវទម្រង់ដើម តែធ្វើការច្នៃប្រឌិតថ្មីនូវរសជាតិឱ្យស្របតាមតម្រូវការរបស់អតិថិជនដែលចង់ភ្លក់នូវអ្វីដែលថ្មីនិងប្លែក វាជាកត្តាមួយនៃភាពទាក់ទាញរបស់ចំណីអាហារដែលមានប្រវត្តិសាស្ត្រយូរលង់ ។ បច្ចុប្បន្នជាយុគសម័យឌីជីថល បណ្តាញទំនាក់ទំនងសង្គមដូចជាកម្មវិធីវីដេអូជាដើមជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដែលពលរដ្ឋនៅទីណាៗក៏អាចមើលឃើញពីការផ្សព្វផ្សាយបានយ៉ាងងាយស្រួល ។ ដូច្នេះ ការប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយបែបថ្មីបានធ្វើឱ្យចំណីអាហារប្រពៃណីដែលយើងឃើញរាល់ថ្ងៃ«រស់»ឡើងវិញ ។

 

ទីបួនគឺដោយសារតម្លៃថោកសមរម្យនិងភាពរួសរាយរាក់ទាក់របស់ពលរដ្ឋក្នុងតំបន់ ។ «បានល្បីក៏ឡើងថ្លៃ» នេះជាការឆក់ឱកាសរបស់អាជីវករមួយចំនួន ប៉ុន្តែសម្រាប់«សាច់អាំង ជឺប៉» គឺលក់ក្នុងតម្លៃដូចពេលធម្មតា បើទោះបីជាមានភ្ញៀវកើនឡើងយ៉ាងគំហុកក្តី ។ ម៉្យាងវិញទៀត ភាពរួសរាយរាក់ទាក់របស់ម្ចាស់ហាងនិងអ្នកខេត្ត សានទុង ក៏ជាកត្តាសំខាន់ដែលនាំឱ្យ«សាច់អាំង ជឺប៉» ល្បីឈ្មោះផងដែរ ពោលគឺការទទួលទានសាច់អាំងក្នុងហាងដែលប្រកបដោយបរិយាកាសរាក់ទាក់ សប្បាយរីករាយ ហាក់បីដូចជាការទទួលទានអាហារជាមួយសាច់ញាតិនិងមិត្តភក្តិ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវដែលធ្វើដំណើរទៅពីខេត្ត-ក្រុងផ្សេងៗ ដូចពាក្យចិនមួយឃ្លាពោលថា «មនោសញ្ចេតនាក្នុងជីវភាពធម្មតា អាចលួងចិត្តជនសាមញ្ញបំផុត» ។

 

ក្រៅពី«សាច់អាំង ជឺប៉» នាពេលថ្មីៗកន្លងទៅនេះ «អាហារស្រុសហឹរ»( Spicy Hot Pot ) នៅក្រុង ធានសួយ ខេត្ត កានស៊ូ ដែលជាអាហារសម្រន់មានប្រភពពីខេត្ត ស៊ឺឈួន ក៏ស្រាប់តែទាក់ទាញចំណាប់អារម្មណ៍របស់មហាជនទូទាំងប្រទេសផងដែរ ។ ពលរដ្ឋដែលមកពីតំបន់នានាទូទាំងប្រទេសចិនបូករួមទាំងជនបរទេសជាច្រើនដែលរស់នៅក្នុងប្រទេសចិនផងបាននាំគ្នាទៅដើរកម្សន្តនិងភ្លក់រសជាតិ«អាហារស្រុសហឹរ»នៅក្រុង ធានសួយ ។

 

«ចំណីអាហារមួយមុខ ល្បីមួយតំបន់» ការលើកតម្កើងវប្បធម៌ហូបចុកក្នុងតំបន់ ដើម្បីធ្វើឱ្យវាមានប្រជាប្រិយភាពខ្លាំងឡើងវិញ មិនត្រឹមតែមានអំណោយផលដល់វិស័យហូបចុកប៉ុណ្ណោះទេ ក៏មានអំណោយផលដល់វិស័យទេសចរណ៍ផងដែរ តួយ៉ាងដូចជាករណីដែល «សាច់អាំង ជឺប៉»និង«អាហារស្រុសហឹរ ធានសួយ»ល្បីពេញមួយប្រទេសក៏បានទាក់ទាញទេសចរជាច្រើនពិសេសយុវជនឱ្យទៅទីនោះដើម្បីភ្លក់រសជាតិដើមនៃចំណីអាហារពិសេសដែលល្បីតាមបណ្តាញទំនាក់ទំនងសង្គមផងនិងធ្វើដំណើរកម្សាន្តផង ។

 

ការអភិរក្សនិងការច្នៃប្រឌិតថ្មីវាមិនផ្ទុយគ្នាទេ របស់ប្រពៃណីដែលល្អផូរផង់យើងត្រូវអភិរក្សឱ្យបានគង់រង្ស ហើយក្នុងដំណើរការអភិរក្ស គួរបញ្ចូលនូវការច្នៃប្រឌិតថ្មី ដើម្បីឱ្យរបស់ប្រពៃណីមានកម្លាំងជីវិតថ្មី និងមុខមាត់ថ្មី ដែលកាន់តែអាចស្តែងពីភាពជឿជាក់លើខ្លួនឯងខាងវប្បធម៌របស់ប្រជាជាតិមួយ ព្រមទាំងឈានដល់ការអភិរក្សនិងអភិវឌ្ឍវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីឱ្យបានស្ថិតស្ថេរគង់វង្សនិងមានភាពត្រចះត្រចង់ដោយពិតប្រាកដ ៕

 

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន



 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស