ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “គំនិតឯកភាពរួមអំពីប្រជាធិបតេយ្យ”មកពីក្រុងប៉េកាំង នាំមកនូវការបំផុសគំនិតថ្មីដល់សហគមន៍អន្តរជាតិក្នុងការយល់ដឹងប្រជាធិបតេយ្យឱ្យបានល្អ
2024-03-23 14:26:34cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ វេទិកាអន្តរជាតិស្តីពី “ប្រជាធិបតេយ្យ៖ គុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល” លើកទីបី បានបើកធ្វើនៅក្រុងប៉េកាំង ភ្ញៀវកិត្តិយសដែលមកពីប្រទេសនិងតំបន់ជាច្រើន សរុបចំនួនជាង២រយនាក់បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទជាចំណុចក្តៅ ដូចជា “ប្រជាធិបតេយ្យនិងការធ្វើទំនើបកម្មអភិបាលកិច្ច ” “អនាគតរបស់ភាពវៃឆ្លាតសិប្បនិមិ្មតនិងប្រជាធិបតេយ្យ” និង “ប្រជាធិបតេយ្យនិងអភិបាលកិច្ចសកលក្នុងពិភពលោកពហុប៉ូលភាវូបនីយកម្ម”ជាដើម ។ គំនិតឯកភាពរួមរបស់អង្គប្រជុំគឺ៖គោលបំណងរបស់ប្រជាធិបតេយ្យគឺធានានិងបង្កើនសុខមាលភាពរបស់មនុស្សជាតិទាំងមូល ត្រូវគោរពសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជននៃបណ្តាប្រទេសនានាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយម្ចាស់ការ ប្រឆាំងនឹងការបង្កភាពបែកបាក់គ្នា ផ្សព្វផ្សាយគំនិតលំអៀងនិងបំផ្លាញសន្តិភាពដោយយកប្រជាធិបតេយ្យធ្វើជាលេស ។

      ក្នុងពេលដំណាលគ្នានេះ  “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”លើកទីបីដែលរៀបចំដោយកូរ៉េខាងត្បូងដែលបានម៉ៅការពីអាមេរិក បានបិទបញ្ចប់ដោយស្ងៀមស្ងាត់ ។ ពីការបង្កើតឡើងដោយក្ដែងៗនៅកាលពីមុន ដល់គ្មានអ្នកណាចាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះ និន្នាការអភិវឌ្ឍន៍របស់អ្វីដែលហៅថា“កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”ដែលរៀបចំដោយអាមេរិក បានឆ្លុះបញ្ចាំងពីការបាត់បង់ទំនុកចិត្តរបស់ប្រជាធិបតេយ្យបែបអាមេរិកហ្នឹងឯង ។

      ក្នុងកែវភ្នែករបស់ប្រជាជនលោកខាងលិចមួយចំនួន ប្រជាធិបតេយ្យជា “ប៉ាតង់”របស់ពួកគេ ប្រជាធិបតេយ្យបែបលោកខាងលិចបានតំណាងឱ្យសមិទ្ធផលដ៏ឆ្នើមបំផុតរបស់អរិយធម៌នយោបាយរបស់មនុស្សជាតិ បណ្តាប្រទេសនានានៅលើពិភពលោកត្រូវរៀនសូត្រតាម ។ ប៉ុន្តែការពិតជាក់ស្តែងមានសភាពយ៉ាងម៉េច ?

      សូមយកអាមេរិកដែលត្រូវគេហៅថាជា  “ប៉មប្រជាធិបតេយ្យ”ជាឧទាហរណ៍ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសមហាអំណាចមួយនេះបានកើតមានបាតុភាពច្របូកច្របល់ខាងប្រជាធិបតេយ្យជាបន្តបន្ទាប់ ។ ក្នុងស្រុក សិទ្ធិនិងផលប្រយោជន៍របស់ជនជាតិភាគតិចរងការគាបសង្កត់ ការបោះឆ្នោតប្រជាធិបេតយ្យត្រូវលូកលាន់ចូលដោយផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មូលធននិងអ្នកនយោបាយ  “ព្រឹត្តិការណ៍ចលាចលនៅវិមានរដ្ឋសភា”ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅក្រៅប្រទេស អាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងបង្កការបដិបក្ខគ្នាជាក្រុមដោយយក"ប្រជាធិបតេយ្យ”ធ្វើជាលេស។ទង្វើដែលប្រកបដោយប្រជាធិបតេយ្យក្លែងក្លាយនិងអនុត្តរភាពពិតប្រាកដបែបនេះ បាននាំមកនូវការប៉ះទង្គិចនិងសង្គ្រាមរ៉ាំរ៉ៃដល់ពិភពលោក ។

      ក្នុងបរិបទបែបនេះ ការពិគ្រោះពិភាក្សាអំពីប្រជាធិបតេយ្យរបស់ឥស្សរជនមានការយល់ដឹងខ្ពស់នៃបណ្តាប្រទេសនានាក្នុងវេទិកានៅក្រុងប៉េកាំងលើកនេះ កាន់តែមានសារសំខាន់ទៅទៀត ។

      ក្នុងរយៈពេលជាយូរមកហើយ ក្នុងផ្ទៃអន្តរជាតិ មានបាតុភូតម្យ៉ាង ៖ប្រទេសដែលធ្វើត្រាប់តាមឬត្រូវរងការបង្ខិតបង្ខំដោយសារប្រព័ន្ធប្រជាធិបតេយ្យលោកខាងលិចទាំងនោះតែងតែធ្លាក់ខ្លួនក្នុងភាពច្របូកច្របល់ខាងនយោបាយនិងភាពជាប់គាំងក្នុងការអភិវឌ្ឍ ។ការបោះឆ្នោតដោយប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិចមួយចំនួន បានក្លាយជាហ្គេមរបស់អ្នកនយោបាយនិងមូលធន ប្រជាជនបានចាញ់បោកដោយសារ “សែកស្អុយ”ម្តងហើយម្តងទៀត គោលនយោបាយរបស់ប្រទេសជាតិក៏បានធ្វើផ្ទុយពីផលប្រយោជន៍របស់សង្គមនិងប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃដែរ ។ ប្រការនេះធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗគិតពិចារណាថា ៖ តើការអភិវឌ្ឍប្រជាធិបតេយ្យគឺដើម្បីអ្វី ?

      ក្នុងវេទិកាលើកនេះ ភ្ញៀវកិត្តិយសជាច្រើនបានទទួលស្គាល់និងកោតសរសើរចំពោះប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរទាំងមូលរបស់ប្រទេសចិន ដែល“តម្កល់ទុកប្រជាជនជាស្នូល” ហើយសម្គាល់ឃើញថា នេះជារូបមន្តប្រជាធិបតេយ្យដែលអាចតំណាងឱ្យផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន និងអាចបំពេញតាមតម្រូវការអភិវឌ្ឍន៍របស់ប្រជាជន ។

      ប្រជាធិបតេយ្យមិនមែនជាប៉ាតង់របស់អ្នកណាទេ  ប្រជាធិបតេយ្យត្រូវមានភាពសម្បូរបែប ប្រជាធិបតេយ្យមិនត្រូវក្លាយជាអាវុធក្នុងការធ្វើបដិបក្ខគ្នាទេ ការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ត្រូវរៀបចំក្រឹត្យក្រមកាន់តែមានប្រជាធិបតេយ្យ ។ល។ “គំនិតឯកភាពរួមអំពីប្រជាធិបតេយ្យ”មកពីក្រុងប៉េកាំងទាំងនេះ នាំមកនូវការបំផុសគំនិតថ្មីដល់សហគមន៍អន្តរជាតិក្នុងការយល់ដឹងនិងឈ្វេងយល់ពីប្រជាធិបតេយ្យឱ្យបានល្អ  ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស