“ពីខ្លាឃ្មុំផានដាចិនដល់ពន្ធគយ ប្រធានបទពិភាក្សាទាំងអស់សុទ្ធតែត្រូវបានដាក់លើតុចរចាសម្រាប់ឱ្យរដ្ឋមន្ត្រីការបរទេសចិននិងអូស្ត្រាលីពិភាក្សាយ៉ាងស្មោះត្រង់ ។ ”ទីភ្នាក់ងារសារព័ត៌មានចម្រុះអួស្ត្រាលី(AAP)បានវាយតម្លៃកិច្ចសន្ទនាផ្នែកការទូតនិងយុទ្ធសាស្ត្រចិន-អូស្ត្រាលីជុំទី៧ដូចពោលខាងលើនេះ ។ ប្រការនេះបានបញ្ជាក់ពីមួយផ្នែកថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីត្រូវបានកែសម្រួលនិងទទួលការអភិវឌ្ឍជាបន្តបន្ទាប់ ។ ដំណើរទស្សនកិច្ចរបស់លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិននៅប្រទេសអូស្ត្រាលីនៅខែមីនានេះក៏ត្រូវបានមជ្ឈដ្ឋានខាងក្រៅយល់ឃើញថា នឹងជំរុញឱ្យទំនាក់ទំនងរវាងចិននិងអូស្ត្រាលី “ស្តារឡើងវិញ”ថែមមួយកម្រិតទៀតដែរ ។
ឆ្នាំ២០២៤នេះជាខួបទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលី ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីមានភាពបម្រែបម្រួលយ៉ាងខ្លាំង មូលហេតុសំខាន់គឺដោយសារអតីតរដ្ឋាភិបាលអូស្ត្រាលីបានអនុវត្តគោលនយោបាយដ៏ខុសឆ្គងចំពោះប្រទេសចិន ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអូស្ត្រាលីធ្លាក់ចុះចាប់ពីឆ្នាំ២០១៨មក ។ បន្ទាប់ពីរដ្ឋាភិបាលគណបក្សការងារអូស្ត្រាលីនាពេលបច្ចុប្បន្នកាន់អំណាចកាលពីខែឧសភាឆ្នាំ២០២២ បានកែតម្រូវគោលនយោបាយចំពោះប្រទេសចិនជាថ្មីឡើងវិញ ហើយទំនាក់ទំនងរវាងចិននិងអូស្ត្រាលីចាប់ផ្តើមមានបម្រែបម្រួលល្អ ។ កាលពីខែវិចិ្ឆកាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីក្នុងអំឡុងពេលលោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំប្រទេស G២០ ដែលបានឈានដល់គំនិតឯកភាពរួមខាងនយោបាយដ៏សំខាន់អំពីការពន្លឿនការកែលម្អទំនាក់ទំនងទ្វេភាគី ។
ប្រព័ន្ធសារព័ត៌មានអូស្ត្រាលីបានផ្សាយដំណឹងថា ដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់លោក Wang Yi លើកនេះ ជាតម្រុយថ្មីបំផុតនៃការឡើងកម្តៅវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ទាប់ពីឆ្លងកាត់សភាពជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅអូស្ត្រាលី ភាគីទាំងពីរបានរៀបចំធ្វើកិច្ចសន្ទនានិងពិធីសំណេះសំណាលជាច្រើនលើក ។ ភាគីចិនលើកឡើងថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីបានវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ហើយបំណាច់ជាបែបនេះ ក៏ត្រូវវិវឌ្ឍរីកមច្រើនទៅមុខយ៉ាងមុតមាំ ដោយគ្មានការស្ទាក់ស្ទើរ និងមិនដើរថយក្រោយដែរ ។
ឥស្សរជនអ្នកវិភាគលើកឡើងថា បើចង់ធ្វើឱ្យទំនាក់ទំនងរវាងចិននិងអូស្ត្រាលីមិនដើរថយក្រោយ នោះត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងលើបីចំណុច៖
មុនដំបូង ត្រូវគោរពគ្នាទៅវិញទៅមក និងគ្រប់គ្រងការខ្វែងគំនិតដោយវៃឆ្លាត ។ ជាពិសេស គឺភាគីអូស្ត្រាលីគួរតែគោរពផលប្រយោជន៍ជាស្នូលរបស់ចិននិងបញ្ហាធំនិងសំខាន់ដែលប្រទេសចិនយកចិត្តទុកដាក់ ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីចិនបានអធិប្បាយអំពីគោលជំហរជាគោលការណ៍លើបញ្ហាតំបន់តៃវ៉ាន់ តំបន់ហុងកុង ភូមិភាគស្វយ័តស៊ីនជាំង ភូមិភាគស្វយ័ត Xizang និងតំបន់សមុទ្រចិនខាងត្បូងជាដើម ។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានគូសបញ្ជាក់ថា ភាគីអូស្ត្រាលីបានអនុវត្តគោលនយោបាយប្រទេសចិនតែមួយជាប់រហូតមក នេះជាគំនិតឯកភាពរួមនៃបក្សទាំងពីររបស់អូស្ត្រាលី ហើយនឹងបន្តប្រកាន់ខ្ជាប់ទៅទៀត ។
ក្រៅពីនេះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូស្ត្រាលីក៏ត្រូវមានភាពឯករាជ្យនិងម្ចាស់ការ ។ អូស្ត្រាលីជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងជាដៃគូរបស់ចិន ហើយក៏កាន់តែជាប្រទេសដែលមានអធិបតេយ្យភាពមួយដែរ ។ ភាគីចិនគូសបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូស្ត្រាលីមិនត្រូវសំដៅចំពោះភាគីទីបីទេ ហើយក៏មិនត្រូវរងផលប៉ះពាល់ឬការរំខានពីភាគីទីបីដែរ ។ ការលើកឡើងបែបនេះត្រូវឥស្សរជនអ្នកវិភាគចាត់ទុកថា ជា “ដំបូន្មានដ៏ស្មោះត្រង់”ចំពោះភាគីអូស្ត្រាលី ។
ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូស្ត្រាលី កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាកម្លាំងជំរុញដ៏សកម្មបំផុតនិងរស់រវើកបំផុត ។ ប្រទេសចិនបានកាន់ឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អូស្ត្រាលីក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ចិនជាគោលដៅនាំចេញធំទីមួយរបស់អូស្ត្រាលី ហើយក៏ជាប្រទេសប្រភពនាំចូលធំទីមួយដែរ ។ ទន្ទឹមនឹងការកែសម្រួលនៃទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ ពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលីនឹងកាន់តែមានភាពរលូន ។
ចិននិងអូស្ត្រាលីសុទ្ធតែជាប្រទេសដ៏សំខាន់នៅអាស៊ីប៉ាស៊ីហ្វិក ដែលគ្មានគំនុំប្រវត្តិសាស្ត្រនិងការប៉ះទង្គិចខាងផលប្រយោជន៍ជាមូលដ្ឋាន ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលការអភិវឌ្ឍជាថ្មីឡើងវិញ ក៏ត្រូវឆ្ពោះទៅមុខជារៀងរហូត ។ ប្រការនេះគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាការរំពឹងទុកជាទូទៅរបស់ប្រទេសក្នុងតំបន់ដែរ ៕