ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Huning ប្រធានគណៈកម្មាធិការនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយគណៈប្រតិភូគណបក្សពលករកូរ៉េខាងជើង និងគណៈប្រតិភូសមាជិកសភាអង់គ្លេសមកពីគណបក្សទាំងពីរ
2024-03-22 15:32:24cri
Share with:

កាលពីថ្ងៃទី ២១ ខែមីនា នៅក្រុងប៉េកាំង លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក គីម ស៊ុងណាំ សមាជិកជំនួសនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងជារដ្ឋមន្ត្រីក្រសួងកិច្ចការអន្តរជាតិកូរ៉េខាងជើង និងគណៈប្រតិភូសមាជិកសភាអង់គ្លេសមកពីគណបក្សអភិរក្សនិងគណបក្សពលករ ដែលចូលរួមកិច្ចសន្ទនារវាងគណបក្សនយោបាយចិន-អង់គ្លេសលើកទី ១២ នៅប្រទេសចិន។

នៅពេលជួបជាមួយគណៈប្រតិភូគណបក្សពលករកូរ៉េខាងជើង លោក Wang Huning បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងរួមគ្នាបង្កបរិយាកាសខាងក្រៅប្រកបដោយសន្តិភាព និងស្ថិរភាព។ លោក  គីម ស៊ុងណាំ  បានថ្លែងថា "ឆ្នាំមិត្តភាពកូរ៉េខាងជើង-ចិនឆ្នាំ ២០២៤" នឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើគ្រប់វិស័យ និងជំរុញបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍកាន់តែខ្លាំង ។

នៅពេលជួបជាមួយគណៈប្រតិភូសមាជិកសភាអង់គ្លេសមកពីគណបក្សទាំងពីរ លោក Wang Huning បានថ្លែងថា បក្សកុម្មុយនីស្តចិនមានឆន្ទៈបន្តរក្សាការផ្លាស់ប្តូរតាមទម្រង់ផ្សេងៗជាមួយគណបក្សអភិរក្សនិងគណបក្សពលករអង់គ្លេសជាដើម ដើម្បីបង្កបរិយាកាសនយោបាយដ៏ល្អសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោក Lidington ប្រធានសមាគមអង់គ្លេស-ចិននៃប្រទេសអង់គ្លេសបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះ បានបង្កើនការយល់ដឹងអំពីការអភិវឌ្ឍរបស់ប្រទេសចិន លោកមានឆន្ទៈក្នុងការជំរុញឱ្យពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស