ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសស៊ូដង់សម្រេចការឈប់បាញ់ក្នុងអំឡុងបុណ្យរ៉ាម៉ាដានឱ្យបានឆាប់ៗ
2024-03-21 14:23:34cri
Share with:

កាលពីថ្ងៃទី២០ ខែមីនា លោក Dai Bing តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីជម្លោះក្នុងប្រទេសស៊ូដង់អនុវត្តការទាមទារនៃសេចក្តីសម្រេចចិត្តលេខ ២៧២៤ របស់ក្រុមប្រឹក្សាសន្តិសុខដើម្បីសម្រេចបានបទឈប់បាញ់ក្នុងអំឡុងបុណ្យរ៉ាម៉ាដានឱ្យបានឆាប់ៗ ជៀសវាងករណីជនស៊ីវិលស្លាប់និងរងរបួសតាមដែលអាចធ្វើទៅបាន និងទប់ស្កាត់កុំឱ្យការប៉ះទង្គិចរីករាលដាលទៅដល់ប្រទេសជិតខាង។

ថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាស្បៀងអាហាររបស់ប្រទេសស៊ូដង់ លោក Dai Bing បានលើកឡើងថា ជម្លោះនៅស៊ូដង់នៅតែបន្តអូសបន្លាយ ស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន ប្រជាជន១៨លាននាក់រងភាពអត់ឃ្លាន ហើយបញ្ហាសន្តិសុខស្បៀងមានភាពលេចធ្លោក្នុងតំបន់ជាច្រើន។ ប្រទេសចិនអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងស៊ូដង់បន្តធានាដល់ការអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅកាន់ស៊ូដង់ដោយឆាប់រហ័ស មានសុវត្ថិភាព និងមិនត្រូវបានរារាំង ។

លោក Dai Bing បន្តថា នៅពេលអនុវត្តការងារសង្គ្រោះមនុស្សធម៌ ត្រូវតែចាត់ទុកការជួយសង្គ្រោះអាយុជីវិត និងការជួយសង្គ្រោះប្រជាជនដែលត្រូវការជំនួយជាបន្ទាន់ជាគោលដៅចម្បង មិនត្រូវធ្វើឱ្យបញ្ហាមនុស្សធម៌ទៅជាបញ្ហានយោបាយឡើយ។ សោកនាដកម្មនៅស៊ូដង់ជាបញ្ហាដែលក្រុមប្រឹក្សាសន្តិសុខគួរគិតពិចារណាឡើងវិញឱ្យបានស៊ីជម្រៅ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស