ពេលថ្លែងអំពីសេដ្ឋកិច្ចចិននាពេលថ្មីៗកន្លងទៅនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង PlymouthRock របស់អាមេរិកបានលើកឡើងថា " វិស័យសុខាភិបាលរបស់ប្រទេសចិននឹងរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ឆ្នាំដល់ ១០ ឆ្នាំខាងមុខនេះ ដូច្នេះ សហគ្រាសនៃបណ្តាប្រទេសនានាកំពុងបង្កើនការវិនិយោគទុនក្នុងវិស័យនេះ ។ មួយរយៈពេលកន្លងទៅនេះ សហគ្រាសបរទេសជាច្រើនបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចជំនួសបានទេ ហើយពួកគេមានសុទិដ្ឋិនិយមចំពោះនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ។
បើមើលពីការប្រើប្រាស់អាចឃើញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ៥,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលឆ្លុះបញ្ចាំងថា កម្លាំងចលករនៃការប្រើប្រាស់បានកើនឡើងថែមមួយកម្រិតទៀត ។ តាមការឧទ្ទេសនាមនៃស្ថាប័នពាក់ព័ន្ធរបស់ចិនឱ្យដឹងថា ទន្ទឹមនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ការធ្វើបច្ចុប្បន្នភាពគ្រឿងបរិក្ខារនឹងនាំមកនូវទីផ្សារដ៏ធំធេងមួយដែលមានទំហំក្នុងមួយឆ្នាំលើសពី ៥ ទ្រីលានយាន់ប្រាក់ចិន ។
នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីបានក្លាយជាពាក្យគន្លឹះនៃសេដ្ឋកិច្ចចិន ។ របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០២៤ ក៏បានតម្កល់ទុក"ការជំរុញយ៉ាងខ្លាំងក្លានូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី"ជាភារកិច្ចចម្បងផងដែរ ។
ដោយសារតែការទាក់ទាញនៃបរិយាកាសច្នៃប្រឌិតថ្មីរបស់ប្រទេសចិន បានជាសហគ្រាសបរទេសជាច្រើនបាននិងកំពុងប្រកបអាជីវកម្មនិងបណ្តាក់ទុននៅប្រទេសចិន ។ ក្នុងខែមករាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសទុនបរទេសថ្មីចំនួន ៤៥៨៨ សហគ្រាសដែលកើនឡើង ៧៤,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ការវិនិយោគនៅប្រទេសចិនរបស់ប្រទេសអភិវឌ្ឍន៍លោកខាងលិចបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ប្រទេសបារាំងនិងស៊ុយអែតបានកើនឡើង ២៥ ដងនិង ១១ ដងដោយឡែកពីគ្នា ។
ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង ៨,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលសុទ្ធតែសម្រេចបាននូវកំណើនវិជ្ជមាន ។
ការពិតជាក់ស្តែងបានបញ្ជាក់ថា កត្តាដែលទ្រទ្រង់សម្រាប់សេដ្ឋកិច្ចចិនក្នុងការសម្រេចបាននូវនិន្នាការងើបឡើងវិញប្រកបដោយភាពល្អប្រសើរនឹងកាន់តែច្រើនឡើងៗ ។ បច្ចុប្បន្ននេះ ភាពមិនប្រាកដប្រជានិងអស្ថិរភាពពីខាងក្រៅដែលចិនបាននិងកំពុងប្រឈម គឺ មានច្រើនណាស់ ហើយមូលដ្ឋានគ្រឹះសម្រាប់ការគាំទ្រសេដ្ឋកិច្ចចិនឱ្យសម្រេចបាននូវនិន្នាការងើបឡើងវិញប្រកបដោយភាពល្អប្រសើរក៏ត្រូវពង្រឹងថែមទៀត ។ យ៉ាងណាមិញ ស្របពេលដែលកត្តាមានអំណោយផលគ្រប់បែបយ៉ាងបានកើនឡើងជាបន្តបន្ទាប់ សេដ្ឋកិច្ចចិនមានសមត្ថភាពសម្រេចបាននូវគោលដៅពេញមួយឆ្នាំតាមរយៈការតស៊ូព្យាយាម ហើយក៏នឹងនាំមកនូវភាពកក់ក្ដៅដល់សេដ្ឋកិច្ចពិភពលោកផងដែរ ៕