នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមកិច្ចសន្ទនាការទូតជាយុទ្ធសាស្ត្ររវាងចិននិងអូស្ត្រាលីជុំទី៧ជាមួយលោកស្រីPenny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅទីក្រុងកង់បេរ៉ា អូស្ត្រាលី។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសអូស្ត្រាលីលើកនេះ គឺចំពេលជាមួយនឹងខួបទី ១០ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយភាពជោគជ័យរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសអូស្ត្រាលី និងការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលី ។ ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់សម្រាប់បន្តវេនអតីតកាល និងត្រួសត្រាយអនាគតកាល។ ដោយផ្អែកលើមូលដ្ឋាននៃនិន្នាការដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន យើងគួរតែ "រួមសហការគ្នាដើម្បីត្រួសត្រាយអនាគតថ្មី" ហើយប្រកាន់យកអាកប្បកិរិយាកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយភាពចាស់ទុំ ស្ថិរភាព និងប្រកបដោយលទ្ធផលជាផ្លែផ្កា។
លោក Wang Yi បានបន្តថា ប្រទេសចិនមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីឡើយ ហើយគោរពប្រព័ន្ធរបបនិងផ្លូវអភិវឌ្ឍន៍ដែលអូស្ត្រាលីជ្រើសរើស។ ដូចគ្នានេះដែរ ទាក់ទងនឹងអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងកង្វល់ស្របច្បាប់របស់ចិន យើងសង្ឃឹមថា អូស្ត្រាលីនឹងបន្តគោរពតាមពាក្យសន្យាដែលខ្លួនបានធ្វើចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ដោយផ្តល់នូវការគោរពនិងដោះស្រាយឱ្យបានត្រឹមត្រូវ៕