ថ្ងៃទី១៨ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនលោកPutin ដើម្បីអបអរសាទរចំពោះលោកដែលបានជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី។
លោក Xi Jinping បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនរុស្ស៊ីបានរួមសាមគ្គីគ្នា ពុះពារបញ្ហាប្រឈម ដើរឆ្ពោះទៅមុខដោយភាពនឹងនរតាមផ្លូវអភិវឌ្ឍន៍និងស្តារប្រទេសជាតិ ។ ការដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីជាម្តងទៀតបានបង្ហាញយ៉ាងពេញលេញនូវការគាំទ្ររបស់ប្រជាជនរុស្ស៊ីចំពោះរូបលោក ។ ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ប្រទេសរុស្ស៊ីមុខជានឹងអាចទទួលបានសមិទ្ធផលកាន់តែធំខាងការអភិវឌ្ឍនិងការកសាងប្រទេសជាតិជាមិនខាន។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយប្រទេសរុស្ស៊ីរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ល្អប្រសើរ នឹងនរនិងស៊ីជម្រៅ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងពីរ៕