ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការធ្វើសង្គ្រាមពន្ធគយមិនអំណោយផលដល់ប្រទេសចិន មិនអំណោយផលដល់សហរដ្ឋអាមេរិក ហើយក៏មិនអំណោយផលដល់ពិភពលោកដែរ
2024-03-18 08:50:42cri
Share with:

លោកត្រាំ អតីតប្រធានាធិបតីអាមេរិកបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវេបសាយប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិកCNBCនាពេលថ្មីៗកន្លងទៅនេះថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នោះ លោកមានផែនការតម្លើងពន្ធគយ៦០ភាគរយលើផលិតផលទំនិញរបស់ចិនទាំងអស់ ហើយលោកមិនខ្វល់ពីការដែលភាគីចិនប្រហែលនឹងចាត់វិធានការតបតវិញដោយតម្លើងពន្ធគយលើទំនិញអាមេរិកនោះទេ ។ ពាក្យសម្តីបែបនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ទាក់ទិននឹងករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ការធ្វើសង្គ្រាមពន្ធគយនិងពាណិជ្ជកម្មគឺមិនអំណោយផលដល់ប្រទេសចិន មិនអំណោយផលដល់សហរដ្ឋអាមេរិក ហើយក៏មិនអំណោយផលដល់ពិភពលោកផងដែរ ។ 

ក្នុងអាណត្តិកាលមុនរបស់លោកត្រាំ(ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១) លោកបានអនុវត្តគោលនយោបាយពន្ធគយច្រើនបែបយ៉ាងចំពោះភាគីជាច្រើនដូចជាចិន ម៉ិកស៊ិកនិងសហភាពអឺរ៉ុបជាដើម ជាពិសេសគឺប្រមូលយកពន្ធគយចំនួន២៥ភាគរយលើផលិតផលអាលុយមីញ៉ូមនិងដែក ។ ទោះបីជាបន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិកឡើងកាន់មុខតំណែង ក៏បានបន្តអនុវត្តក្នុងកម្រិតយ៉ាងខ្លាំងនូវគោលនយោបាយពន្ធគយរបស់រដ្ឋាភិបាលលោកត្រាំដែលសំដៅចំពោះចិនដែរ ។ ពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិកCNBC លោកត្រាំក៏បានលើកឡើងជាពិសេសពីអាជីវកម្មរថយន្តរបស់ចិន ដោយអះអាងថា នេះហើយក៏ជាគោលដៅនៃការអនុវត្តគោលនយោបាយពន្ធគយរបស់លោកនៅពេលអនាគតដែរ ។

អំពីពាក្យសម្តីរបស់លោកត្រាំ មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតបានត្អូញត្អែរលើបណ្តាញទំនាក់ទំនងសង្គមថា ប្រការនេះនឹងជាគ្រោះមហន្តរាយមួយលើក ពីព្រោះកាលពីមុននេះក៏ជាគោលនយោបាយបរាជ័យមួយដែរ ហេតុអ្វីបានជាលោកយល់ឃើញថា ឥឡូវនេះគឺជាដំណោះស្រាយល្អហ្នឹង? នៅមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទៀតបញ្ចេញមតិថា លោកនៅមិនទាន់ដឹងច្បាស់ថា តើអ្នកណាកំពុងបង់តម្លៃសម្រាប់ពន្ធគយទេ គឺសហរដ្ឋអាមេរិកហ្នឹងឯង!

នៅឆ្នាំ២០២៣ តាមការផ្សាយដំណឹងនៃវេបសាយ Fox News របស់អាមេរិកឱ្យដឹងថា លោកត្រាំនិងក្រុមឃោសនារកសំឡេងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤របស់លោកក៏ធ្លាប់ដាក់ចេញអ្វីដែលហៅថា គោលនយោបាយពាណិជ្ជកម្មស្តីពី សហរដ្ឋអាមេរិកជាអាទិភាព ដោយប្រកាសថា ប្រមូលពន្ធគយចំពោះប្រទេសចិន ដើម្បីកសាងសហរដ្ឋអាមេរិក ។ ចំណុចសំខាន់នៃគោលនយោបាយនេះគឺផ្តល់រង្វាន់ដល់ ទំនិញដែលផលិតដោយអាមេរិក ព្រមពេលជាមួយគ្នានេះ ក៏ប្រមូលពន្ធគយចំពោះទំនិញដែលនាំចូលពីប្រទេសចិនដែរ ។ ប៉ុន្តែសុន្ទរកថានេះត្រូវគេទាត់ចោលភ្លាមៗ ។ វេបសាយព័ត៌មានអាមេរិក Raw Story បានផ្សាយដំណឹងឱ្យដឹងថា លោកត្រាំបាននិយាយភូតកុហកម្តងទៀត ពីព្រោះពន្ធគយទាំងនេះគឺបង់ដោយពាណិជ្ជករនាំចូលរបស់អាមេរិក តែមិនមែនប្រទេសចិនទេ ព្រមទាំងបានធ្វើឱ្យអ្នកប្រើប្រាស់អាមេរិករងការខាតបង់ផងដែរ ។

ចាប់ពីការបោះឆ្នោតបឋមនៃបក្សទាំងពីរ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំនេះមក ពេលប្រព័ន្ធសារព័ត៌មានសួរអំពីជម្រើសបោះឆ្នោតរបស់អ្នកបោះឆ្នោតមួយចំនួន ពួកគេតែងតែលើកឡើងដល់បញ្ហាអត្តចរិតរបស់លោកត្រាំ ។ ក្នុងចំណោមអ្នកបោះឆ្នោតដែលប្រឆាំងនឹងលោកត្រាំ មនុស្សមួយចំនួនយល់ឃើញថា ឆ្កួតពេកនិងអាត្មានិយម ហើយមិនពេញចិត្តនឹងគោលនយោបាយអំពីជនអន្តោប្រវេសន៍របស់គាត់ ។ 

ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកមានភាពអាប់អួរ ពោលគឺចាប់ផ្តើមពីលោកត្រាំកាន់អាកប្បកិរិយារឹងចចេសចំពោះប្រទេសចិននិងបំផុស សង្គ្រាមពាណិជ្ជកម្មជាដើមបន្ទាប់ពីលោកឡើងកាន់មុខតំណែងកាលពីឆ្នាំ២០១៧ ។ ពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិកគឺពាក់ព័ន្ធដល់សុខសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ពាក់ព័ន្ធដល់អនាគតនៃមនុស្សជាតិនិងពិភពលោកដែរ ។ បញ្ហាប្រឈមរបស់សហរដ្ឋអាមេរិកគឺស្ថិតនៅលើខ្លួនឯង មិនមែនស្ថិតនៅលើប្រទេសចិនឡើយ។ ប្រសិនបើគ្រាន់តែចង់ដាក់សម្ពាធទៅលើប្រទេសចិន នោះ ចុងក្រោយមុខជានឹងធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងជាមិនខាន ។ ប្រសិនបើសហរដ្ឋអាមេរិកគ្រាន់តែចង់ឱ្យខ្លួនឯងរក្សាតែវិបុលភាពប៉ុណ្ណោះ តែមិនអនុញ្ញាតឱ្យប្រទេសដទៃទៀតទទួលការអភិវឌ្ឍជាប្រក្រតី នោះ សច្ចធម៌អន្តរជាតិនៅឯណា?ប្រសិនបើសហរដ្ឋអាមេរិកទទូចផ្តាច់មុខដណ្ដើមយកទីខ្ពស់នៃខ្សែសង្វាក់តម្លៃ ចង់ឱ្យប្រទេសចិនស្ថិតក្នុងទីទាប នោះការប្រកួតប្រជែងដោយយុត្តិធម៌នៅឯណា?

បច្ចុប្បន្ននេះ និម្មាបនកម្មពិភពលោកកំពុងប្រែប្រួលយ៉ាងស៊ីជម្រៅ សង្គមមនុស្សជាតិបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ។ ចិននិងអាមេរិកពួតដៃគ្នារីកចម្រើនទៅមុខជាមួយគ្នាវាអាចសម្រេចបាននូវរឿងធំៗជាច្រើនដែលមានអំណោយផលដល់ប្រទេសទាំងពីរនិងពិភពលោក ។ រំពឹងថា ភាគីអាមេរិកអាចប្រើក្រសែចក្ខុប្រកបដោយសត្យានុម័តនិងវិចារណញ្ញាណចំពោះការអភិវឌ្ឍរបស់ចិន ធ្វើកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងយ៉ាងសកម្មនិងប្រាកដប្រជា ដើម្បីរួមជាមួយភាគីចិនជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាព ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស