ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingជួបសន្ទនាជាមួយលោកJoão Manuel Gonçalves Lourençoប្រធានាធិបតីអង់កូឡា
2024-03-16 10:48:31cri
Share with:

រសៀលថ្ងៃទី១៥ ខែមីនា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកJoão Manuel Gonçalves Lourençoប្រធានាធិបតីអង់កូឡាដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង។ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា នឹងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសចិននិងអង់កូឡាទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២៣ ប្រទេសចិននិងអង់កូឡាបានរួមគ្នាអបអរសាទរខួប៤០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូត។ទំនាក់ទំនងរវាងប្រទេសចិននិងអង់កូឡាបានឆ្លងកាត់បម្រែបម្រួលអន្តរជាតិនិងការសាកល្បង ហើយផ្តល់ផលប្រយោជន៍ប្រាកដប្រជាដល់ប្រជាជននៃប្រទេសទាំងពីរ។ប្រឈមមុខនឹងពិភពលោកដែលភាពច្របូកច្របល់និងបម្រែបម្រួលប្រភាក់ប្រឡាគ្នានាពេលបច្ចុប្បន្ន ភាគីទាំងពីរត្រូវតែបន្តមិត្តភាពប្រពៃណី បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម។ភាគីចិនរីករាយរួមជាមួយភាគីអង់កូឡាក្នុងការបង្កើនការផ្លាស់ប្តូរបទពិសោធន៍អំពីអភិបាលកិច្ច លើកកម្ពស់កម្រិតទំនាក់ទំនងភាពជាយុទ្ធសាស្ត្រទ្វេភាគី ដើម្បីចាប់ដៃរួមគ្នាជំរុញដំណើរទំនើបកម្មរបស់ប្រទេសរៀងៗខ្លួន។

ជាការឆ្លើយតប លោកLourençoបានលើកឡើងថា ការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនបានជំរុញយ៉ាងខ្លាំងនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អង់កូឡា ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ថ្ងៃនេះ យើងបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយប្រកាសបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ នេះបានបង្ហាញយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ភាគីអង់កូឡារំពឹងទុករួមសហការជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យទទួលបានសមិទ្ធផលកាន់តែច្រើនដោយឥតឈប់ឈរ។

បន្ទាប់ពីកិច្ចសន្ទនា ភាគីទាំងពីរបានចេញផ្សាយ«សេចក្តីថ្លែងការណ៍ចម្រុះស្តីពីការបង្កើតទំនាក់ទំនងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងសាធារណប្រជាមានិតចិននិងសាធារណរដ្ឋអង់កូឡា»៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស