ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើអាមេរិកបណ្តាក់ទុននៅហ្វីលីពីន គឺចង់ផ្តល់ជំនួយដោយស្មោះត្រង់ឬក៏មានល្បិចកលអីផ្សេងទៀត?
2024-03-14 14:48:05cri
Share with:

      ថ្ងៃទី១២ ខែមីនា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានប្រកាសនៅក្រុងម៉ានីល រដ្ឋធានីប្រទេសហ្វីលីពីនថា អាមេរិកនឹងផ្តល់ជំនួយដល់ហ្វីលីពីនក្នុងការបង្កើតរោងចក្រវត្ថុពាក់កណ្ដាលចម្លង(semiconductor)ឱ្យកើនឡើងទ្វេដង ដើម្បីចៀសវាងកុំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនៅលើពិភពលោកទាំងមូល“មានភាពប្រមូលផ្តុំពេក” ។ ពេលមុននេះ លោកស្រីធ្លាប់ប្រកាសថា ក្រុមហ៊ុនអាមេរិកនឹងបណ្តាក់ទុនជាង១ពាន់លានដុល្លារអាមេរិកនៅហ្វីលីពីន ។ តើនេះគឺចង់ផ្តល់ជំនួយដល់ហ្វីលីពីនដោយស្មោះត្រង់ឬក៏បង្កប់កលល្បិចអីផ្សេងទៀត ?

     ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការវិនិយោគរបស់អាមេរិកនៅហ្វីលីពីនមិនសូវច្រើនជាប់រហូតមក ទំហំទឹកប្រាក់វិនិយោគក្នុងមួយឆ្នាំបានរក្សានៅចំនួន១ពាន់លានដុល្លារអាមេរិក ។ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ហ្វីលីពីនបានបង្កើតឡើងនៅខែមិថុនាឆ្នាំ២០២២ អាមេរិកបានបង្កើនការអូសទាញចំពោះហ្វីលីពីនដើម្បីជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ប៉ុន្តែទំហំទឹកប្រាក់វិនិយោគមិនបានកើនឡើងទេ ។

       ពិតមែនតែលោកស្រី Gina Raimondo បានប្រកាសក្ដែងៗថា ក្រុមហ៊ុនអាមេរិកនឹងបណ្តាក់ទុននៅហ្វីលីពីន ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ពីសកម្មភាពលំអិតឡើយ ។ អ្នកវិភាគបានលើកឡើងថា បើគិតពីទង្វើរបស់អាមេរិកកាលពីមុនដែល “និយាយបានតែមាត់ និងគ្មានការអនុវត្តជាក់ស្តែង” តើអាមេរិកនឹងបន្ថែមការបណ្តាក់ទុននៅហ្វីលីពីនដល់កម្រិតយ៉ាងណា ពិតជាគួរឱ្យសង្ស័យណាស់ ។

      ក្រៅពីនេះសូមក្រឡេកទៅមើល “កម្លាំងទាក់ទាញការវិនិយោគ”របស់ហ្វីលីពីនដែលលោកស្រី Gina Raimondo បានឃោសនាទៅកាន់សហគ្រាសអាមេរិក ។ អនុលោមតាមទិន្នន័យផ្លូវការរបស់ហ្វីលីពីនឱ្យដឹងថា នៅឆ្នាំ២០២១និងឆ្នាំ២០២២ ទំហំទឹកប្រាក់សុទ្ធដែលបរទេសវិនិយោគនៅហ្វីលីពីនគឺ១១៩០០លានដុល្លារអាមេរិក និង៩២០០លានដុល្លារអាមេរិកដោយឡែកពីគ្នា។ ពីខែមករាដល់ខែតុលា ឆ្នាំ២០២៣ ទំហំទឹកប្រាក់សុទ្ធដែលបរទេសវិនិយោគនៅហ្វីលីពីនគឺ៦៥០០លានដុល្លារអាមេរិក បានធ្លាក់ចុះ១៧,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។ ពិតមែនតែដើមទុនកម្លាំងពលកម្មរបស់ហ្វីលីពីនទាបបង្គួរក៏ដោយ ក៏ប៉ុន្តែនៅតែឈាននៅលំដាប់នាំមុខគេក្នុងទ្វីបអាស៊ីទាំងមូលដដែល ។ គួបផ្សំទាំងបរិយាកាសអន្តរជាតិនិងគោលនយោបាយមានការប្រែប្រួលយ៉ាងឆាប់រហ័ស តើគោលដៅវិនិយោគរបស់អាមេរិកអាចសម្រេចបានឬអត់ នៅតែមិនច្បាស់លាស់ទេ ។

        ប្រការនេះអាចឃើញថា ពាក្យសន្យារបស់អាមេរិកស្តីពីការវិនិយោគនៅហ្វីលីពីន ហាក់ដូចជាបានគូររូប "នំដ៏ធំ"មួយ ។ នៅពីក្រោយនេះ តើអាមេរិកមានបំណងបែបណា ?

      ក្នុងនាមជាប្រទេសធំនៅក្រៅតំបន់  អាមេរិកអូសទាញហ្វីលីពីនលើវិស័យសេដ្ឋកិច្ច ថែមទាំងមានបំណងប៉ុនប៉ងខាងភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅ ពោលគឺចង់ប្រើប្រាស់ហ្វីលីពីនមកធ្វើបដិបក្ខជាមួយប្រទេសចិននិងប្រកួតប្រជែងជាមួយប្រទេសចិន ។ ឧទាហរណ៍ដូចជាក្នុងបញ្ហាសមុទ្រចិនខាងត្បូង អាមេរិកបានលូកដៃចូលកាន់តែជ្រៅទៅៗ ។

      មុននឹងលោកស្រី Gina Raimondo បំពេញទស្សនកិច្ចនៅហ្វីលីពីន ហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួន ដែលបានចាត់បញ្ជូននាវាឆ្មាំសមុទ្រ២គ្រឿងនិងនាវាដឹកជញ្ជូនសម្ភារៈ២គ្រឿង បំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'aiនៅសមុទ្រចិនខាងត្បូង ហើយមានចេតនាបំបុកនាវាឆ្មាំសមុទ្ររបស់ចិនដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅហ្វីលីពីន លោកស្រី Gina Raimondo បានឃោសនាបំប៉ោងថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ “មានភាពមុតមាំ” ប៉ុនប៉ងចាប់ចងហ្វីលីពីនឱ្យជាប់ទៅនឹង "រថពាសសង្គ្រាមអាស៊ីប៉ាស៊ីហ្វិក" របស់អាមេរិក ។

      និយាយចំពោះហ្វីលីពីនវិញ តើនៅតែមិនដឹងច្បាស់ពីគោលបំណងរបស់អាមេរិកទៀតមែនទេ ? គ្រាន់តែភាគីហ្វីលីពីនមានការត្រិះរិះពិចារណារបស់ខ្លួនឯង ដូច្នេះក៏ចង់សម្រេចបាននូវគំនិតមិនសមហេតុផលតាមរយៈអនុត្តរភាពរបស់អាមេរិក ដែលចង់ធ្វើឱ្យការបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'ai និងកោះHuang Yanមានភាពប្រក្រតី ព្រមទាំងចង់ចែករំលែកផលប្រយោជន៍មួយចំនួនពីមហិច្ឆតារបស់អាមេរិកដែលបានគាបសង្កត់ទៅលើអាជីវកម្មវត្ថុពាក់កណ្ដាលចម្លងរបស់ចិន ។ យ៉ាងណាមិញ ការលោភលន់ចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន  ៕

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស