ក្នុងអំឡុងពេលប្រទេសចិនបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិន លោក Song Weiqun អគ្គនាយករងនិងជាប្រធានតំបន់ចិននៃក្រុមហ៊ុនJohnson &Johnsonរបស់អាមេរិក បានថ្លែងថា “ប្រទេសចិនពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ បង្កបង្កើតបរិយាកាសគោលនយោបាយប្រកបដោយភាពនឹងនរ តម្លាភាពនិងអាចប៉ាន់ប្រមាណបាន ប្រការនេះបានលើកទឹកចិត្តដល់ពួកយើងយ៉ាងខ្លាំង។”
បើមើលពីក្របខ័ណ្ឌពិភពលោកទាំងមូលអាចឃើញថា បច្ចុប្បន្ននេះ ទ្រង់ទ្រាយទាក់ទាញប្រាក់ទុនមានភាពថយថមចុះជាទូទៅ ។ ដូច្នេះ ប្រទេសនានាសុទ្ធតែបានបង្កើនកម្លាំងនៃការទាក់ទាញពាណិជ្ជករនិងកៀរគរទុនបរទេស ។ តើប្រទេសចិននឹងទាក់ទាញនិងប្រើប្រាស់ទុនបរទេសតាមរបៀបយ៉ាងណា ? តើចិននឹងពង្រីកការបើកទូលាយថែមទៀតតាមរបៀបណា? របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានប្រើ “វិធីគណនា”ផលបូកនិងដកមួយចំនួន ដើម្បីផ្តល់ជាចម្លើយរបស់ខ្លួន ។
មុនដំបូង សូមមើល “វិធីបូក” ។ ពីការពង្រីកបញ្ជីឧស្សាហកម្មដែលលើកទឹកចិត្តឱ្យពាណិជ្ជករបរទេសវិនិយោគ ដល់ការបង្កើនការធានាសេវាកម្មវិនិយោគរបស់ពាណិជ្ជករបរទេស រហូតដល់ការលើកកម្ពស់ភាពងាយស្រួលដល់ជនបរទេសមកប្រកបការងារ បន្ដការសិក្សានិងធ្វើទេសចរ វិធានការសេវាកម្មមួយចំនួនដែលប្រកបដោយភាពកក់ក្តៅ និងភាពល្អិតល្អិនបានផ្តល់ភាពងាយស្រួលដល់ការទៅមករបស់ពាណិជ្ជករបរទេស ហើយក៏បានផ្តល់ការធានាដ៏សំខាន់ដល់ការចុះវិនិយោគនិងប្រកបអាជីពរបស់ពួកគេ ។
មានផល “បូក” ក៏មានផល “ដក”ដែរ ។ របាយការណ៍ការងារក៏បានលើកឡើងដែរថា នឹងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ និងលុបចោលទាំងអស់នូវវិធានការរឹតបន្ដឹងទុនបរទេសវិនិយោគក្នុងវិស័យកម្មន្តសាល បន្ធូរបន្ថយនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យចូលក្នុងមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម ។
ក្រៅពី “វិធីបូកនិងដក” ក្នុងចំណោមវិធានការសម្រាប់ទាក់ទាញទុនបរទេសរបស់ចិន ក៏មាន “សញ្ញាស្មើគ្នា”ដែរ ពោលគឺអនុវត្តឱ្យបានល្អនូវការផ្តល់ភាពអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេស ។ អ្នកជំនាញបានវិភាគថា វិធានការណ៍ទាំងនេះបានបង្ហាញពីភាពយុត្តិធម៌និងស្មើភាព ដែលបានបង្ហាញឱ្យឃើញនូវភាពស្មោះត្រង់របស់រដ្ឋាភិបាលចិនក្នុងការជួយសហគ្រាសទុនបរទេសដោះស្រាយបញ្ហាជាក់ស្តែង ក៏ដូចជាជំរុញការអនុវត្តគម្រោងទុនបរទេសផងដែរ ។
សូមបញ្ជាក់ថា ទុនបរទេសជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងទំនើបកម្មរបស់ចិន ។ ទិន្នន័យថ្មីបំផុតដែលរដ្ឋាភិបាលចិនបានប្រកាសបង្ហាញថា នៅខែមករាឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន១១២៧១០លានយាន់ប្រាក់ចិន ដែលបានកើនឡើង២០,៤ភាគរយបើប្រៀបធៀបនឹងខែមុន ។ ក្នុងបរិបទដែលការវិនិយោគនៅក្រៅប្រទេសលើពិភពលោកទាំងមូលមានភាពថមថយចុះជាទូទៅ មិនពិបាកឃើញថា ការជ្រើសរើសប្រទេសចិន ធ្វើឱ្យទុនបរទេសទទួលបានផលកម្រៃយ៉ាងច្រើនសម្បើម ។ ប្រការនេះធ្វើឱ្យពួកគេរក្សាបាននូវភាពសន្ទុះខ្លាំងក្លាចំពោះការវិនិយោគនៅប្រទេសចិន៕