ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី សេដ្ឋកិច្ចចិននឹងផ្តល់ឱកាសសហប្រតិបត្តិការកាន់តែច្រើន
2024-03-11 11:00:41cri
Share with:

    ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលបើកធ្វើជារៀងរាល់ឆ្នាំ របាយការណ៍ការងាររដ្ឋាភិបាលមិនត្រឹមតែជារបៀបវារៈសំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រធានបទចំណុចក្តៅមួយដែលទទួលបានការយកចិត្តទុកដាក់ខ្លាំងបំផុតពីប្រព័ន្ធសារព័ត៌មានបរទេសផងដែរ ។ ដោយឡែកនៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ នេះ មានពាក្យគន្លឹះមួយចំនួនដូចខាងក្រោមដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុតពីប្រព័ន្ធសារព័ត៌មានបរទេស ។

ពាក្យគន្លឹះទីមួយ គឺ "កម្លាំងផលិតកម្មគុណភាពថ្មី"

    របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ នេះបានលើកឡើងថា នឹងជំរុញយ៉ាងខ្លាំងក្លានូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។ នេះជាលើកទីមួយហើយដែលគោលគំនិតនៃកម្លាំងផលិតកម្មគុណភាពថ្មីត្រូវបានប្រើប្រាស់ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលបន្ទាប់ពីវាត្រូវបានលើកឡើងជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ ២០២៣ ។ ដូច្នេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះចំណុចនេះ ។

    វេបសាយនៃទស្សនាវដ្តី«Mordern Diplomacy»របស់អឺរ៉ុបបានចុះផ្សាយអត្ថបទថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងផ្តោតសំខាន់លើ"កម្លាំងផលិតកម្មគុណភាពថ្មី"ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping កាលពីខែកញ្ញា ឆ្នាំ ២០២៣ ។ នេះគឺជាគុណភាពនៃផលិតកម្មជឿនលឿនម្យ៉ាងដែលជំរុញដោយការច្នៃប្រឌិតថ្មី ហើយក៏ជាមូលដ្ឋានសម្រាប់ជំរុញការសម្រេចបាននូវការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការផងដែរ ។

    តាមការផ្សាយដំណឹងនៃវេបសាយ«Pakistan Today»បានឱ្យដឹងថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ ២០២៤ នឹងបង្ហាញទៅកាន់ពិភពលោកពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការអភិវឌ្ឍបៃតងរបស់ចិន ក៏ដូចជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចបែបថ្មីនិងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់សង្គមចិនផងដែរ ។

    នាពេលថ្មីៗកន្លងទៅនេះ វេបសាយ«Reporte Asia»របស់អាហ្សង់ទីនបានចុះផ្សាយអត្ថបទថា ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដែលនឹងជួយប្រទេសចិនឱ្យទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពក្នុងឧស្សាកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ។

    តាមការផ្សាយដំណឹងនៃវេបសាយព័ត៌មាន RAYHABER របស់តួកគីឱ្យដឹងថា ពីថាមពលថ្មី កុំព្យូទ័រ quantum ដល់មនុស្សយន្តខាងវិស័យឧស្សាហកម្ម ប្រទេសចិនសុទ្ធតែបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដ៏ខ្លាំងក្លាក្នុងឧស្សាកម្មជាយុទ្ធសាស្ត្រដែលងើបឡើងថ្មី ឧស្សាហកម្មសំដៅទៅរកអនាគតនិងការធ្វើទំនើបកម្មនៃឧស្សាហកម្មប្រពៃណីដែលបានបំពេញបន្ថែមនូវកម្លាំងចលករដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនប្រកបដោយនិរន្តរភាពនិងភាពល្អបរិសុទ្ធ ។

ពាក្យគន្លឹះទីពីរ គឺ ៥ ភាគរយ

    នាពេលបច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណចំពោះល្បឿនកំណើនជាសកលរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនសុទ្ធតែទាបជាង ៣ ភាគរយ ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ ប្រហែល ៥ ភាគរយដែលស្មើនឹងគោលដៅនៅឆ្នាំ ២០២៣ វាស្របតាមការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅ ហើយក៏បាននាំមកនូវសញ្ញាវិជ្ជមានដល់ពិភពលោកផងដែរ ។

    ឥស្សរជនអ្នកវិភាគបានលើកឡើងថា ការកំណត់កំណើន ៥ ភាគរយជាគោលដៅរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំនេះ គឺ ឆ្លងតាមរយៈការបញ្ជាក់តាមបែបវិទ្យាសាស្ត្រដែលសមស្របនឹងលក្ខខណ្ឌប្រចាំឆ្នាំនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ សមស្របជាមូលដ្ឋាននឹងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ពោលគឺ គោលដៅនេះអាចសម្រេចបានតាមការតស៊ូព្យាយាម ។

    គោលដៅបានកំណត់ច្បាស់លាស់ហើយ តើត្រូវអនុវត្តតាមរបៀបយ៉ាងណា ? រដ្ឋាភិបាលចិនបានរៀបចំចាត់ចែងការងារសំខាន់ៗចំនួន ១០ នៅឆ្នាំនេះ ក្នុងនោះបូករួមទាំងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចកសាងប្រព័ន្ធឧស្សាហកម្មទំនើប អនុវត្តឱ្យបានស៊ីជម្រៅនូវយុទ្ធសាស្រ្តស្តីពីការធ្វើឱ្យប្រទេសជាតិមានភាពចំរុងចំរើនតាមរយៈវិទ្យាសាស្រ្តនិងការអប់រំ ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុកនិងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ជាដើម ។ បើមើលពីផែនទីបង្ហាញផ្លូវទាំងនេះអាចឃើញថា ប្រព័ន្ធសារព័ត៌មានបរទេសមានការយល់ដឹងកាន់តែជាក់ស្តែងចំពោះ"ឱកាសចិន" ។

    តាមការផ្សាយដំណឹងរបស់វេបសាយនៃកាសែត«The Wall Street Journal»អាមេរិកឱ្យដឹងថា តួលេខ ៥ ភាគរយនេះ គឺ ខ្ពស់ជាងការប៉ាន់ប្រមាណកាលពីមុនរបស់គ្រឹះស្ថានអន្តរជាតិ ដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមដែលមានន័យថា ថ្នាក់ដឹកនាំរបស់ចិនមានជំនឿចិត្តក្នុងការជំរុញយ៉ាងសកម្មដល់ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ។

    តាមការផ្សាយដំណឹងនៃកាសែត«The Independent»របស់រុស្ស៊ីឱ្យដឹងថា គោលដៅកំណើនប្រចាំឆ្នាំនៃ GDP ចំនួន  ៥ ភាគរយគឺ មានន័យថា ប្រទេសចិននៅតែជាអង្គភាពសេដ្ឋកិច្ចសំខាន់ៗមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើទូទាំងពិភពលោកដដែល ។

ពាក្យគន្លឹះទីបី គឺ ការបើកទូលាយ

    ការបើកទូលាយគឺជាព័ត៌មានគន្លឹះមួយទៀតដែលមជ្ឈដ្ឋានខាងក្រៅមានការចាប់អារម្មណ៍ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិននៅឆ្នាំនេះ ។ ពីការបន្ធូរបន្ថយការអនុញ្ញាតឱ្យចូលទីផ្សារឧស្សាហកម្មសេវាកម្ម ដូចជា ទូរគមនាគមន៍និងសុខាភិបាលជាដើមដល់ការពង្រីកការលើកទឹកចិត្តឱ្យវិនិយោគិនបរទេសបណ្តាក់ទុនរហូតដល់ការអនុវត្តឱ្យបានប្រាកដប្រជានូវប្រតិបត្តិការ ៨ ចំណុចដើម្បីគាំទ្រការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ វិធានការស្តីពីការពង្រីកការបើកទូលាយជាច្រើនដែលបានកំណត់ក្នុងរបាយការណ៍នេះបានបង្កើនជំនឿចិត្តរបស់សហគ្រាសពហុជាតិ ។

    ក្នុងបរិបទដែលសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចមួយចំនួនបាននិងកំពុងបង្កើត"របងការពារ"និង"កាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់"នាពេលបច្ចុប្បន្ន ប្រទេសចិនបាននិងកំពុងពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះបរទេសជាបន្តបន្ទាប់ដែលបានបំពេញបន្ថែមនូវស្ថិរភាពដ៏កម្រមានដល់ពិភពលោក ។ ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិនបានចេញផ្សាយ«របាយការណ៍ស្ទាបស្ទង់បរិយាកាសធុរកិច្ចចិនឆ្នាំ ២០២៤ »ដោយបង្ហាញថា ការប៉ាន់ប្រមាណរបស់សហគ្រាសអាមេរិកនៅប្រទេសចិនចំពោះអនាគតអភិវឌ្ឍន៍របស់ចិនក្នុងឆ្នាំ ២០២៣ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ហើយសហគ្រាសអាមេរិកដែលចូលរួមផ្ដល់បទសម្ភាសន៍ចំនួន ៥០ ភាគរយចាត់ទុកប្រទេសចិនថាជាគោលដៅវិនិយោគដំបូងគេឬឈរនៅលំដាប់ ៣ លេខខាងមុខលើទូទាំងពិភពលោក ។

    កំណត់គោលដៅឱ្យបានជាក់លាក់ ក៏ត្រូវខិតខំប្រឹងប្រែងឱ្យពេញទំហឹង ។ ក្នុងបរិបទបច្ចុប្បន្នដែលការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹងនិងការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ប្រទេសចិននឹងជំរុញជាបន្តបន្ទាប់នូវកំណើនខាងគុណភាពប្រកបដោយប្រសិទ្ធភាពនិងកំណើនខាងបរិមាណដោយសមហេតុផល ក៏ដូចជានាំមកនូវកម្លាំងចលករថ្មីនិងឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនដោយឥតឈប់ឈរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស