ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិនពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់នឹងជំរុញនូវសន្ទុះដ៏ខ្លាំងក្លានៃការវិនិយោគនៅប្រទេសចិន
2024-03-09 11:43:51cri
Share with:

      “ប្រទេសចិនពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ បង្កបង្កើតបរិយាកាសគោលនយោបាយប្រកបដោយភាពនឹងនរ តម្លាភាពនិងអាចប៉ាន់ប្រមាណបាន ប្រការនេះបានលើកទឹកចិត្តដល់ពួកយើងយ៉ាងខ្លាំង។” ក្នុងអំឡុងពេលប្រទេសចិនបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិន លោក Song Weiqun អគ្គនាយករងនិងជាប្រធានតំបន់ចិននៃក្រុមហ៊ុនJohnson &Johnsonរបស់អាមេរិក បានបង្ហាញពីការរំពឹងទុកដូចពោលខាងលើនេះ ។

      បើមើលពីក្របខ័ណ្ឌពិភពលោកទាំងមូលអាចឃើញថា បច្ចុប្បន្ននេះ ទ្រង់ទ្រាយទាក់ទាញប្រាក់ទុនមានភាពថយថមចុះជាទូទៅ ។ ដូច្នេះ ប្រទេសនានាសុទ្ធតែបានបង្កើនកម្លាំងនៃការទាក់ទាញពាណិជ្ជករនិងកៀរគរទុនបរទេស ។ តើប្រទេសចិននឹងទាក់ទាញនិងប្រើប្រាស់ទុនបរទេសតាមរបៀបយ៉ាងណា ? តើចិននឹងពង្រីកការបើកទូលាយថែមទៀតតាមរបៀបណា? របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានប្រើ “វិធីគណនា”ផលបូកនិងដកមួយចំនួន ដើម្បីផ្តល់ជាចម្លើយរបស់ខ្លួន ។

      មុនដំបូង សូមមើល “វិធីបូក” ។ ពីការពង្រីកបញ្ជីឧស្សាហកម្មដែលលើកទឹកចិត្តឱ្យពាណិជ្ជករបរទេសវិនិយោគ ដល់ការបង្កើនការធានាសេវាកម្មវិនិយោគរបស់ពាណិជ្ជករបរទេស រហូតដល់ការលើកកម្ពស់ភាពងាយស្រួលដល់ជនបរទេសមកប្រកបការងារ បន្ដការសិក្សានិងធ្វើទេសចរ វិធានការសេវាកម្មមួយចំនួនដែលប្រកបដោយភាពកក់ក្តៅ និងភាពល្អិតល្អិនបានផ្តល់ភាពងាយស្រួលដល់ការទៅមករបស់ពាណិជ្ជករបរទេស ហើយក៏បានផ្តល់ការធានាដ៏សំខាន់ដល់ការចុះវិនិយោគនិងប្រកបអាជីរបស់ពួកគេ ។

      មានផល “បូក” ក៏មានផល “ដក”ដែរ ។ របាយការណ៍ការងារក៏បានលើកឡើងដែរថា នឹងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ និងលុបចោលទាំងអស់នូវវិធានការរឹតបន្ដឹងទុនបរទេសវិនិយោគក្នុងវិស័យកម្មន្តសាល បន្ធូរបន្ថយនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យចូលក្នុងមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម ។ លោកJean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុនPfizerប្រចាំនៅតំបន់ចិន និងជាអនុប្រធានសមាគមសហគ្រាសពាណិជ្ជករបរទេសវិនិយោគនៅប្រទេសចិនបានថ្លែងថា វិធានការណ៍ទាំងនេះបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តរបស់ចិនក្នុងការពង្រីកការបើកទូលាយថែមមួយកម្រិតទៀត ហើយបាន “ចាក់បំពេញកម្លាំងចលករយ៉ាងខ្លាំងក្លា”ដល់សហគ្រាសទុនបរទេសដែលគ្រោងនឹងធ្វើអាជីវកម្មរយៈពេលយូរនៅប្រទេសចិននិងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ។

      ក្រៅពី “វិធីបូកនិងដក” ក្នុងចំណោមវិធានការសម្រាប់ទាក់ទាញទុនបរទេសរបស់ចិន ក៏មាន “សញ្ញាស្មើគ្នា”ដែរ ពោលគឺអនុវត្តឱ្យបានល្អនូវការផ្តល់ភាពអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេស ធានាឱ្យសហគ្រាសទុនបរទេសអាចចូលរួមដោយស្មើរភាពនិងតាមផ្លូវច្បាប់ក្នុងលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល ការដាក់ដេញថ្លៃនិងកំណត់ស្តង់ដារ ។ អ្នកជំនាញបានវិភាគថា វិធានការណ៍ទាំងនេះបានបង្ហាញពីភាពយុត្តិធម៌និងស្មើភាព ដែលបានបង្ហាញឱ្យឃើញនូវភាពស្មោះត្រង់របស់រដ្ឋាភិបាលចិនក្នុងការជួយសហគ្រាសទុនបរទេសដោះស្រាយបញ្ហាជាក់ស្តែង ក៏ដូចជាជំរុញការអនុវត្តគម្រោងទុនបរទេសផងដែរ

      សូមបញ្ជាក់ថា ទុនបរទេសជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងទំនើបកម្មរបស់ចិន ។ ទិន្នន័យថ្មីបំផុតដែលរដ្ឋាភិបាលចិនបានប្រកាសបង្ហាញថា នៅខែមករាឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន១១២៧១០លានយាន់ប្រាក់ចិន ដែលបានកើនឡើង២០,៤ភាគរយបើប្រៀបធៀបនឹងខែមុន បានបង្កើតសហគ្រាសថ្មីរបស់ពាណិជ្ជករបរទេសចំនួន៤៥៨៨សហគ្រាស ដែលបានកើនឡើង៧៤,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងបរិបទដែលការវិនិយោគនៅក្រៅប្រទេសលើពិភពលោកទាំងមូលមានភាពថមថយចុះជាទូទៅ ហេតុអ្វីបានជាទីផ្សារចិនទទួលប្រជាប្រិយភាពខ្លាំងពីទុនបរទេស ?

      ប្រាក់ទុននឹងដើរស្របតាមផលប្រយោជន៍ ។ តាមស្ថិតិផ្លូវការរបស់ប្រទេសចិនឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ អត្រាផលកម្រៃនៃការចុះវិនិយោគដោយផ្ទាល់នៅប្រទេសចិនរបស់ពាណិជ្ជករបរទេស គឺប្រហែល៩ភាគរយ ដែលបានស្ថិតនៅកម្រិតខ្ពស់បង្គួរលើផ្ទៃអន្តរជាតិ ។ មិនពិបាកឃើញថា ការជ្រើសរើសប្រទេសចិន ធ្វើឱ្យទុនបរទេសទទួលបានផលកម្រៃយ៉ាងច្រើនសម្បើម ។ ប្រការនេះធ្វើឱ្យពួកគេរក្សាបានូវភាពសន្ទុះខ្លាំងក្លាចំពោះការវិនិយោគនៅប្រទេសចិន ។

       ដូចប្រសាសន៍របស់លោក Nicolas Hieronimus ប្រធានប្រតិបតិ្តនៃក្រុមហ៊ុនសាជីវកម្មL'Orealរបស់បារាំង ដែលបានលើកឡើងថា “ប្រទេសចិន”បន្ទាប់ទៀត នៅតែជាប្រទេសចិនដដែល “យើងនឹងបន្តធ្វើអាជីវកម្មនៅប្រទេសចិនតទៅទៀត ព្រមនឹងធំធាត់ឡើងជាមួយប្រទេសចិនផងដែរ” ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស