ក្នុងសន្និសីទសារព័ត៌មាននៃមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានឆ្លើយសំណួរចំនួន២១របស់អ្នកសារព័ត៌មានចិននិងបរទេសដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាទំនាក់ទំនងរវាងប្រទេសធំ ចំណុចក្តៅក្នុងតំបន់និងអភិបាលកិច្ចសកលជាដើម។ តាមរយៈការឆ្លើយសំណួរទាំងនេះ មជ្ឈដ្ឋានខាងក្រៅបានទទួលសញ្ញាយ៉ាងច្បាស់លាស់មួយ៖ ប្រទេសចិនកំពុងផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកតាមរយៈស្ថិរភាពរបស់ខ្លួន។
"ប្រទេសចិននឹងធ្វើជាកម្លាំងសន្តិភាព កម្លាំងស្ថិរភាពនិងជាកម្លាំងវឌ្ឍនភាពរបស់ពិភពលោកយ៉ាងមុតមាំមិនងាករេ" ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចាត់ទុកការបង្ហាញឥរិយាបថរបស់ភាគីចិននេះជាសេចក្តីប្រកាសរបស់ការទូតប្រទេសចិន។
សន្តិភាពគឺជារឿងចម្បង។ ពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែនបានដំណើរការជាបន្តបន្ទាប់ ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឡើងកម្តៅហើយការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹង។ ក្នុងនាមជាប្រទេសធំដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយសន្តិភាព ប្រទេសចិនមិនត្រឹមតែសង្ឃឹមថា ខ្លួននឹងមានសន្តិសុខនិងស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីសន្តិភាពពិភពលោកផងដែរ។នៅឆ្នាំ២០២៣ ពីការជំរុញប្រទេសទាំងពីរអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ឱ្យចាប់ដៃគ្នានិងសម្រេចបាននូវសន្តិភាព ដល់ការធ្វើកិច្ចសម្របសម្រួលក្នុងវិបត្តិអ៊ុយក្រែន រហូតដល់ការជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តលេខ២៧១២ស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ភាគីចិនបាននិងកំពុងដោះស្រាយបញ្ហាចំណុចក្តៅតាមវិធីសាស្ត្ររបស់ខ្លួន ពោលគឺប្រកាន់ខ្ជាប់នូវការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាតាមវិធីនយោបាយ ប្រកាន់ខ្ជាប់ឥរិយាបថប្រកបដោយសត្យានុម័ត និងយុត្តិធម៌ ក៏ដូចជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាពីឬសគល់។
ស្ថិរភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ពេលបច្ចុប្បន្ននេះ ប្រទេសលោកខាងលិចមួយចំនួនកំពុងអនុវត្តឯកតោភាគីនិយមនិងគាំពារនិយមដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ និងធ្វើឱ្យពិភពលោកមានភាពកាន់តែច្របក់ប្របូល។ រីឯផែនការអភិបាលកិច្ចសកលដែលលើកឡើងដោយប្រទេសចិនស្តីពី"ពហុប៉ូលភាវូបនីយពិភពលោកដ៏ស្មើគ្នានិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន" គឺសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទូទៅនៃយុគសម័យ ហើយបានឆ្លុះបញ្ចាំងពីសំឡេងរួមរបស់"សកលខាងត្បូង(GlobalSouth)"។ ពីការជំរុញការពង្រីករដ្ឋសមាជិកនៃBRICSនៅឆ្នាំ២០២៣ ដល់ការរៀបចំជាម្ចាស់ផ្ទះនូវវេទិកាកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនៅឆ្នាំ២០២៤ កិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនបានជំរុញ"សកលខាងត្បូង"ឱ្យក្លាយជាកម្លាំងគន្លឹះក្នុងការធ្វើកំណែទម្រង់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលនាំមកនូវទិដ្ឋភាពថ្មីដល់អភិបាលកិច្ចសកល។
ការអភិវឌ្ឍគឺជាកូនសោមាសក្នុងការដោះស្រាយបញ្ហាទាំងអស់។ ក្នុងបរិបទបច្ចុប្បន្នដែលកម្លាំងចលករនៃការអភិវឌ្ឍសកលមិនគ្រប់គ្រាន់ និងប្រទេសមួយចំនួនតូចអនុវត្ត"ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" ប្រទេសចិនបានលើកឡើងយ៉ាងមុតមាំថា ចាំបាច់ត្រូវតែបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។ នៅឆ្នាំ២០២៣ ប្រទេសចិនបានរួមចំណែកមួយភាគបីនៃកំណើនសេដ្ឋកិច្ចពិភពលោកតាមរយៈល្បឿនកំណើនសេដ្ឋកិច្ច៥.២ភាគរយរបស់ខ្លួន ម៉ាស៊ីនក្បាល"ម៉ាកចិន"នៅតែមានភាពខ្លាំងក្លា។ នាពេលបច្ចុប្បន្ននេះ កម្រិតសរុបនៃពន្ធគយរបស់ប្រទេសចិនត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតស្មើគ្នានឹងប្រទេសអភិវឌ្ឍន៍នៃអង្គការពាណិជ្ជកម្មពិភពលោក ការអនុញ្ញាតិឱ្យចូលទីផ្សារនៃឧស្សាហកម្មផលិតកម្មត្រូវបានបើកចំហដោយគ្រប់ជ្រុងជ្រោយ ការជំរុញការបើកចំហនៃឧស្សាហកម្មសេវាកម្មត្រូវបានពន្លឿន អត្រានៃផលចំណេញនៃការវិនិយោគបរទេសបានកាន់លំដាប់ជួរមុខលើពិភពលោក។ការធ្វើទំនើបកម្មតាមបែបផែនចិនកំពុងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយប្រទេសចិនដែលពោរពេញទៅដោយឱកាសមិនគួរខកខានបាននោះឡើយ៕