ថ្ងៃទី៥ខែមីនា លោកGeng Shuangតំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ភាគីចិនសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តោតលើភាពបន្ទាន់បំផុតនិងយកការសម្រេចចិត្តខាងនយោបាយដ៏ធំបំផុតសម្រាប់ជំរុញការឈប់បាញ់គ្នាជាបន្ទាន់និងបញ្ចប់ការប៉ះទង្គិចនៅតំបន់ហ្កាហ្សា។
លោក Geng Shuangបានថ្លែងនៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបញ្ហាការប្រើប្រាស់សិទ្ធិវេតូនៅថ្ងៃដដែលថា ក្នុងរយៈពេលជិត៥ខែចាប់តាំងពីការផ្ទុះឡើងនូវការប៉ះទង្គិចនៅតំបន់ហ្កាហ្សាមក ប្រតិបត្តិការទាមទារឱ្យមានការឈប់បាញ់គ្នារបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ត្រូវបានអាមេរិករារាំងអស់៤លើកហើយ ភាគីចិនមានការខកចិត្តយ៉ាងខ្លាំងចំពោះករណីនេះ។
លោកGeng Shuang បានបន្តថ្លែងថា ការឈប់បាញ់គ្នាជាបន្ទាន់នៅតំបន់ហ្កាហ្សា គឺមានភាពចាំបាច់សម្រាប់ការជួយសង្គ្រោះជនស៊ីវិលស្លូតត្រង់ ជាបុរេលក្ខខណ្ឌសម្រាប់ការអនុវត្តការជួយសង្គ្រោះមនុស្សធម៌ និងជាគន្លឹះសម្រាប់ជៀសវាងកុំឱ្យការប៉ះទង្គិចឡើងកម្តៅនិងរីករាលដាលថែមមួយកម្រិតទៀត។ ភាគីចិនសូមអំពាវនាវឱ្យប្រទេសពាក់ព័ន្ធបោះបង់ចោលការគិតពិចារណាអំពីយុទ្ធសាស្ត្រភូមិសាស្ត្រនិងការកេងចំណេញខាងនយោបាយក្នុងស្រុក ហើយធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ និងដើរតួនាទីមានលក្ខណៈស្ថាបនាដើម្បីជំរុញការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ៕