ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សង្កេតមើលសភាទាំងពីរ៖ លោកXi Jinpingណែនាំពីការអនុវត្តជាក់ស្តែងនូវការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី
2024-03-06 16:32:09cri
Share with:

 

     រសៀលថ្ងៃទី ៥ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Jiangsu នៃកិច្ចប្រជុំលើកទី ២ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលជាបេសកកម្មចម្បង និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌក្នុងតំបន់។

      លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីជាតម្រូវការផ្ទៃក្នុងនិងចំណុចផ្តោតសំខាន់សម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានក្លាយទៅជានិន្នាការយ៉ាងសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែនៅតែមានកត្តារឹតត្បឹតយ៉ាងច្រើន។ ការជំរុញនវានុវត្តន៍ឧស្សាហកម្មតាមរយៈនវានុវត្តន៍បច្ចេកវិទ្យា ជាពិសេសបង្កើអាជីវកម្មថ្មី រូបមន្តថ្មីនិងកម្លាំងចលករថ្មីតាមរយៈបច្ចេកវិទ្យាថ្មីបែបលោតផ្លោះនិងជឿនលឿន និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី គឺដើម្បីផ្តល់កម្លាំងចលករនិងទ្រទ្រង់យ៉ាងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

      ឆ្នាំ ២០២៤ គឺជាឆ្នាំគន្លឹះនៃការសម្រេចភារកិច្ចគោលដៅដែលកំណត់ដោយផែនការ ៥ ឆ្នាំទី ១៤។ លោកប្រធានរដ្ឋចិន Xi Jinping អធិប្បាយយ៉ាងស៊ីជម្រៅពីបញ្ហាគន្លឹះនៃកម្លាំងផលិតកម្មគុណភាពថ្មីក្នុងគណៈប្រតិភូខេត្ត Jiangsu គឺក្នុងគោល បំណងបកស្រាយឱ្យច្បាស់ពីទំនាក់ទំនងរវាងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងកម្លាំងផលិតកម្មគុណភាពថ្មី ប្រើទ្រឹស្តីអំពីកម្លាំងផលិតកម្មគុណភាពថ្មីសម្រាប់ណែនាំការអនុវត្ត ការអភិវឌ្ឍជាក់ស្តែងថ្មី សំដៅជំរុញឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដំណើរការបាននឹងនរនិងយូរអង្វែង។

      លោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីមិនមានន័យថាព្រងើយកន្ដើយ និងបោះបង់ចោលឧស្សាហកម្មប្រពៃណី ត្រូវបង្កាកុំឱ្យមានការធ្វើដោយបន្ទាន់ លេចចេញតែមួយភ្លែត ហើយក៏កុំធ្វើតាមរូបមន្តតែមួយដែរ។ ប្រសាសន៍របស់លោកបានបកស្រាយថែមទៀតនូវបញ្ហាគន្លឹះនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។

     មួយផ្នែក ឧស្សាហកម្មប្រពៃណីនិងកម្លាំងផលិតកម្មគុណភាពថ្មីមិនមែនជាទំនាក់ទំនងប្រឈមមុខដាក់គ្នាទេ គន្លឹះគឺនៅត្រង់ថា ប្រើបច្ចេកវិទ្យាថ្មីធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី ជំរុញយ៉ាងសកម្មនូវឧស្សាហកម្មកម្រិតខ្ពស់ មានភាពវៃឆ្លាតនិងភាពបៃតង រៀបចំផែនការទូទៅ ដើម្បីជំរុញការធ្វើឱ្យឧស្សាហកម្មប្រពៃណីមានភាពប្រសើរឡើង ធ្វើឱ្យឧស្សាហកម្មងើបឡើងថ្មីមានភាពរីកចម្រើន និងបង្កើតនូវឧស្សាហកម្ម អនាគត។ មួយផ្នែកទៀត ការអភិវឌ្ឍកម្លាំងបង្កបង្កើនផលបែបថ្មីត្រូវអនុវត្តតាមស្ថានភាពពិតនិងចាត់វិធានការតាមលក្ខខណ្ឌក្នុងតំបន់ ដោយពឹងលើប្រភពធនធានក្នុងតំបន់ មូលដ្ឋានឧស្សាហកម្មនិងលក្ខខណ្ឌនៃការសិក្សាស្រាវជ្រាវជាដើម។ 

      លោក Xi Jinping ផ្តោតទៅលើកម្លាំងផលិតកម្មគុណភាពថ្មីក្នុងមហាសន្និបាតសភាទាំងពីទូទាំងប្រទេសចិន គឺយកខេត្តJiangsu ជាមូលដ្ឋាននិងសំដៅទៅលើប្រទេសទាំងមូល។ សម្រាប់តំបន់នានា គន្លឹះគឺនៅត្រង់ថាប្រើវិធីសាស្រ្ត"ចាត់វិធានការទៅតាមលក្ខខណ្ឌក្នុងតំបន់" ដែលលើកឡើងដោយលោក Xi Jinping ឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងខាងទ្រឹស្តីនិងការស្វែងរកអនុវត្តជាក់ស្តែងចំពោះកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីជំរុញឱ្យសេដ្ឋកិច្ចស្តារឡើងវិញជាបន្តបន្ទាប់ លើកកម្ពស់ជំនឿចិត្តខាងការអភិវឌ្ឍនៃសង្គមទាំងមូល ក្នុងន័យផ្តល់សុភមង្គលដល់ប្រជាជនយ៉ាងប្រាកដប្រជា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស