ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អរិយធម៌ចិនផ្តល់ពន្លឺរស្មីដល់អរិយធម៌សកល
2024-03-05 10:18:10cri
Share with:

 ខ្សែភាពយន្តខ្លីស្តីពី«គំនិតថ្មីក្នុងសៀវភៅបុរាណ»ដែលមាន៥វគ្គដោយផ្តល់អត្ថន័យតាមរយៈកិច្ចសន្ទនារបស់លោក Mohiar Ghovati ជាមួយបញ្ញវន្ត និងអ្នកជំនាញផ្នែកអរិយធម៌របស់ប្រទេសចិននៅក្នុងទីតាំងចំនួន៥គឺខេត្តShandong ខេត្តGuangdong ខេត្តShaanxi ខេត្តZhejiang និងរដ្ឋធានីBeijing។ ខ្សែភាពយន្តនេះបានបកប្រែជាខេមរភាសានិងបានផ្សព្វផ្សាយនៅលើគេហទំព័រFacebookរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន  (https://www.facebook.com/watch/100064633423866/24527543446894002 ពិតជាទាក់ទាញអារម្មណ៍របស់ខ្ញុំយល់យ៉ាងច្បាស់ពីគុណតម្លៃមហាសាលនៃអរិយធម៌ជាង៥០០០ឆ្នាំរបស់ប្រទេសចិនដែលបង្កប់នូវគោលគំនិត៥យ៉ាងគឺ ទី១-ការផ្ទេរមរតកដោយឥតដាច់ទៅកាន់ជំនាន់ក្រោយៗបន្តទៀត ទី២-នវានុវត្តដើម្បីវឌ្ឍនភាពនៃវិទ្យាសាស្រ្តបច្ចេកវិទ្យាស្របតាមសម័យកាល ទី៣-ឯកភាពរួមនៃអរិយធម៌របស់ប្រជាជាតិចិនទាំងមូល ទី៤-បរិយាបន្នប្រកដោយភាពបើកចំហដែលជាចលករនៃសន្តិភាពវប្បធម៌ និងទី៥-កិច្ចសម្របសម្រួលដើម្បីភាពរឹងមាំនៃសុខដុមនីយកម្មនិងសន្តិភាព ដោយផ្តោតជាមូលដ្ឋានលើទស្សនវិជ្ជារបស់ខុងជឺ ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំដល់អភិបាលកិច្ចសកល។ ទស្សនកិច្ចដែលបានទស្សនាខ្សែភាពយន្តខ្លីទាំង៥នេះហាក់ដូចជាមិនដាច់អាល័យ និងកំពុងរង់ចាំដោយទន្ទឹងពីខ្សែភាពយន្តជាច្រើនទៀតស្របជាមួយនឹងប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំនៃអរិយធម៌ចិន។

 

ចាប់តាំងពីវគ្គទី១ដែលមានចំណងជើងថា «លក្ខណៈបន្តនិងមាគ៌ាអភិវឌ្ឍន៍នៃអរិយធម៌» រហូតដល់វគ្គទី៥ ស្តីពី «ហ្សែនសន្តិភាព» ដោយវគ្គនីមួយៗបង្ហាញអត្ថន័យរួមដោយផ្តល់តម្លៃមហាសាលពីការគូសបញ្ជាក់ថាអរិយធម៌ចិនមិនត្រឹមតែជាកម្មសិទ្ធិរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជារបស់មនុស្សជាតិនៅទូទាំងពិភពលោកទាំងមូលទៀតផង។ រយៈពេលជាង៥០០០ឆ្នាំមកនេះ ប្រជាជាតិចិនយល់ច្បាស់ថាក្រៅពីការជះឥទ្ធិលពលរបស់អរិយធ៌ចិនទៅរួមបញ្ចូលជាមួយអរិយធម៌បរទេសនានា ក៏មានចំណែកដែលអរិយធម៌ចិនបានរៀនសូត្រនិងបាននាំយកអរិយធម៌បរទេសមករួមបញ្ចូលប្រកបដោយបរិយាបន្ននៅក្នុងសង្គមចិនផងដែរ លើសពីនេះអរិយធម៌ចិនបានខិតខំរួមជាមួយអរិយធម៌នានាក្នុងចរន្តនៃអរិយធម៌សកលដើម្បីឈានឆ្ពោះទៅកាន់អនាគតរួមគ្នា។ ខ្ញុំបានកត់សម្គាល់ឃើញថា អរិយធម៌ចិនបានផ្លាស់ប្តូរប្រកបដោយនវានុវត្តភាពនៅក្នុងមរតកវប្បធម៌ដើមហើយព្យាយាមផ្តល់សុខដុមនីយកម្មនៃសន្តិភាពវប្បធម៌ដល់មនុស្សជាតិ ជាក់ស្តែងដូចជាឧបករណ៍ទ្រខ្សែពីរ (Erhu) ជាឧទាហរណ៍នៃបរិយាបន្នពីអរិយធម៌ចិននិងបរទេស ដែលផ្តល់គុណតម្លៃពីស្មារតីផ្លូវសូត្របុរាណ និងគោលនយោបាយការទូតតាមបែបផែនចិនដែលបានផ្តល់នូវទម្រដ៏រឹងមាំនៃសន្តិសុខសកល និងអភិបាលកិច្ចសកល។

 

ជាសច្ចភាព អរិយធម៌ចិនបានខិតខំពង្រីកនិងពន្លាតអត្ថន័យនៃការរួបរួមនៃអរិយធម៌ចិនជាង៥០០០ឆ្នាំដែលតែងនាំមកនូវសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ព្រមទាំងសុខដុមនីយកម្មរវាងមនុស្សនិងមនុស្ស ហើយក៏ជាទស្សនវិស័យប្រកបដោយត្រីវិស័យវិទ្យាសាស្រ្តដែលផ្តល់នូវតម្រាយមាគ៌ាសម្រាប់ការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដល់មនុស្សជាតិ ស្របនឹងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីខែមីនា ឆ្នាំ២០២៣ដោយបានបង្ហាញនូវគំនិត   «រួមគ្នាផ្តួចផ្តើម» ចំនួនបួនគឺ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេននិងនវានុវត្តន៍លើអរិយធម៌ និង៤-ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរមនុស្សជាតិអន្តរជាតិ។ ភាពចម្រុះពណ៌នៃវប្បធម៌ដែលជនជាតិចិនមានគំនិតសន្តិភាពនិយម និងបង្កើនរង្វង់កិច្ចសហប្រតិបត្តិការពហុភាគីនិយមលើវិស័យវប្បធម៌បានក្លាយជាបច្ច័យយ៉ាងល្អដល់ការកសាងសន្តិភាពសកល។

 

ច្បាស់ណាស់ដែលថា បើទោះបីជាខ្សែភាពយន្តខ្លីទាំង៥វគ្គនេះបានបង្កប់អត្ថន័យដាច់ដោយឡែកពីគ្នាស្តីពីលក្ខណៈពិសេសនៃអរិយធម៌ចិនយ៉ាងណាក៏ដោយ ក៏ខ្សែភាពយន្តទាំងនេះបានបង្ហាញនូវចក្ខុវិស័យរួមរបស់មនុស្សជាតិនោះគឺសន្តិភាព និងការបង្ហាញនូវមាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍជាតិរៀងៗខ្លួន ដោយបញ្ចូលខ្លឹមសារនៃកិច្ចសន្ទនាប្រកបដោយអត្ថន័យទាំងទស្សនវិជ្ជា ទាំងប្រវត្តិសាស្រ្ត រវាងអរិយធម៌បូព៌ា និងអរិយបស្ចិម ដោយបានពន្លាតនូវគតិបណ្ឌិតដ៏ច្រើនរបស់អរិយធម៌បូព៌ាដែលរំលេចពីសុខដុមនីយកម្មជាមួយអរិយធម៌បស្ចិម ដើម្បីបន្តដំណើររួមគ្នាបង្កើតបាននូវសហគមន៍ដែលមានជោគវាសនារួមជាមួយគ្នា បង្កើតបានបរិយាកាសនៃការថែរក្សាសុខសន្តិភាព សម្រាប់មនុស្សជាតិ។ សុខដុមនីយកម្មនេះបង្ហាញពីការគោរពយ៉ាងខ្ជាប់ខ្ជួនពីការគោរពអធិបតេយ្យភាព បូរណភាពដែនដី ឯករាជ្យភាពគ្នាទៅវិញទៅមក ដូចជាសេចក្តីគោរពចំពោះ«គោលការណ៍ចិនតែមួយ» ដែលរួមបញ្ចូលជនជាតិចិនដែលរស់នៅតៃវ៉ាន់ផងដែរ។ ខ្ញុំបានដក់ចិត្តខ្លាំងនៃខ្សែភាពយន្តវគ្គទី៣ស្តីពី«ប្រជាជាតិមិនអាចត្រូវបំបែកបំបាក់ អរិយធម៌មិនអាចត្រូវកាត់ផ្តាច់» ដោយបានរំលេចពីកំណត់ត្រានាសតវត្សរ៍ទី៣ស្តីពី«ទឹកនិងដីក្នុងតំបន់Linhai»បានគូសបញ្ជាក់ពីដែនដីកោះតៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសចិនតាំងពីបុរាណកាលមក៕ 

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន




 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស