ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនផ្តួចផ្តើមឱ្យបង្កើនការឃ្លាំមើលជាអន្តរជាតិចំពោះការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី Fukushima របស់ជប៉ុនទៅក្នុងសមុទ្រ
2024-03-05 10:40:10cri
Share with:

      ថ្ងៃទី៤ ខែមីនា កិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែមីនានៃអង្គការថាមពលបរមាណូអន្តរជាតិបានបើកធ្វើនៅមជ្ឈមណ្ឌលអន្តរជាតិក្រុងវីយែន ។ លោក Li Song តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការថាមពលបរមាណូអន្តរជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ ក្នុងន័យអធិប្បាយពីគោលជំហររបស់ចិនក្នុងបញ្ហាពាក់ព័ន្ធនឹងការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី Fukushima របស់ជប៉ុនទៅក្នុងសមុទ្រ ដោយគូសបញ្ជាក់ថា ប្រទេសចិនផ្តួចផ្តើមឱ្យបង្កើនការឃ្លាំមើលជាអន្តរជាតិចំពោះជប៉ុន ។

      លោក Li Song បានថ្លែងថា ជប៉ុនមិនអើពើពីការប្រឆាំងរបស់ប្រទេសជិតខាងនិងកង្វល់របស់សហគមន៍អន្តរជាតិ ដោយបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរក្នុងចំណុះលើសពី២,៣ម៉ឺនតោនទៅក្នុងសមុទ្រតាមទំនើងចិត្ត ជាងនេះទៅទៀត នៅសបា្តហ៍មុន បានចាប់ផ្តើមការបង្ហូរទៅក្នុងសមុទ្រជាលើកទីបួន ។ ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី Fukushima របស់ជប៉ុនទៅក្នុងសមុទ្របានបណ្តាលឱ្យជះឥទ្ធិពលទៅតំបន់ខាងក្រៅដែលមិនធ្លាប់មាន ក្របខ័ណ្ឌរងផលប៉ះពាល់ធំជាងដែនដីជប៉ុនឬក្របខ័ណ្ឌគ្រប់គ្រងដោយជប៉ុនយ៉ាងច្រើន ដូច្នេះករណីនេះមិនមែនជាកិច្ចការរបស់ជប៉ុនដែលអាចដោះស្រាយតាមទំនើងចិត្តនោះទេ ។

លោក Li Song បានលើកឡើងទៀតថា គោលជំហររបស់ចិនគឺច្បាស់លាស់និងជាប់លាប់រហូតមក ពោលគឺប្រឆាំងយ៉ាងដាច់ខាតចំពោះការដែលជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ និងដាស់តឿនយ៉ាងខ្លាំងក្លាឱ្យជប៉ុនបញ្ឈប់ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រទៀត ។ ប្រទេសចិនរីករាយបន្តបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការជាមួយបណ្តាភាគីនានា គាំទ្រនិងចូលរួមយ៉ាងសកម្មចំពោះការឃ្លាំមើលសកម្មភាពបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែររបស់ជប៉ុន ក៏ដូចជាបង្កើនការឃ្លាំងមើលជាអន្តរជាតិចំពោះជប៉ុនជាបន្តបន្ទាប់ ដើម្បីអភិរក្សមហាសមុទ្រដ៏ស្រស់ស្អាតនិងប្រកបដោយសុវត្ថិភាពជូនចំពោះប្រជាជននៃបណ្តាប្រទេសនានា ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស