មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ៥ ខែមីនានៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះមហាសន្និបាត ។
របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំកន្លងទៅនេះ ជាឆ្នាំចាប់ផ្តើមអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ជាឆ្នាំទីមួយដែលរដ្ឋាភិបាលអាណត្តិថ្មីចាប់ផ្តើមបំពេញតួនាទីតាមផ្លូវច្បាប់ ។ ប្រឈមនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញក្រៃលែងនិងភារកិច្ចកំណែទម្រង់ អភិវឌ្ឍនិងលំនឹងដ៏លំបាក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi jinping ជាប្រមុខស្នូលបានសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិ ឆ្លើយតបនឹងសម្ពាធពីខាងក្រៅ ពុះពារការលំបាកផ្នែកផ្ទៃក្នុង ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ដែលធ្វើឱ្យគោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិនពេញមួយឆ្នាំសម្រេចបានដោយគាប់ប្រសើរ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញដោយប្រាកដប្រជា ស្ថានការណ៍ទូទៅនៃសង្គមរក្សាបាននូវស្ថិរភាព កិច្ចកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ បានឆ្ពោះទៅមុខយ៉ងមុតមាំ ។
ថ្លែងក្នុងរបាយការណ៍ការងាររដ្ឋាភិបាល លោក Li Qiang បានលើកឡើងថា សេដ្ឋកិច្ចចិនបានស្តារឡើងវិញនិងមាននិន្នាការកាន់តែល្អប្រសើរឡើងជាទូទៅ ។ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនប្រចាំឆ្នាំ ២០២៣ មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៥,២ ភាគរយ ល្បឿនកំណើនស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។ ឱកាសការងារថ្មីតាមទីក្រុងនិងជនបទបានកើនឡើង ១២ លាន ៤ ម៉ឺន ៤ ពាន់នាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទគិតជាមធ្យម គឺ ៥,២ ភាគរយ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,២ ភាគរយ ។ សមតុល្យនៃការទូទាត់អន្តរជាតិរបស់ប្រទេសចិនមានតុល្យភាពជាមូលដ្ឋាន ។
របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅរំពឹងទុកសម្រាប់ការអភិវឌ្ឍសំខាន់ៗរបស់ចិនក្នុងឆ្នាំនេះគឺផលិតផលក្នុងស្រុកសរុបកើនឡើងប្រហែល៥%ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទកើនឡើងជាង១២លាននាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីស្ថិតនៅចន្លោះ៥.៥ភាគរយ អត្រាកំណើននៃតម្លៃទំនិញប្រើប្រាស់ប្រហែល៣ភាគរយ កំណើនចំណូលប្រជាជនដើរស្របគ្នាជាមួយកំណើនសេដ្ឋកិច្ច សមតុល្យនៃការទូទាត់អន្តរជាតិរក្សាតុល្យភាពជាមូលដ្ឋាន បរិមាណផលិតស្បៀងលើសពី០.៦៥ទ្រីលានគីឡូក្រាម ហើយការចំណាយថាម ពលគិតជាឯកតានៃផលិតផលក្នុងស្រុកសរុបនឹងថយចុះប្រហែល២.៥ភាគរយ គុណភាពនៃបរិស្ថានអេកូឡូស៊ីនឹងត្រូវបានកែលម្អជាបន្តបន្ទាប់ ។
របាយការណ៍ការងាររដ្ឋាភិបាលបានបង្ហាញថា នឹងជំរុញយ៉ាងខ្លាំងក្លានូវការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មថ្មី។ ធ្វើឱ្យច្នៃប្រឌិតថ្មីដើរតួនាទីណែនាំជាសំខាន់ដោយពេញលេញ ជំរុញការច្នៃប្រឌិតនៃឧស្សាហកម្មតាមរយៈការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពន្លឿនការជំរុញឧស្សាហូបនីយកម្មថ្មីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មគ្រប់បែបយ៉ាង បង្កើតកម្លាំងចលករថ្មីនិងឧត្តមភាពថ្មីនៃការអភិវឌ្ឍដោយឥតឈប់ឈរ និងជំរុញឱ្យកម្លាំងផលិតកម្មសង្គមសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ៕