ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿងដែលលោក Xi Jinping យកចិត្តទុកដាក់៖ ពន្លឿនសម្រេចភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់
2024-03-04 17:30:22cri
Share with:

     ផ្តោតលើការច្នៃប្រឌិតថ្មីគឺផ្តោតលើការអភិវឌ្ឍ ស្វែងរកការច្នៃប្រឌិតថ្មីគឺជាការស្វែងរកអនាគត ការសម្រេចបាននូវភាពឯករាជ្យម្ចាស់ការខាងបច្ចេកវិទ្យាកម្រិតខ្ពស់គឺជាគន្លឹះនៃការកសាងទំនើបកម្មតាមបែបផែនចិន។

      ថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Jiangsu នៃកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤។  លោក Shan Zenghai ដែលជាតំណាងប្រជាជនបានណែនាំជូនលោក Xi Jinping ថា ឡានស្ទូចពីផ្ទៃដីទម្ងន់ ២២០ តោនដែលលោកធ្លាប់ជិះពេលចុះត្រួតពិនិត្យការងារនៅក្រុមហ៊ុនសាជីវកម្មឧស្សាហកម្ម Xu Gongកាលពីឆ្នាំ ២០១៧ សន្ទស្សន៍គន្លឹះបានឈានដល់លំដាប់ទីមួយលើពិភពលោក អត្រាផលិតក្នុងស្រុកត្រូវបានលើកកម្ពស់ពី ៧១% កាលពីមុនឡើងដល់ ១០០% បច្ចុប្បន្ន។ លោក  Xi  Jinping តបថា យើងនៅតែត្រូវលើកកម្ពស់ថែមទៀត ដើម្បីឆ្ពោះទៅកាន់កម្រិតមធ្យមនិងខ្ពស់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់យើងត្រូវបង្ហាញនៅត្រង់នេះ។

      ខែធ្នូឆ្នាំ ២០១៧ លោក Xi Jinping បានអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុង  Xuzhou ខេត្ត Jiangsu  ទីតាំងត្រួតពិនិត្យករាងារទីមួយគឺក្រុមហ៊ុនសាជីវកម្មឧស្សាហកម្ម Xu Gong។ លោកបានចូលទៅក្នុងកាប៊ីនឡានស្ទូច Wheeled Crane ប្រភេទ xca220 ដែលផលិតដោយក្រុមហ៊ុន និងសាកសួរលម្អិតទៅកាន់បុគ្គលិកបច្ចេកទេសអំពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងរបៀបបើកបរ។ លោកបានគូសបញ្ជាក់ថា  នវានុវត្តន៍គឺជាប្រភពនៃកម្លាំងប្រកួតប្រជែងស្នូលនៃសហគ្រាស បច្ចេកវិទ្យាស្នូលជាច្រើនគឺមិនអាចសុំគេបានទេ និងមិនអាចទិញពីគេបានទេ ហេតុនេះចាំបាច់ត្រូវតែធ្វើនូវវិស័យកម្មន្តសាលឱ្យបានល្អ។

      នៅក្នុងអំឡុងមហាសន្និបាតសភាទាំងពីរឆ្នាំ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់លើការពន្លឿនសម្រេចបាននូវភាពឯករាជ្យម្ចាស់ការផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយសារនេះជាផ្លូវដែលត្រូវឆ្លងកាត់សម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ដើម្បីអនុវត្តជាក់ស្តែងនូវការផ្តែផ្តាំរបស់លោកប្រធានរដ្ឋ ក្រុមសាជីវកម្មឧស្សាហកម្ម Xu Gong បានខិតខំប្រឹងប្រែងធ្វើនវានុវត្តន៍ខាងបច្ចេកវិទ្យា។ ឧទាហរណ៍ថា ក្រុមហ៊ុនសាជីវកម្មនេះបានសិក្សាស្រាវជ្រាវច្នៃប្រឌិតថ្មីលើបច្ចេកវិទ្យានៃម៉ាស៊ីនស្ទូចទម្ងន់យក្ស ដែលបានបំបែកកំណត់ត្រាថ្មីលើពិភពលោកជាបន្តបន្ទាប់។

      ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជើងចាស់ លោកវិស្វករ Shan Zenghai បានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាគឺត្រូវបោះបង់ចោលការស្រមើស្រមៃ ដើរតាមផ្លូវ

ឯករាជ្យម្ចាស់ការ របស់ខ្លួន។  សហគ្រាសចិនបាននិងកំពុងក្តាប់ជាប់នូវបច្ចេកវិទ្យាស្នូលដែលសុំមិនបាននិងទិញមិនបានដែលលោកប្រធានរដ្ឋចិន Xi Jinping កំពុងយកចិត្តទុកដាក់នោះ។ មានតែបច្ចេកវិទ្យាមានភាពឯករាជ្យម្ចាស់ការ  ទើបប្រជាជាតិមានភាពឯករាជ្យម្ចាស់ការ មានតែបច្ចេកវិទ្យាខ្លាំងពូកែ ទើបប្រទេសជាតិខ្លាំងពូកែ មានតែបច្ចេកវិទ្យាមានភាពឯករាជ្យម្ចាស់ការ  ទើបអាចទ្រទ្រង់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងពិតប្រាកដ ទើបអាចចាប់យកភាពជាម្ចាស់ការនៃការអភិវឌ្ឍ  ទើបអាចពង្រឹងនូវសន្តិសុខនៃការអភិវឌ្ឍ ។

      ក្រោមការរៀបចំចែងចែងរបស់លោកប្រធានរដ្ឋចិន  Xi Jinping មាគ៌ាដែលត្រូវឆ្លងកាត់មួយនេះនឹងដើរកាន់តែយូរកាន់តែធំទូលំទូលាយជាក់ជាពុំខាន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស