ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឧត្តមភាពរបស់ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបង្ហាញថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"សម្របទៅតាមចរន្តប្រវត្តិសាស្ត្រនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច
2024-03-03 10:55:42cri
Share with:

      តាមការផ្សាយដំណឹងនៃកាសែត«Korea Daily»កាលពីពេលថ្មីៗនេះឱ្យដឹងថា   ការបំបិទផ្លូវនាវាចរណ៍សមុទ្រក្រហមរបស់កងកម្លាំងប្រដាប់អាវុធHouthiបានបង្កឱ្យមានវិបត្តិដឹកជញ្ជូនទំនិញជាសកល ដែលបណ្តាលឱ្យសោហ៊ុយដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រពីកូរ៉េខាងត្បូងទៅកាន់សហភាពអឺរ៉ុបកើនឡើង២៥០ភាគរយក្នុងរយៈពេល៤ខែ។ ប៉ុន្តែ ប្រទេសចិនមានផ្លូវដឹកជញ្ជូនដូចជាខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបែបនេះ  កម្លាំងប្រកួតប្រជែងខាងវិស័យនាំចេញរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែលនឹងធ្លាក់ចុះ។   ក្នុងបរិបទដែលវិបត្តិសមុទ្រក្រហមបន្តមានភាពតានតឹងហើយការដឹកជញ្ជូនទំនិញនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលរងផលប៉ះពាល់ជាបន្តបន្ទាប់  ឧត្តមភាពនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបមានភាពកាន់តែលេចធ្លោ។

      តាំងពីខែវិច្ឆិកាឆ្នាំ២០២៣មក   ដើម្បីបញ្ចេញសំឡេងគាំទ្រចំពោះប៉ាឡេស្ទីន  កងកម្លាំងប្រដាប់អាវុធHouthiរបស់យេម៉ែនបានវាយប្រហារម្តងហើយម្តងទៀតលើនាវាពាក់ព័ន្ធអ៊ីស្រាអែលនៅដែនសមុទ្រក្រហម។  ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវនាវាចរណ៍ជាច្រើនដូចជាក្រុមហ៊ុនMAERSKជាដើមបានប្រកាសផ្អាកខ្សែផ្លូវនាវាចរណ៍សមុទ្រក្រហមដែលឆ្លងកាត់ព្រែកជីកស៊ុយអែស ប្រែទៅជាឆ្លងកាត់Cape of Good Hopeវិញ។ នៅខែមករាឆ្នាំ២០២៤  អាមេរិកនិងអង់គ្លេសបានចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសដោយផ្ទាល់ទៅលើសំណង់របស់កងកម្លាំងប្រដាប់អាវុធHouthiនៃប្រទេសយេម៉ែន ដែលធ្វើឲ្យស្ថានការណ៍មានភាពកាន់តែតានតឹងថែមទៀត ហើយបណ្តាលឱ្យនាវាកាន់តែច្រើនមានតែធ្វើដំណើរឆ្លងកាត់Cape of Good Hope

      ខណៈពេលដែលផ្លូវនាវាចរណ៍លើសមុទ្រសំខាន់ៗត្រូវបានកាត់ផ្តាច់  ហើយសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រឈមមុខនឹងការសាកល្បង  តម្រូវការរបស់ប្រទេសអឺរ៉ុបជាច្រើនចំពោះខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបានកើនឡើង  ហើយចាប់ផ្តើមស្វែងរកដំណោះស្រាយដឹកជញ្ជូនទំនិញតាមផ្លូវដីគោក ដើម្បីជំនួសផ្លូវនាវាចរណ៍លើសមុទ្រ។

      បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមសមុទ្រ  តើខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបមានឧត្តមភាព អ្វីខ្លះ?

      ឧត្តមភាពដ៏លេចធ្លោបំផុតគឺស្ថេរភាព។  នាយកប្រតិបត្តិរបស់ក្រុមហ៊ុនMAERSKបានព្រមានថា   ការបន្តធ្វើដំណើរដោយឆ្លងកាត់Cape of Good Hopeនឹងមានផលវិបាកអវិជ្ជមានយ៉ាងទូលំទូលាយចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាសេដ្ឋកិច្ចពិភពលោកផងដែរ។  ផ្ទុយទៅវិញ  ចំនួនទំនិញដែលដឹកជញ្ជូនតាមផ្លូវរថភ្លើងឆ្លងទ្វីបអឺរ៉ាស៊ី កាន់តែមានភាពអាចជឿទុកចិត្តបាននិងកាន់តែទាន់ពេលវេលា។

     សូមងាកមកមើលពីតម្លៃ    មិនថាធ្វើដំណើរតាមផ្លូវសមុទ្រក្រហមឬក៏ធ្វើដំណើរដោយឆ្លងកាត់Cape of Good Hope តម្លៃនៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រសុទ្ធតែបានកើនឡើងយ៉ាងខ្លាំង។ បើប្រៀបធៀបជាមួយនឹងខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប ឧត្តមភាពផ្នែកតម្លៃនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រគឺមិនលេចធ្លោទៀតហើយ។

      ពេលវេលាគឺជាមាសប្រាក់។ យោងតាមការប៉ាន់ប្រមាណ  បើប្រៀបធៀបនឹងការធ្វើដំណើរតាមព្រែកជីកស៊ុយអែស   ការធ្វើដំណើរឆ្លងកាត់Cape of Good Hopeនឹងចំណាយពេលយូរបំផុតដល់ទៅ៤៥ថ្ងៃ  ប៉ុន្តែខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប យូរបំផុតត្រឹមតែប្រហែល២០ថ្ងៃប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះទេ  ខ្សែផ្លុវរថភ្លើងចិន-អឺរ៉ុបក៏បាននិងកំពុងបង្កើនល្បឿនជាបន្តបន្ទាប់ផងដែរ។

      តាមស្ថិតិថ្មីបំផុតបង្ហាញឱ្យឃើញថា  ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបានដាក់ឱ្យបើកបររថភ្លើងសរុបជាង៨ម៉ឺន៥ពាន់គ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។តាំងពីដើមឆ្នាំ២០២៤មកបានបើកបររថភ្លើងសរុបជាង២៦០០គ្រឿង ដែលសម្រេចបាននូវការបើកបររថភ្លើងចំនួនលើសពី១០០០គ្រឿងក្នុងមួយខែក្នុងរយៈពេល៤៦ខែជាប់ៗគ្នា។ វាបានធ្វើឱ្យផលិតផលអ៊ឺរ៉ុបកាន់តែច្រើនចូលទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនចិន ក៏ដូចជាធ្វើឱ្យ"ការផលិតដោយប្រទេសចិន"កាន់តែមានប្រជាប្រិយភាពពីប្រជាជនអឺរ៉ុប។

      ក្នុងនាមជាសរសៃឈាមធំនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់   ពេលបច្ចុប្បន្ននេះ  ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបានទៅដល់ប្រទេសអឺរ៉ុបចំនួន២៥ និងតភ្ជាប់ទីក្រុងចំនួន២១៩។វាបានបង្កើតច្រកពាណិជ្ជកម្មថ្មីនៃការដឹកជញ្ជូនតាមផ្លូវគោកនិងស្ពានថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងទ្វីបអឺរ៉ាស៊ី  បានបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់នៃការដឹកជញ្ជូនទំនិញអន្តរជាតិដែលប្រកបដោយភាពធន់ ក៏ដូចជាបានបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍនៃទ្វីបអឺរ៉ាស៊ី។

      ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា   គំនិតផ្តួចផ្តើមនៃ“ខ្សែក្រវ៉ាត់និងផ្លូវ”បានសម្របទៅតាមចរន្តប្រវត្តិសាស្ត្រនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច  សម្របទៅតាមតម្រូវការយុគសម័យនៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ហើយកាន់តែសម្របទៅតាមបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាជននៃបណ្តាប្រទេសនានាដែលចង់បានជីវភាពរស់នៅដ៏ល្អប្រសើរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស