ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិកដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិន
2024-02-29 15:09:17cri
Share with:

    នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិកដែលដឹកនាំដោយលោកស្រី Clark  ប្រធាននិងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក ។

    ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានបញ្ជាក់ថា បន្ទាប់ពីកិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងសហរដ្ឋអាមេរិកនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ភាគីទាំងពីរបានធ្វើការសន្ទនា និងការប្រាស្រ័យទាក់ទងជាបន្តបន្ទាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ សេដ្ឋកិច្ចរបស់ចិននិងអាមេរិកមានលក្ខណៈបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ហើយមានផលប្រយោជន៍រួមយ៉ាងស៊ីជម្រៅ។ ភាគីទាំងពីរគួរតែធ្វើជាដៃគូជាជាងសត្រូវ។ ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនអាមេរិកបន្តធ្វើការវិនិយោគនៅក្នុងប្រទេសចិន និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នា។ ប្រទេសចិននឹងបើកទ្វារឱ្យកាន់តែទូលំទូលាយទៅកាន់បរទេស ហើយនឹងបន្តខិតខំប្រឹងប្រែង ដើម្បីបង្កើតបរិយាកាសពាណិជ្ជកម្មលំដាប់លេខ១ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម ដើម្បីផ្តល់ការគាំទ្រនិងភាពងាយស្រួលបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកនិងបរទេសផ្សេងទៀតក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។

    ជាការឆ្លើយតាប លោកស្រី Clark បានថ្លែងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានសារៈសំខាន់ខ្លាំងណាស់។ ការផ្តាច់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន មិនមែនជាជម្រើសដែលអាចសម្រេចបានទេ។ សភាពាណិជ្ជកម្មអាមេរិកមានឆន្ទៈក្នុងការដើរតួនាទីជាស្ពាន និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមានភាពកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងន័យជំរុញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាព៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស