ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនរួមចំណែកដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល
2024-02-29 11:50:20cri
Share with:

គោលគំនិតនៃ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ត្រូវបានរំលេចឡើងជាលើកដំបូងក្នុងសុន្ទរកថារបស់ឯកឧត្តមប្រធាន ស៊ី ថ្លែងក្នុងពិធីបើកសមាជជាតិលើកទី១៩ នៃគណបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះឯកឧត្តមបានលើកឡើងថា សេដ្ឋកិច្ចរបស់ចិនបាន និងកំពុងផ្លាស់ប្តូរពីដំណាក់កាលនៃកំណើនយ៉ាងឆាប់រហ័សឆ្ពោះទៅរកដំណាក់កាលនៃ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”។

តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” សំដៅទៅលើការផ្លាស់ប្តូរពីការអភិវឌ្ឍដែលផ្តោតលើបរិមាណ និងអត្រាកំណើន ទៅជាការអភិវឌ្ឍដែលផ្តោតលើគុណភាព និងប្រសិទ្ធភាពជាចម្បង ឬអាចនិយាយម្យ៉ាងទៀតថា ជាគំរូនៃការអភិវឌ្ឍថ្មីមួយ ដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍដោយផ្តោតលើនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំដៅបំពេញបំណងប្រាថ្នារបស់ប្រជាជនចិនឱ្យទទួលបានជីវិតកាន់តែប្រសើរឡើង និងរុញច្រានប្រទេសចិនឱ្យឆ្ពោះទៅរកប្រទេសសង្គមនិយមជឿនលឿនលើគ្រប់វិស័យ នៅឆ្នាំ២០៤៩។

ចាប់តាំងពីឯកឧត្តម ស៊ី ជីនពីង បានលើកឡើងពីគោលគំនិតនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាលើកដំបូងមក  រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយ និងគំនិតផ្តួចផ្តើមជាច្រើន ដែលក្នុងនោះរួមមានការជំរុញការបង្កើតគំរូអភិវឌ្ឍន៍ថ្មី ការពង្រឹងសមត្ថភាពផ្នែកនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ការអភិវឌ្ឍបៃតង និងកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ដែលនាំសេដ្ឋកិច្ចចិនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពោលគឺមានប្រសិទ្ធភាព និរន្តរភាព និងភាពធន់ជាងមុន។ យោងតាមរបាយការណ៍របស់ការិយាល័យជាតិស្ថិតិចិន ផលិតផលក្នុងស្រុកសរុបរបស់ចិន (ផសស) ក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ ៥,២% ស្មើនឹង ១២៦,០៦ ទ្រីលានយ័ន (ប្រមាណ ១៧,៧ ទ្រីលានដុល្លារអាមេរិក) ហើយបានរួមចំណែកដល់កំណើនផសសរបស់ពិភពលោកប្រមាណ ៣០% ដែលធ្វើឱ្យសេដ្ឋកិច្ចចិនក្លាយទៅជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចពិភពលោកដ៏រឹងមាំជាងគេបំផុត។

ប្រទេសចិនបានចាត់ទុកការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់កម្រិតគុណភាពខ្ពស់ ហើយបាន និងកំពុងអភិវឌ្ឍយ៉ាងសកម្មនូវបញ្ញាសិប្បនិមិត្ត ព័ត៌មាន Quantum និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាទំនើបជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ចិន C919 បានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការ ខណៈកប៉ាល់ទេសចរណ៍ខ្នាតយក្សសាងសង់ដោយចិនបានបញ្ចប់ការធ្វើដំណើរសាកល្បង។ ឧបករណ៍អេឡិចត្រូនិចដែលផលិតដោយចិនកំពុងទទួលបានប្រជាប្រិយភាពពីអ្នកប្រើប្រាស់ ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុត BYD បានលក់រថយន្តអគ្គិសនីថ្មីជាង ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ជិតពីរដងនៃរថយន្ត Tesla ខណៈក្រុមហ៊ុនផលិតថ្មលីចូមរបស់ចិនក៏ទទួលបានចំណាត់ថ្នាក់ទីមួយក្នុងចំណែកទីផ្សារពិភពលោក។ ប្រទេសចិនក៏បានកំពុងឈានមុខលើវិស័យថាមពលបៃតងជាមួយនឹងបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។ វឌ្ឍនភាពទាំងនេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងផ្តល់នូវកាលានុវត្តភាពថ្មីៗដល់ការជំរុញកំណើនសេដ្ឋកិច្ចសកល។

ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងការថមថយ ដែលបណ្តាលមកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការរំខានដល់ច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនៃគោលនយោបាយគំាពារនិយម ប្រទេសចិនបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល តាមរយៈការរៀបចំវេទិកា ការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិជាច្រើន ក្នុងនោះរួមមាន (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (២) ពិព័រណ៍នាំចូលអន្តរជាតិចិន (៣) ពិព័រណ៍នាំចូល-នាំចេញចិន (៤) ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំវេទិកាបូអាវសម្រាប់អាស៊ី ដើម្បីចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។ កាលពីឆ្នាំ២០២៣ ប្រទេសចិនបានរៀបចំដោយជោគជ័យនូវវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម» ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសកល បង្កើនការតភ្ជាប់ក្នុងតំបន់ និងពិភពលោក និងលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ។

ជាការពិតណាស់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនមិនត្រឹមតែដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជាផងដែរ។ បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតរបស់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បានផ្តល់ជូនកម្ពុជានូវអត្ថប្រយោជន៍សក្តានុពលជាច្រើន ជាពិសេសការទទួលបានការចូលទីផ្សារចិនដែលមានពន្ធគយសូន្យភាគរយ ក្នុងកម្រិតប្រហែលជា ៩៨% នៃបន្ទាត់ពន្ធគយសរុបរបស់ចិន ដែលគ្របដណ្តប់លើផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា ស្វាយ គ្រាប់ស្វាយចន្ទី ចេក ត្រី សាច់ អាហារកែច្នៃ និងផលិតផលផ្សេងៗទៀត។

បើនិយាយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាឆ្អឹងខ្នងសម្រាប់កំណើនសេដ្ឋកិច្ចវិញ ចិនបានជួយកម្ពុជាកសាងផ្លូវប្រមាណជា ៣១ខ្សែ សរុបប្រវែងជាង ៣ ពាន់គីឡូម៉ែត្រ  និងស្ពានជាង ១៦ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្មីៗនេះ។ ទន្ទឹមនឹងនេះ សំណង់ធំៗនានាក៏ត្រូវបានលេចចេញជារូបរាងឡើង ក្រោមការគាំទ្ររបស់រដ្ឋាភិបាលចិន រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ និងអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ខណៈដែលគម្រោងធំៗជាច្រើនទៀតកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។  សមិទ្ធផលទាំងនេះបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

សរុបមក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មិនត្រឹមតែបានរួមចំណែកដល់ការជំរុញទំនើបភាវូបនីយកម្មចិនឱ្យឈានទៅរកកសាងប្រទេសសង្គមនិយមរឹងមាំ និងជឿនលឿនលើគ្រប់វិស័យនៅឆ្នាំ២០៤៩ នោះទេ តែថែមទាំងរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលផង និងសេដ្ឋកិច្ចរបស់ប្រទេសតូចៗផងដែរ។ ការរីកចម្រើនរបស់ចិនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក នឹងនាំមកនូវកាលានុវត្តន៍ភាពថ្មីៗសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ដោយលោក ហ៊ូ ចំរើន

អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

 


អ្នកបកប្រែ:李庆莉
ប្លុកពិសេស