ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖មតិអវិជ្ជមានដែលឃោសនាបំប៉ោងថា "ទុនវិនិយោគបរទេសដកខ្លួនចេញពីចិន" គឺគ្មានភស្តុតាងទាល់តែសោះ
2024-02-28 18:19:09cri
Share with:

    គម្រោងវិនិយោគបរទេសគឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចរបស់ចិននិងពិភពលោក ។ កិច្ចប្រជុំគណអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ត្រូវចាត់ទុកលំនឹងទុនបរទេសជាចំណុចសំខាន់ក្នុងការធ្វើឱ្យបានល្អនូវការងារសេដ្ឋកិច្ចនៅឆ្នាំនេះ ហើយនឹងធ្វើការសិក្សាស្រាវជ្រាវនិងដាក់ចេញនូវគោលនយោបាយនិងវិធានការស្តីពីការកៀរគរនិងប្រើប្រាស់ទុនបរទេសឱ្យបានកាន់តែខ្លាំងក្លា ។ តាមទិន្នន័យថ្មីបំផុតនៃរដ្ឋាភិបាលចិនបង្ហាញឱ្យឃើញថា ក្នុងខែមករាឆ្នាំនេះ សហគ្រាសទុនបរទេសដែលបង្កើតឡើងថ្មីនៅទូទាំងប្រទេសចិនមានចំនួន៤៥៨៨ សហគ្រាស ក្នុងបរិបទដែលចំនួនសហគ្រាសបន្តកើនឡើងនៅឆ្នាំ២០២៣ វាបាកើនឡើង ៧៤,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ ។ មិនពិបាកឃើញថា ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកបានបង្អង់ល្បឿននិងការវិនិយោគនៅបរទេសជាសកលបានធ្លាក់ចុះជាទូទៅក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែជាគោលដៅពេញនិយមសម្រាប់ការបណ្តាក់ទុនរបស់សហគ្រាសបរទេសដដែល ។

    ចាប់តាំងពីឆ្នាំ ២០១៨ មក ស្ថានភាពវិនិយោគសកលបានបន្តមានភាពថមថយចុះ ។ នៅឆ្នាំ ២០២២ ការវិនិយោគផ្ទាល់នៅបរទេសជាសកលបានធ្លាក់ចុះ ១៣,៨ ភាគរយជាទូទៅ ក្នុងនោះ កម្រិតធ្លាក់ចុះនៃអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍កាន់តែមានភាពខ្លាំងក្លាដែលបានឈានដល់ ១៧,១ ភាគរយ ។ ក្នុងសភាពការណ៍បែបនេះ ការកៀរគរទុនបរទេសរបស់ចិនបាននិងកំពុងរក្សាស្ថិរភាពជាទូទៅដែលបានមកដោយមិនងាយទេ ។ គិតរហូតដល់ខែមករា ឆ្នាំនេះ ពិតមែនតែការកៀរគរទុនបរទេសរបស់ចិនបានធ្លាក់ចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ក៏ដោយ ក៏ប៉ុន្តែវាបានកើនឡើង ២០,៤ ភាគរយ បើប្រៀបធៀបនឹងខែមុនដែលបង្ហាញឱ្យឃើញថា ភាពសកម្មរបស់ការវិនិយោគបរទេសសម្រាប់ប្រកបអាជីវកម្មនៅប្រទេសចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។ និយាយជារួម ឱកាសអភិវឌ្ឍន៍ដ៏ធំធេងនិងសក្តានុពលនៃកំណើនរបស់ទីផ្សារចិន គឺ ធ្វើឱ្យក្រុមហ៊ុនឆ្លងប្រទេសមិនអាចបោះបង់ចោលបាន ។

    ក្នុងខែមករាឆ្នាំនេះ ការវិនិយោគនៅប្រទេសចិនរបស់ប្រទេសអភិវឌ្ឍន៍លោកខាងលិចបានកើនឡើងយ៉ាងខ្លាំង ។ ក្នុងនោះ ប្រទេសបារាំងនិងស៊ុយអែតបានកើនឡើង ២៥ ដងនិង១១ ដង ដោយឡែកពីគ្នា ហើយការវិនិយោគជាក់ស្តែងរបស់អាល្លឺម៉ង់ អូស្ត្រាលីនិងសិង្ហបុរីនៅប្រទេសចិនបានកើនឡើង ២១១,៨ ភាគរយ ១៨៦,១ ភាគរយនិង ៧៧,១ ភាគរយដោយឡែកពីគ្នា ។ ទង្វើរបស់ប្រទេសទាំងនេះបានបញ្ជាក់ថា មតិអវិជ្ជមានដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចឃោសនាបំប៉ោងថា "គម្រោងវិនិយោគបរទេសដកខ្លួនចេញពីចិន គឺគ្មានភស្តុតាងទាល់តែសោះ ។

    អ៊ីចឹង ហេតុអ្វីបានជាសហគ្រាសទុនបរទេសបាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ?

    តាមលទ្ធផលនៃការស្ទង់មតិដែលប្រកាសដោយក្រុមហ៊ុន HSBC របស់អង់គ្លេសបានឱ្យដឹងថា សហគ្រាសទុនបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួន ៨៧ ភាគរយបានថ្លែងថា ពួកគេនឹងពង្រីកគម្រោងអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ មូលហេតុគឺរួមមាន៖សេដ្ឋកិច្ចចិនបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ចិននិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាដើម ។ សហគ្រាសបរទេសដែលចូលរួមផ្តល់បទសម្ភាសន៍យល់ឃើញថា ឧត្តមភាពនៃឧស្សាហកម្មកម្មន្ដសាល ទំហំទីផ្សារប្រើប្រាស់ សេដ្ឋកិច្ចឌីជីថលនិងកាលានុវត្តភាពក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃប្រទេសចិនសុទ្ធតែជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ជំរុញឱ្យពួកគេពង្រីកគម្រោងអាជីវកម្មនៅប្រទេសចិន

    ការជ្រើសរើសទីផ្សារចិន ធ្វើឱ្យគម្រោងវិនិយោគបរទេសទទួលបានប្រាក់ចំណេញដ៏ច្រើនលើសលប់ ។ អត្រាទទួលប្រាក់ចំណេញនៃការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេសនៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រហែលជា ៩ ភាគរយដែលស្ថិតក្នុងចំណាត់ថ្នាក់នាំមុខគេលើពិភពលោក ។ របាយការណ៍ថ្មីបំផុតដែលប្រកាសដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានបង្ហាញថា សហគ្រាសទុនបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនជិត ៧០ ភាគរយមានសុទិដ្ឋិនិយមចំពោះសភាពការណ៍ទីផ្សាររបស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចំណែកសហគ្រាសទុនបរទេសដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួនលើសពី ៩០ ភាគរយប៉ាន់ប្រមាណថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ អត្រាប្រាក់ចំណេញនៃគម្រោងវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬមានការកើនឡើង ។ អ្នកវិភាគបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយពាក់ព័ន្ធរបស់ប្រទេសចិនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ទំហំកៀរគរទុនបរទេសនិងអនុបាតសកលនៅពេលអនាគតក៏នឹងកាន់តែប្រសើរឡើងដែរ ដែលពង្រឹងបន្ថែមទៀតនូវជំនឿចិត្តរបស់ទុនបរទេសក្នុងការបន្តធ្វើអាជីវកម្មរយៈពេលយូរនៅប្រទេសចិន ៕

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស