ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បើចង់យករបាយការណ៍មួយមកបំភ្លៃការពិត នោះអាមេរិកគឺលេងកលល្បិចខុសឆ្គង
2024-02-27 11:23:43cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាមេរិកបានចេញផ្សាយអ្វីដែលហៅថា «របាយការណ៍ប្រចាំឆ្នាំ២០២៣ស្តីពីការអនុវត្តពាក្យសន្យារបស់ចិនដែលបានធ្វើនៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» ក្នុងន័យបដិសេធចំពោះសមិទ្ធផលរបស់ចិនក្នុងការអនុវត្តពាក្យសន្យា ហើយមួលបង្កាច់ថា ប្រព័ន្ធនិងគោលនយោបាយខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ចិនបាននាំមកនូវបញ្ហាប្រឈមយ៉ាងខ្លាំងដល់ពាណិជ្ជកម្មសកល ។ ប៉ុន្តែ បើចង់យករបាយការណ៍ច្បាប់មួយមកបំភ្លៃការពិត នោះអាមេរិកគឺលេងកលល្បិចខុសឆ្គង ពីព្រោះកាពិតគឺច្បាស់លាស់ណាស់ ។

      តើត្រូវវាយតម្លៃយ៉ាងម៉េចចំពោះសភាពការណ៍អនុវត្តពាក្យសន្យារបស់ចិនដែលបានធ្វើក្នុងពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ? អាមេរិកមិនមែនវាយតម្លៃប្រកបដោយសត្យានុម័តអនុលោមតាមក្បួនច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ហើយក៏មិនបានចាត់ទុក«ពិធីសារស្តីពីចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» និង«របាយការណ៍នៃក្រុមការងារចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ចិន»ជាស្តង់ដារ តែគឺបានកំណត់ស្តង់ដារដោយអញ្ញថាភាពរបស់ខ្លួន ។ ឥស្សរជនអ្នកវិភាគបានលើកឡើងថា បើមើលពីរបាយការណ៍របស់អាមេរិកអាចឃើញថា អាមេរិកបានកំណត់ស្តង់ដារគន្លឹះសម្រាប់វាយតម្លៃចំពោះការអនុវត្តពាក្យសន្យារបស់ចិន ពោលគឺកែប្រែយ៉ាងជ្រះស្រឡះនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សាររបស់សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ព្រមទាំងតម្រូវឱ្យចិនធ្វើកំណែទម្រង់ចំពោះប្រព័ន្ធរបបតាមរយៈតម្រូវការរបស់អាមេរិក ។ នេះអាចឃើញថា  តាំងពីដើមមក របាយការណ៍របស់អាមេរិកច្បាប់នេះក៏មានចេតនាអាក្រក់ផងដែរ  ។

      បើមើលពីខ្លឹមសារនៃរបាយការណ៍ឱ្យបានកាន់តែល្អិតល្អន់អាចឃើញថា អាមេរិកមិនអើពើទាំងស្រុងនូវវិធានការដែលចិនបានចាត់ប្រើដើម្បីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងការរីកចម្រើនយ៉ាងធំសម្បើមដែលប្រទេសចិនទទួលបាន ដូច្នេះ របាយការណ៍នេះគ្មានភាពអាចជឿទុកចិត្តបានទាល់តែសោះ ។ ត្រឹមតែនៅឆ្នាំ២០២៣ដែលទើបតែកន្លងផុតទៅ ប្រទេសចិនបានក្លាយជាប្រទេសកំពុងអភិវឌ្ឍមុនគេបង្អស់ដែលសម្រេចបាននូវការអនុម័ត«កិច្ចព្រមព្រៀងស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភកធនដល់មុខរបរនេសាទ» ចិនបានជំរុញឱ្យសម្រេចបាននូវកិច្ចចរចាអំពីលិខិតបទដ្ឋាននៃកិច្ចព្រមព្រៀងស្តីពីភាពងាយស្រួលលើវិស័យវិនិយោគ បានជំរុញអង្គការពាណិជ្ជកម្មពិភពលោកឱ្យបញ្ចប់យ៉ាងប្រាកដប្រជានូវកិច្ចចរចាមួយចំនួនអំពីច្បាប់កំណត់ផ្នែកពាណិជ្ជកម្មឌីជីថល ដែលទទួលបានការកោតសរសើរខ្ពស់ពីបណ្តាភាគីនានា ។ ចាប់តាំងពីបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមក កម្រិតទូទៅនៃពន្ធគយចិនបានបញ្ចុះពី១៥,៣ភាគរយនាឆ្នាំ២០០១ មកនៅត្រឹម៧,៣ភាគរយនាឆ្នាំ២០២៣ កម្រិតគិតជាមធ្យមនៃពន្ធគយកសិផលបានទាបជាងរដ្ឋសមាជិកកំពុងអភិវឌ្ឍន៍និងរដ្ឋសមាជិកអភិវឌ្ឍន៍ផ្សេងទៀតយ៉ាងច្រើន ។

      មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសចិនបានជំរុញការបើកទូលាយចំពោះបរទេសដោយម្ចាស់ការដែលមានកម្រិតលើសពីពាក្យសន្យារបស់ខ្លួន ព្រមទាំងបាននាំចូលដោយម្ចាស់ការនូវប្រព័ន្ធបញ្ជីអវិជ្ជមានដែលមានភាពជឿនលឿនលើផ្ទៃអន្តរជាតិ ក៏ដូចជាបានកាត់បន្ថយវិធានការរឹតត្បិតចំពោះទុនបរទេសជាបន្តបន្ទាប់ផងដែរ ។

ក្នុងរបាយការណ៍នេះ អាមេរិកក៏បានមួលបង្កាច់វិធានការពាណិជ្ជកម្មដ៏ត្រឹមត្រូវរបស់ចិនថា ជា "ការគំរាមកំហែងខាងសេដ្ឋកិច្ច" ព្រមទាំងចាត់ទុកវិធានការរបស់ចិនសម្រាប់ឆ្លើយតបនឹងការគាបសង្កត់របស់អាមេរិក ជាទង្វើ “ផ្តាច់ទំនាក់ទំនងដោយម្ចាស់ការ” ។ នេះគឺជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយយ៉ាងកម្រោល  តាមពិតទៅ នេះចំជាទង្វើរបស់អាមេរិកហ្នឹងឯង ។

តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបរទេសដែលចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ នៅចុងឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្ញើសារលិខិតរាប់សិបច្បាប់ទៅកាន់ពាណិជ្ជករអាមេរិកដែលបានផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុនSMIC ដោយតម្រូវឱ្យពួកគេផ្អាកការផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុនSMIC ។ ក្រៅពីនេះ អាមេរិកបានប្រឌិតលេសគ្រប់បែបយ៉ាង ដើម្បីគាបសង្កត់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិនដែលមានកម្លាំងប្រកួតប្រជែងលើផ្ទៃអន្តរជាតិ ហើយបានដាក់បញ្ចូលសហគ្រាសចិនចំនួនជាង១ពាន់ក្នុងបញ្ជីរាយឈ្មោះដាក់ទណ្ឌកម្មផងដែរ ។ រដ្ឋាភិបាលអាមេរិកអនុវត្តការ "ផ្តាច់ទំនាក់ទំនង"លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាដោយគ្រប់ជ្រុងជ្រោយក្រោមលេស “សន្តិសុខជាតិ” តាមពិតទៅបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។

   ការពិតជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសចិនមិនត្រឹមតែបានអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវពាក្យសន្យាដែលខ្លួនបានធ្វើក្នុងពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកប៉ុណ្ណោះទេ  ជាងនេះទៅទៀតចិនជារដ្ឋសមាជិកដ៏ឆ្នើមក្នុងការគាំពារក្បួនច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងជំរុញនវានុវត្តន៍ដ៏វិជ្ជមាននៃប្រព័ន្ធរបបសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល ដូច្នេះចិនជាអ្នកអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។ មនុស្សមួយចំនួនតូចរបស់អាមេរិកធ្វើការវាយប្រហារទៅលើប្រទេសចិន មិនស្មើនឹងពិចារណាពីពីកំហុសរបស់ខ្លួនតែម្តង ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស