ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃកម្លាំងសេដ្ឋកិច្ចប្រទេសចិន
2024-02-27 14:43:47cri
Share with:

    ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង   ទីផ្សារប្រើប្រាស់របស់ប្រទេសចិនគឺមានការចាប់ផ្តើមដ៏ល្អ។ តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនបង្ហាញថា  ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន  ទំហំលក់ដូររបស់ក្រុមហ៊ុនលក់រាយនិងម្ហូបអាហារសំខាន់ៗនៅទូទាំងប្រទេសចិនបានកើនឡើង៨.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ទិន្នន័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរុងរឿងនៃទីផ្សារក្នុងថ្ងៃបុណ្យតែប៉ុណ្ណោះទេ   ថែមទាំងក៏បានឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។

      ក្រឡេកទៅមើលភាពសន្ទុះខ្លាំងក្លាតាមរយៈទិន្នន័យ  ចំណាយសរុបនៃការធ្វើដំណើរទេសចរណ៍របស់ភ្ញៀវទេសចរណ៍ក្នុងប្រទេសចិនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានដល់ទៅ៦៣២.៦៨៧ប៊ីលានយាន់ប្រាក់ចិនដែលកើនឡើង៤៧.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ចណូលបានមកពីការលក់សំបុត្រភាពយន្តមានចំនួន៨.០១៦ប៊ីលានយាន់ប្រាក់ចិនដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាសត្រនៃការលក់សំបុត្រភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ប្រាក់ចំណូលបានពីការលក់ជាមធ្យមប្រចាំថ្ងៃនៃអាជីវកម្មដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទូទាំងប្រទេសចិនបានកើនឡើង៥២.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ប្រការទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញប្រទេសចិនដ៏រស់រវើក  និងបង្កើនជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះការអភិវឌ្ឍននៃសេដ្ឋកិច្ចប្រទេសចិន។

      ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានឆ្លុះបញ្ចាំងពីនិន្នាការវិវឌ្ឍទៅរកភាពល្អប្រសើរជាបន្តបន្ទាប់នៃសេដ្ឋកិច្ចប្រទេសចិន  បានឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារតម្រូវការក្នុងស្រុកដែលមានទ្រង់ទ្រាយធំរបស់ប្រទេសចិន ហើយក៏បានបំផុសបន្ថែមទៀតនូវកម្លាំងចលករនៃភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិនផងដែរ។

      តម្រូវការក្នុងស្រុកគឺជាកម្លាំងចលករជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយទីប្រើប្រាស់យ៉ាងធំធេងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានឆ្លុះបញ្ចាំងពីអនាគតទីផ្សារយ៉ាងទូលំទូលាយនិងសក្តានុពលតម្រូវការក្នុងស្រុកដ៏ធំធេងនៃសេដ្ឋកិច្ចប្រទេសចិន។ បើមើលពីក្រឹត្យក្រមនៃការអភិវឌ្ឍសេដ្ឋកិច្ច  លក្ខណៈពិសេសនៃសេដ្ឋកិច្ចប្រទេសធំៗ  សុទ្ធតែដឹកនាំដោយតម្រូវការក្នុងស្រុក និងមានវដ្តនៅផ្ទៃក្នុង។ ការប្រើប្រាស់គឺជាតម្រូវការចុងក្រោយ  ដែលជាតំណភ្ជាប់ដ៏សំខាន់និងជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ធ្វើឱ្យវដ្តក្នុងស្រុកមានភាពរលូននិងមានកម្លាំងជំរុញយូរអង្វែងសម្រាប់សេដ្ឋកិច្ច។

      ប្រទេសចិនមានប្រជាជនចំនួនជាង១៤០០លាននាក់  GDPគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានលើសពី១ម៉ឺន២ពាន់ដុល្លារអាមេរិក  ហើយមានទីផ្សារដ៏មានទ្រង់ទ្រាយធំដែលប្រកបដោយសក្តានុពលធំបំផុតនៅលើពិភពលោក។ ស្ថានការណ៍ជាមូលដ្ឋានដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរនៃការអភិវឌ្ឍការប្រើប្រាស់របស់ប្រទេសចិនមិនបានកែប្រែរទេ ហើយនិន្នាការទូទៅនៃការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃការប្រើប្រាស់ក៏មិនបានកែប្រែដែរ។ ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានផ្តល់ការបំផុសគំនិតម្តងទៀតថា   កំណើននៃការប្រើប្រាស់របស់ប្រទេសចិនមានលំហទូលំទូលាយ ហើយយើងមានមូលដ្ឋាននិងមានទីបង្អែកទាំងស្រុងក្នុងការបញ្ចេញសក្តានុពលនៃការប្រើប្រាស់ដែលបានបង្កប់ក្នុងទីផ្សារដ៏ធំធេងរបស់ប្រទេសចិន។  ការសម្របទៅតាមនិន្នាការនៃការអភិវឌ្ឍ ធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារមានភាពសំបូរបែប  ទីផ្សារប្រើប្រាស់ដែលមានការច្នៃប្រឌិត និងការជំរុញសក្តានុពលនៃការប្រើប្រាស់   នោះមុខជានឹងបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនដែលចង់ស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរជាមិនខាន ហើយធ្វើឱ្យក្បាលម៉ាស៊ីននៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មានភាពកាន់តែមុតមាំ និងមានភាពរស់រវើកកាន់តែខ្លាំងក្លា។

      នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន GDPរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣បានកើនឡើង៥.២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣   ដែលបង្ហាញពីនិន្នាការទូទៅដែលមានល្អប្រសើរឡើងនិងស្ថិរភាព។ ពេលថ្មីៗនេះ  ស្ថាប័នហិរញ្ញវត្ថុជាច្រើនលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីការរំពឹងទុកចំពោះសេដ្ឋកិច្ចឆ្នាំ២០២៤ដោយសុទ្ធតែយល់ឃើញថា  មូលដ្ឋានគ្រឹះដែលវិវឌ្ឍទៅរកស្ថិរភាពនិងភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិននឹងត្រូវពង្រឹងបន្ថែមទៀត ហើយការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងកំណែទម្រង់នៃឧស្សាហកម្មនឹងបន្តជំរុញឱ្យបង្កើតកម្លាំងចលករដោយឥតឈប់ឈរ។

      ភាពស្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ និងសេដ្ឋកិច្ចឆ្នាំថ្មីដ៏រស់រវើកគឺជាការបកស្រាយយ៉ាងរស់រវើកនៃការបន្តមានភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការមានសុភមង្គលយ៉ាងខ្លាំងរបស់ប្រជាជនចិន។ ប្រទេសចិនដែលពោរពេញទៅដោយភាពរស់រវើកមុខជានឹងបំផុសសក្តានុពលដែលបង្កប់នៅក្នុងមនុស្សរាប់រយលាននាក់ និងធ្វើឱ្យប្រទេសចិននាថ្ងៃស្អែកមានភាពកាន់តែប្រសើរឡើង!

អ្នកបកប្រែ:冯辉
ប្លុកពិសេស