ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកណាប៉ុនប៉ុងផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន គឺហាក់ដូចជាដាក់ពិភពលោកស្ថិតក្រោមអសន្តិសុខ
2024-02-20 18:50:14cri
Share with:

    កាលពីថ្ងៃទី ១៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំសន្តិសុខក្រុង Munich លើកទី ៦០ បានបិទបញ្ចប់ ។ ក្នុងបរិបទដែលវិបត្តិអ៊ុយក្រែនបន្តមានភាពតានតឹងនិងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឡើងកម្តៅ ក្នុងវេទិកាលើកនេះពោរពេញទៅដោយអារម្មណ៍ភ័យព្រួយ។ តើត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ?  អង្គប្រជុំនៃបណ្តាប្រទេសនានាបាននាំគ្នាផ្តល់ជាមតិយោបល់ ។ ក្នុងនោះ ថ្លែងក្នុងសុន្ទរកថាគន្លឹះ រដ្ឋមន្ត្រីការបរទេសចិនបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើជាកម្លាំងស្ថិរភាពយ៉ាងមុតមាំនៃពិភពលោកដែលមានភាពរង្គោះរង្គើ ដែលទទួលបានការស្វាគមន៍ពីសំណាក់ភាគីជាច្រើន ។ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីនបានវាយតម្លៃថា "ការអភិវឌ្ឍរបស់ប្រទេសចិនគឺមានន័យថា កម្លាំងសន្តិភាពដ៏ខ្លាំងក្លានិងកត្កាស្ថិរភាពដ៏សំខាន់" ។

    សូមបញ្ជាក់ថា កិច្ចប្រជុំសន្តិសុខក្រុង Munich គឺជាវេទិកាគោលនយោបាយសន្តិសុខជាន់ខ្ពស់លើទូទាំងពិភពលោកដែលបានឆ្លុះបញ្ចាំងពីទស្សនៈរបស់លោកខាងលិច ជាពិសេសគឺអឺរ៉ុបអំពីស្ថានការណ៍សន្តិសុខនិងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ។ ដោយសារតែស្ថានការណ៍ដ៏តានតឹងនៃភូមិសាស្រ្តនយោបាយមានភាពកាន់តែខ្លាំងឡើងនិងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលមានសភាពកាន់តែធ្ងន់ធ្ងរ បានជាប្រទេសជាច្រើនលែងផ្តោតសំខាន់ទៅលើផលប្រយោជន៍រួមនៃកិច្ចសហប្រតិបត្តិការសកល ពួកគេកាន់តែយកចិត្តទុកដាក់ដល់ការដណ្តើមបានប្រាក់ចំណេញឱ្យកាន់តែច្រើន ។ ក្នុងនោះ  នៅក្រុមប្រទេស G7 ប្រជាជន ភាគច្រើនដែលបានផ្តល់បទសម្ភាសន៍ សម្គាល់ឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ប្រទេសរបស់ពួកគេមិនអាចក្លាយទៅជាប្រទេសដែលមានសុវត្ថិភាពនិងភាពសម្បូរសប្បាយជាងមុនទេ ។

     ដូចអ្នកវិភាគមួយចំនួនបានលើកឡើងថា ជាយូរណាស់មកហើយ ប្រទេសលោកខាងលិចបាននិងកំពុងងប់ងល់នឹងគំនិតដែល"ឯងចាញ់ខ្ញុំឈ្នះ"ដោយសារការអភិវឌ្ឍរបស់ពួកគេស្ថិតក្នុងលំដាប់ថ្នាក់ឈានមុខនៅលើពិភពលោក ។ ប៉ុន្តែបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកកំពុងកើតមានបម្រែបម្រួលយ៉ាងជ្រាលជ្រៅ ប្រទេសដែលមានទីផ្សារងើបឡើងថ្មីកំពុងទទួលការអភិវឌ្ឍនិងវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដែលបានផ្លាស់ប្តូរផែនទីតុល្យភាពនៃកម្លាំងអន្តរជាតិ ។ នៅពីក្រោយអ្វីដែលហៅថា ការព្រួយបារម្ភរបស់លោកខាងលិចចំពោះ"បរាជ័យទេ្វភាគី"គឺទុក្ខកង្វល់និងការខកចិត្តចំពោះការបាត់បង់ឧត្តមភាពរបស់ខ្លួន ។

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រឈមមុខនឹងពិភពលោកដែលមានភាពច្របូកច្របល់ ជានិច្ចកាល ប្រទេសចិនតែងតែលើកឡើងនូវគំនិតផ្តួចផ្តើមនិងសំណើមួយចំនួនដោយឈរនៅម្ខាងនៃផលប្រយោជន៍រួមរបស់បណ្តាប្រទេសនានា ។ ដូច្នេះហើយបានជា ក្នុងកិច្ចប្រជុំសន្តិសុខក្រុង Munich ប៉ុន្មានឆ្នាំចុងក្រោយនេះ  "កម្មវិធីពិសេសរបស់ចិន"មានប្រជាប្រិយភាពខ្លាំង ។ ក្នុងសុន្ទរកថាគន្លឹះនៅឆ្នាំនេះ ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថា ប្រទេសចិនរីករាយធ្វើជាកម្លាំងស្ថិរភាពសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសធំៗ ជាកម្លាំងស្ថិរភាពសម្រាប់ឆ្លើយតបនឹងបញ្ហាក្តៅ ជាកម្លាំងស្ថិរភាពសម្រាប់បង្កើនអភិបាលកិច្ចសកលនិងជាកម្លាំងស្ថិរភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកល ។

      អាចឃើញថា ការបង្ហាញអាកប្បកិរិយា៤ចំណុចនេះបានចាត់ទុកពាក្យ"ស្ថិរភាព"ជាពាក្យគន្លឹះ ដែលបានផ្តល់"ឱសថពង្រឹងជំនឿចិត្ត"ដល់ពិភពលោកលើវិស័យសន្តិសុខនិងការអភិវឌ្ឍ ហើយក៏បានផ្តល់ជាឯកសារយោងនិងការសិក្សារៀនសូត្រសម្រាប់ឱ្យលោកខាងលិចចេញផុតពីការថប់បារម្ភចំពោះ"បរាជ័យទ្វេភាគី"ផងដែរ ។

    ក្នុងការពិគ្រោះពិភាក្សានៃកិច្ចប្រជុំសន្តិសុខក្រុង Munich លើកនេះ មជ្ឈដ្ឋានខាងក្រៅក៏បានមើលឃើញពីការព្រួយបារម្ភរបស់លោកខាងលិចចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ។ តើធ្វើយ៉ាងម៉េច ជាជម្រើសដ៏ត្រឹមត្រូវ ? ទាក់ទិននឹងករណីនេះ ប្រទេសចិនបានលើកឡើងថា បច្ចុប្បន្ននេះ ការប្រឆាំង"កាត់ផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់"បានក្លាយជាគំនិតឯកភាពរួមរបស់អន្តរជាតិ ហើយមិនធ្វើកិច្ចសហប្រតិបត្តិការទើបជាហានិភ័យដ៏ធំបំផុត ។ នៅឆ្នាំ ២០២៣ សេដ្ឋកិច្ចរបស់ចិនបានពុះពារបញ្ហាប្រឈមជាច្រើន សម្រេចបាននូវល្បឿនកំណើន ៥,២ ភាគរយ  ហើយបានរួមចំណែកមួយភាគបីក្នុងកំណើនសេដ្ឋកិច្ចពិភពលោក ។

    រំលឹកឡើងវិញនូវប្រវត្តិសាស្រ្តរបស់មនុស្សជាតិអាចឃើញថា បើជ្រើសរើសផ្លូវត្រឹមត្រូវនឹងឆ្ពោះទៅរកភាពរុងរឿងថ្កុំថ្កើង ប៉ុន្តែបើជ្រើសរើសផ្លូវខុសវិញនឹងបង្កជាគ្រោះមហន្តរាយ ។ បើនិយាយចំពោះអ្នកនយោបាយនៃប្រទេសលោកខាងលិច ការព្រួយបារម្ភចំពោះ"បរាជ័យទ្វេភាគី" មិនស្មើនឹងចំណាយពេលវេលាមកស្តាប់គំនិតផ្តួចផ្តើមរបស់ចិនសិន៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស