"បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាវិស្សមកាលសំខាន់ជាងគេរបស់ប្រទេសចិនក្នុងមួយឆ្នាំ ។ ពិធីបុណ្យនេះដែលតាំងពីដើមមក មានការប្រើប្រាស់យ៉ាងច្រើនសន្ធឹកនឹងក្លាយជាទែរម៉ូម៉ែត្រដ៏សំខាន់សម្រាប់វាស់កំដៅសេដ្ឋកិច្ច ។" វេបសាយនៃកាសែត« El Mundo»របស់ប្រទេសអេស្ប៉ាញបានវាយតម្លៃចំពោះបុណ្យចូលឆ្នាំថ្មីចិនដូចពោលខាងលើនេះ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំរោងនេះ មជ្ឈដ្ឋានខាងក្រៅមានការចាប់អារម្មណ៍យ៉ាងម៉េចចំពោះកម្តៅសេដ្ឋកិច្ច ?
ប្រជាជនដែលធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន៤៧៤លាននាក់ អ្នកទេសចរណ៍ដើរលេងក្នុងស្រុកបានចំណាយសរុប៦៣២៦៨៧លានយាន់ប្រាក់ចិន ដែលបានកើនជាង៣៤,៣ភាគរយនិង៤៧,៣ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែនទូទាំងប្រទេសចិនបានផ្តល់សេវាកម្មចេញចូលដែនដល់ប្រជាជនចិននិងបរទេសសរុបចំនួន១៣លាន៥សែន១ម៉ឺន៧ពាន់នាក់ គិតជាមធ្យមក្នុងមួយថ្ងៃគឺចំនួន១.៦៩លាននាក់ បានកើនឡើង២,៨ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងវិស្សមកាលរយៈពេល៨ថ្ងៃ ប្រាក់ចំណូលលក់សំបុត្រភាពយន្តបានឈានដល់៨ពាន់លានយាន់ប្រាក់ចិន បានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រនៃទីផ្សាយភាពយន្តក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ល។ សន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបើកការចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចឆ្នាំរោង ។
បុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីចិនមានប្រក្រតីភាពមុនគេបង្អស់បន្ទាប់ពីប្រទេសចិនបានកែសម្រួលវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ "ប្រទេសចិនដែលមានភាពចល័ត"បានជំរុញដល់កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់។ ទំនៀមទំលាប់ប្រពៃណីបុណ្យចូលឆ្នាំថ្មីចិនដែលបានបន្តវេនដល់បច្ចុប្បន្ននេះ និងរូបមន្តប្រើប្រាស់ដែលផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់ ជាសាក្សីនៃការជួបប្រទះនិងរួមបញ្ចូលគ្នារវាង "ចាស់និងថ្មី" ។
កិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅចុងឆ្នាំមុនបានលើកឡើងថា បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចិននឹងជំរុញការប្រើប្រាស់ត្រូវពង្រីកជាបន្តបន្ទាប់ ។ ក្រសួងពាណិជ្ជកម្មចិនបានកំណត់ឆ្នាំ២០២៤ជា "ឆ្នាំជំរុញការប្រើប្រាស់" ហើយនឹងរៀបចំសកម្មភាពជំរុញការប្រើប្រាស់មួយចំនួន ។ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជាច្រើន ជំរុញឱ្យសក្តានុពលនៃទីផ្សារប្រើប្រាស់របស់ចិនត្រូវបញ្ចេញឡើង និងរចនាសម័្ពន្ធប្រើប្រាស់ត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ។
បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ជាបុណ្យចូលឆ្នាំចិនទីមួយដែលត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកនៃអង្គការសហប្រជាជាតិ ។ ប្រជាជនចំនួនប្រហែល១ភាគ៥នៅលើពិភពលោក បានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ខុសៗគ្នា ។ ក្រោមការជំរុញដោយគោលនយោបាយ ដូចជាការលើកលែងទិដ្ឋាការដល់គ្នាទៅវិញទៅមក ការផ្តល់ភាពងាយស្រួលដល់ការឆ្លងគយ និងការរៀបចំឡើងវិញនូវខ្សែផ្លូវហោះហើរជាដើម ការធ្វើទេសចរណ៍ចេញចូលដែនបានរៀបចំឡើងវិញយ៉ាងឆាប់រហ័ស ។ អ្នកទេសចរចិនជាច្រើនបានធ្វើដំណើរទៅលេងនៅក្រៅប្រទេស ដែលបាននាំមកនូវដំណឹងល្អដល់វិស័យទេសចរណ៍ក្នុងតំបន់ ។
សូមយកប្រទេសសិង្ហបរី ម៉ាឡេស៊ីនិងថៃ ដែលជាប្រទេសលើកលែងទិដ្ឋាការក្នុងពេលថ្មីៗកន្លងទៅនេះជាឧទាហរណ៍ ។ ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន ការបញ្ជាទិញសំបុត្រយន្តហោះទៅកាន់សិង្ហបុរីបានកើនឡើង២៩ដង សំបុត្រយន្តហោះទៅកាន់គួឡាឡាំពួរបានកើនឡើង២០ដង សំបុត្រយន្តហោះទៅកាន់ក្រុងបាងកក បានកើនឡើង១៦ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំចិនឆ្នាំនេះ អ្នកទេសចរចិនបានចេញទៅដើរលេងនៅទីក្រុងចំនួនជាង១៧០០នៅលើពិភពលោកទាំងមូល ។
តាមរយៈការប្រើប្រាស់ដែលមានភាពសន្ទុះខ្លាំងក្លាក្នុងបុណ្យចូលឆ្នាំថ្មីចិន អ្នកផងទាំងពួងបានមើលឃើញឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ចិន ។ នៅចុងខែមករា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤ ដល់ទៅ៤,៦ភាគរយគឺបានកើនឡើង០,៤ភាគរយ ។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ងបានចេញផ្សាយរបាយការណ៍អះអាងថា សហគ្រាសអាល្លឺម៉ងបាននិងកំពុងវិនិយោគទុននៅប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបនឹងហានិភ័យដែលបណ្តាលមកពីស្ថានភាពតានតឹងនៃពាណិជ្ជកម្មសកល ។
សន្ទុះខ្លាំងក្លានៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីចិន ព្រមនិងលក្ខណៈសម្បតិ្តសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់បានកើនឡើងជាបន្តបន្ទាប់ ដូច្នេះ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចចិនមានជំនឿចិត្តថានឹងមានសភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយបន្ដចាក់បំពេញ "ចរន្តក្តៅ"ទៅក្នុងពិភពលោក ៕