ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ នឹងចាប់ដំណើរការថ្មីម្តងទៀត
2024-02-12 11:22:07cri
Share with:

    តាមទិន្នន័យដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិននាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ។ ក្នុងនោះការនាំចេញមានចំនួន ២៣,៧៧ ទ្រីលានយាន់ប្រាក់ចិន ឯការនាំចូលមានចំនួន ១៧,៩៩ ទ្រីលានយាន់ប្រាក់ចិន ។ ពីមួយត្រីមាសទៅមួយត្រីមាសបានកើនឡើងជាបន្តបន្ទាប់ ហើយនៅត្រីមាសទី ៤ ពីមួយខែទៅមួយខែមានភាពកាន់តែល្អប្រសើរ ។ល។ "តារាងពិន្ទុ"នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២ ដែលប្រកាលដោយអគ្គនាយកដ្ឋានគយចិនបានបង្កើនជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះសេដ្ឋកិច្ចចិនថែមមួយកម្រិតទៀត។

    បើមើលពីសភាពការណ៍ទូទៅនៃពាណិជ្ជកម្មអន្តរជាតិ អ្នកផងទាំងពួងនឹងយល់ច្បាស់ថែមមួយកម្រិតទៀតចំពោះ"តារាងពិន្ទុ"ដែលបានមកដោយមិនងាយនេះ ។ បច្ចុប្បន្ននេះ កាស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ការពារនិយមខាងពាណិជ្ជកម្មរបស់ប្រទេសមួយចំនួនបានងើបឡើងវិញ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយនៅតែកើតឡើងឥតឈប់ឈរ ហើយពាណិជ្ជកម្មជាមួយបរទេសរបស់អង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងជាទួទៅ ។ ក្នុងបរិបទបែបនេះ សមិទ្ធផលគួរឱ្យកត់សម្គាល់ដែលទទួលបានក្នុងការនាំចេញនាំចូលរបស់ចិន គឺល្អជាងការរំពឹងទុក ដែលជាកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ។

    តើភាពធន់និងកម្លាំងរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន គឺមកពីណា ? បើមើលពីការនាំចេញអាចឃើញថា ចិនបានក្តាប់ជាប់នូវបញ្ហាគន្លឹះចំនួនពីរ ពោលគឺ "ទីផ្សារ"និង"ផលិតផល" ។ នៅឆ្នាំ ២០២៣ ការនាំចេញផលិតផលគ្រឿងចក្រនិងអេឡិចត្រូនិករបស់ប្រទេសចិនបានឡើងដល់ ១៣,៩២ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ២,៩ ភាគរយ ។ ក្នុងនោះ ទំហំនាំចេញសរុបនៃ"ផលិតផលចំនួន ៣"ដែលមានរថយន្តដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយថាមពលសូឡាជាតំណាងមានចំនួនលើសពី ១ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងដែលកើនឡើង ២៩,៩ ភាគរយ ។ តាមទិន្នន័យដែលសមាគមឧស្សាហកម្មរថយន្តប្រទេសចិនចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា នៅឆ្នាំ ២០២៣ បរិមាណផលិតនិងលក់រថយន្តរបស់ចិនសុទ្ធតែបានលើសពី ៣០ លានគ្រឿងជាលើកដំបូងដែលបានជាប់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។

    តាមការប៉ាន់ប្រមាណរបស់អង្គការពាណិជ្ជកម្មពិភពលោកឱ្យដឹងថា កូតាទីផ្សារអន្តរជាតិនៃការនាំចេញរបស់ចិនក្នុងឆ្នាំ ២០២៣ នៅតែស្ថិតក្នុងកម្រិតខ្ពស់បង្គួរ ពោលគឺ ប្រហែល ១៤ ភាគរយ ។ ប្រទេសចិនបានពង្រីកយ៉ាងពេញលេញនូវឧត្តមភាពរបស់ប្រទេសធំបំផុតខាងផលិតកម្មលើទូទាំងពិភពលោក ។ នៅឆ្នាំ ២០២៣ ក្នុងទំហំនាំចេញសរុបរបស់ប្រទេសចិនដែលមានចំនួន ២៣,៧៧ ទ្រីលានយាន់ប្រាក់ចិន ផលិតផលនៃឧស្សាហកម្មកម្មន្តសាលក៏បានឡើងដល់ ២៣,៥១ ទ្រីលានយាន់ប្រាក់ចិនផងដែរ ។ ក្នុងនោះ ការនាំចេញខាងមុខរបរផលិតគ្រឿងបរិក្ខារបានកើនឡើង ២,៨ ភាគរយដែលមានសមាមាត្រត្រូវជាជិត ៦០ ភាគរយនៃទំហំនាំចេញសរុប ។ ជាពិសេស គឺឧស្សាហកម្មផលិតនាវានិងរថយន្តបានក្លាយជាឧស្សាហកម្មដែលទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ ។

    ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់បាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយវេទិកាថ្មីនិងមុខរបរថ្មីមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ។ នៅឆ្នាំ ២០២៣ តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីរបស់ចិនបានពង្រីកដល់ចំនួន ២២ កន្លែង ហើយទំហំនាំចេញនាំចូលសរុបមានចំនួន ៧,៦៧ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២,៧ ភាគរយ ។ តាមស្ថិតិជាជំហានដំបូងបានឱ្យដឹងថា ការនាំចេញនាំចូលតាមប្រព័ន្ធធុរកិច្ចអេឡិចត្រូនិកឆ្លងដែនរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ២,៣៨ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ១៥,៦ ភាគរយ ។

    បើមើលពីការនាំចូលអាចឃើញថា ទីផ្សារតម្រូវការក្នុងស្រុកដែលប្រកបដោយសក្ដានុពលដ៏ធំធេងរបស់ប្រទេសចិនបានផ្តល់ការទ្រទ្រង់ដ៏ខ្លាំងក្លា ។ ផលិតផលក្នុងស្រុកសរុបរបស់ចិន(GDP)នៅឆ្នាំ ២០២៣មានចំនួនលើសពី ១២៦ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង៥,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ហើយបានកាន់លំដាប់ថ្នាក់ឈានមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។ សេដ្ឋកិច្ចទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំ ហើយអ្នកប្រើប្រាស់មានជំនឿចិត្តនិងហ៊ានចំណាយប្រាក់ ។

   សមិទ្ធផលគួឱ្យកត់សម្គាល់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន គឺ អាស្រ័យលើការគាំទ្រដ៏ខ្លាំងក្លានៃគោលនយោបាយ។ ចាប់តាំងពីចូលឆ្នាំ ២០២៣ មក ដើម្បីជួយសហគ្រាសពាណិជ្ជកម្មបរទេសរបស់ចិនឱ្យដោះស្រាយបញ្ហា ដូចជាចរាចរណ៍ទំនិញមានភាពមិនសូវរលូននិងការលំបាកផ្នែកប្រាក់ទុកជាដើម រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ជំរុញឱ្យពាណិជ្ជកម្មជាមួយបរទេសរក្សាស្ថិរភាពនិងលើកកម្ពស់គុណភាព ។ នៅឆ្នាំ ២០២៣ សហគ្រាសពាណិជ្ជកម្មបរទេសដែលទទួលបានសមិទ្ធផលជាក់ស្តែងខាងនាំចេញនាំចូលមានចំនួនលើសពី ៦០ ម៉ឺនសហគ្រាសជាលើកដំបូង ។

    ប្រទេសចិនបន្តពង្រីកការនាំចូលដែលបាននិងកំពុងប្រែក្លាយជាកាលានុវត្តភាពកាន់តែច្រើនឡើងៗសម្រាប់ឱ្យពិភពលោកចែករំលែកជាមួយគ្នា ។ ក្នុងមួយឆ្នាំកន្លងទៅ ពិព័រណ៍នាំចូលចិនអន្តរជាតិបានធ្វើជាសាក្សីនៃ"ការចូលរួមពិព័រណ៍ទាំង ៦ លើក"របស់មិត្តចាស់នៃពិព័រណ៍នាំចូលចិនអន្តរជាតិ ទ្រង់ទ្រាយនៃផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីនៃសហគ្រាសជាច្រើនបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តនៃពិព័រណ៍នាំចូលចិនអន្តរជាតិ អត្រាអន្តរជាតូបនីយកម្មនៃសហគ្រាសដែលចូលរួមក្នុងពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Canton )តាមអហ្វឡាញបានបំបែកកំណត់ត្រាខ្ពស់ថ្មី ស្តង់តាំងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីមួយនៅទូទាំងពិភពលោក គឺ ពិបាកទទួលបាន ។ល។ ពិព័រណ៍សំខាន់ៗមួយចំនួនដែលរៀបចំធ្វើដោយប្រទេសចិនបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យសហគ្រាសផលិតកម្មពិភពលោកចូលក្នុងទីផ្សារចិន ហើយទីផ្សារធំរបស់ចិនកំពុងក្លាយជាទីផ្សារធំរបស់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ។

    ក្រៅពីទីផ្សារប្រើប្រាស់ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំងដល់ភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ជាពិសេស ភាពរលូនខាងពាណិជ្ជកម្មរវាងចិននិងប្រទេសដែលចូលរួមកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ" គឺ គួរឱ្យកត់សម្គាល់។ តាមទិន្នន័យស្ថិតិរបស់អគ្គនាយកដ្ឋានគយចិនបង្ហាញឱ្យដឹងថា នៅឆ្នាំ ២០២៣ ទំហំនាំចេញនាំចូលរវាងចិននិងប្រទេសដែលចូលរួមកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ" បានឡើងដល់ ១៩,៤៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២,៨ ភាគរយដែលមានសមាមាត្រត្រូវជា ៤៦,៦ ភាគរយនៃទំហំនាំចេញសរុប ។ ទំហំនាំចេញនាំចូលសរុបរវាងចិនជាមួយប្រទេសអាមេរិកឡាទីននិងអាហ្រ្វិកបានឡើងដល់ ៣,៤៤ ទ្រីលានយាន់ប្រាក់ចិននិង១,៩៨ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៦,៨ ភាគរយនិង ៧,១ ភាគរយដោយឡែកពីគ្នា ។

    នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលឆ្នាំ ២០២៤ ដល់ ៣,១% ។ មួយផ្នែក គឺ ដោយមកពីកំណើននៃអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោកដែលបូករួមទាំងប្រទេសចិនជាដើមពោរពេញទៅដោយភាពធន់ ហើយមួយផ្នែកទៀត គឺដោយមកពីល្បឿនធ្លាក់ចុះនៃអតិផរណាសកលលឿនជាងការរំពឹងទុក ។ គ្រឹះស្ថានអន្តរជាតិជាច្រើនបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ប្រហែលនឹងឡើងដល់ ៣០ ភាគរយ ដូច្នេះ ចិននៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដដែល ។

    សម្លឹងមើលទៅឆ្នាំ ២០២៤ យើងមិនត្រឹមតែត្រូវមើលឃើញភាពមិនប្រាកដប្រជានិងអស្ថិរភាពនៃបរិយាកាសខាងក្រៅប៉ុណ្ណោះទេ  ថែមទាំងក៏ត្រូវមើលឃើញនូវការសន្សំទុកជាបន្តបន្ទាប់នៃលក្ខខណ្ឌដែលមានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនផងដែរ ។ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបានធ្វើឡើងនៅចុងឆ្នាំ ២០២៣ បានលើកឡើងថា ត្រូវពន្លឿនការពូនជ្រំកម្លាំងចលករថ្មីសម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេស ផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ក៏ដូចជាពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ។ យើងមានជំនឿចិត្តថា ក្រោមការគាំទ្រនៃគោលនយោបាយគ្រប់ប្រភេទសម្រាប់លំនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេសនិងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគ្រាសពាណិជ្ជកម្មបរទេសទាំងឡាយ  ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ នឹងបន្តដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំតទៅទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស