ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការបែកធ្លាយនៃទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima បានបញ្ជាក់ម្តងទៀតថា សំណង់ចម្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរមិនអាចទុកចិត្តបានក្នុងរយៈពេលយូរនោះទេ
2024-02-09 11:02:52cri
Share with:

 

ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនបានកើតឧប្បត្តិហេតុម្តងទៀតហើយ ។ កាលពីថ្ងៃទី៨ខែកុម្ភៈ សហគ្រាសអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុននេះបានថ្លែងថា ហេតុការណ៍បែកធ្លាយនៃសំណង់ចម្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទីមួយ Fukushima ដែលកើតឡើងកាលពីថ្ងៃទី៧ខែកុម្ភៈប្រហែលជាកំហុសដែលបង្កឡើងដោយមនុស្ស ។

តាមការផ្សាយនៃប្រព័ន្ធសារព័ត៌មានតំបន់ Fukushima ឱ្យដឹងថា ហេតុការណ៍លើកនេះបានបណ្តាលឱ្យទឹកវិទ្យុសកម្មនុយក្លេអ៊ែរប្រហែលទម្ងន់៥,៥តោនត្រូវធ្លាយចេញ ។ តាមការប៉ាន់ប្រមាណ ចំនួនសារធាតុវិទ្យុសកម្មក្នុងទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលត្រូវធ្លាយចេញគឺឡើងដល់២ម៉ឺន២ពាន់លាន Becquerel ទិន្នន័យនេះលើសពីស្តង់ដារដែលត្រូវរាយការណ៍ជូនរដ្ឋាភិបាលយ៉ាងច្រើន ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានលើកឡើងថា កម្រិតវិទ្យុសកម្មនៃកន្លែងកើតហេតុប្រហែលជា២៤០ដងនៃតំបន់ជិតខាង ។

មជ្ឈដ្ឋានខាងក្រៅយល់ឃើញថា ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនកើតឧប្បត្តិហេតុម្តងទៀត វាមិនមែនជារឿងចៃដន្យទេ ។ ចាប់ពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទីមួយ Fukushima កើតឧប្បត្តិហេតុនៅឆ្នាំ២០១១មក ក្រុមហ៊ុននេះក៏បានកើតមានឧប្បត្តិហេតុ វិបត្តិនិងរឿងអាស្រូវគ្រប់ប្រភេទជាញឹកញាប់ដែរ ។

មួយផ្នែកគឺកើតឧប្បត្តិហេតុនិងវិបត្តិជាបន្តបន្ទាប់ មួយផ្នែកទៀត បានប្រកាសថា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រគឺប្រកបដោយ សុវត្ថិភាពនិង អាចទុកចិត្តបាន ។ អ្នកផងទាំងពួងមានហេតុផលយ៉ាងពេញលេញចោទជាមន្ទិលសង្ស័យថា ភាគីជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រគឺមានចន្លោះប្រហោងយ៉ាងខ្លាំង។ ប្រការនេះក៏ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមានភាពកាន់តែមុតមាំចំពោះការវិនិច្ឆ័យអំពីបញ្ហាគន្លឹះចំនួនបី៖

ទី១ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនគ្មានសមត្ថភាពក្នុងការធានាសុវត្ថិភាពនៃការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនោះទេ ។ ឆ្លងតាមរយៈហេតុការណ៍នីមួយៗ អ្នកផងទាំងពួងបានរកឃើញថា ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនមានក្នុងចន្លោះប្រហោងយ៉ាងខ្លាំងក្នុងវិស័យសមត្ថភាពគ្រប់គ្រងសន្តិសុខនិងដំណើរការចាត់ចែងទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ហើយក៏ខ្វះស្មារតីស្មោះត្រង់និងភាពទទួលខុសត្រូវចំពោះសង្គមជាមូលដ្ឋាន ។ រាល់ពេលកើតមានហេតុការណ៍ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនមិនមែនពិនិត្យកំហុសរបស់ខ្លួននោះទេ តែគឺរកលេសគ្រប់បែបយ៉ាងដើម្បីបិទបាំងការពិត ។

ទី២ រដ្ឋាភិបាលជប៉ុនមានទំនួលខុសត្រូវដែលមិនអាចបដិសេធបាន ។ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនកើតមានហេតុការណ៍ជាបន្តបន្ទាប់ តែហេតុអ្វីបានជាស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់ជប៉ុនធ្វើដូចជាមិនឃើញកំណត់ត្រាដ៏អាក្រក់ទាំងនេះ?បញ្ញវ័ន្តជប៉ុនជាច្រើនបានលើកឡើងថា រដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនមានទំនាក់ទំនងផលប្រយោជន៍យ៉ាងជិតស្និទ្ធ ដូច្នេះ គឺពិបាកដើរតួនាទីត្រួតពិនិត្យយ៉ាងពិតប្រាកដបានទេ ។

ទី៣ សហគមន៍អន្តរជាតិចាំបាច់ត្រូវចូលរួមការត្រួតពិនិត្យការចាត់ចែងទឹកវិទ្យុសកម្មនុយក្លេអ៊ែររបស់ជប៉ុន ។ ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរយ៉ាងច្រើនទៅក្នុងសមុទ្រ គឺមិនដែលកើតមានលើផ្ទៃអន្តរជាតិទេ។ នេះមិនមែនជារឿងផ្ទៃក្នុងរបស់ជប៉ុនតែប៉ុណ្ណោះទេ វាគឺពាក់ព័ន្ធនឹងផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ។ ហេតុការណ៍ជាបន្តបន្ទាប់បានបញ្ជាក់ថា គ្រាន់តែពឹងផ្អែកទៅលើរដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនគឺមិនអាចធានាឱ្យសំណង់ចម្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរនិងសំណង់បង្ហូរទឹកសំណល់ទៅក្នុងសមុទ្រដំណើរការប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាពក្នុងរយៈពេលជាយូរបានទេ ។ សហគមន៍អន្តរជាតិមានហេតុផលដ៏ពេញលេញក្នុងការចូលរួមការត្រួតពិនិត្យក្នុងដំណើរទាំងមូល ភាគីជប៉ុនគួរតែសហការគ្នាដោយគ្រប់ជ្រុងជ្រោយ ។

ចាប់ពីខែសីហាឆ្នាំ២០២៣មក ជប៉ុនបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រចំនួន៣ជុំ ដែលបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរសរុបលើសពី២ម៉ឺន៣ពាន់តោន ។ ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរជុំទីបួននឹងចាប់ផ្តើមនៅចុងខែនេះ ។ ឧប្បត្តិហេតុថ្មីបំផុតនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនបានផ្តល់ការព្រមានម្តងទៀតចំពោះភាគីជប៉ុន ។ អ្នកនយោបាយជប៉ុនគួរតែបង្ហាញពីទំនួលខុសត្រូវនិងវិចារណញាណ ដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវគ្រោះថ្នាក់លាក់បាំងខាងសន្តិសុខនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ បញ្ឈប់អនុវត្តផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរជំហានក្រោយ ហើយពិគ្រោះពិភាក្សាជាមួយសហគមន៍អន្តរជាតិ ដើម្បីរកឃើញផែនការចាត់ចែងទឹកសំណល់ដែលអាចទទួលបានការទទួលស្គាល់ជាទូទៅពីសំណាក់ភាគីនានា ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស