ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖"ស្មារតីចិន-បារាំង"គឺជា"កូនសោមាស"សម្រាប់មជ្ឈដ្ឋានខាងក្រៅស្វែងយល់ពីអតីតកាល បច្ចុប្បន្នកាលនិងអនាគតនៃទំនាក់ទំនងចិននិងបារាំង
2024-01-27 16:42:39cri
Share with:

      ថ្ងៃទី២៥ខែមករា សិល្បករចិននិងបរទេសបានរួមគ្នាបង្ហាញនូវពិធីបុណ្យវប្បធម៌ដ៏អស្ចារ្យនៅរោងមហោស្រពជាតិនៅទីក្រុងប៉េកាំង  ដែលបានផ្តល់"អំណោយពិសេស"មួយដល់ខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង។

     ក្នុងពិធីទទួលបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងដែលបានធ្វើឡើងនៅយប់ថ្ងៃដដែល  ប្រមុខរដ្ឋនៃប្រទេសចិននិងបារាំងបានរួមគ្នាថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។  លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា  ប្រវត្តិសាស្រ្តពិសេសនៃទំនាក់ទំនងចិននិងបារាំងបានបង្កើត"ស្មារតីចិន-បារាំង"ដែលប្រកបដោយភាពឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក  ហើយបានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុចស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការចិននិងបារាំងនាពេលអនាគត។  លោកMacronប្រធានាធិបតីបារាំងបានថ្លែងថា   ភាគីទាំងពីរមានទំនួលខុសត្រូវក្នុងការរួមគ្នាកសាងទំនាក់ទំនងភាពជាដៃគូដែលមិនត្រឹមតែបំពេញតាមតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ  ថែមទាំងក៏មានអំណោយផលដល់សន្តិភាពនិងស្ថិរភាពពិភពលោកផងដែរ។ប្រការនេះបានបញ្ជាក់ថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរមានគំនិតឯកភាពរួមកម្រិតខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង។

      ប្រទេសបារាំងគឺជាប្រទេសលោកខាងលិចដ៏ធំដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន   ហើយក៏ជាប្រទេសលោកខាងលិចដ៏ធំដំបូងគេដែលបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយប្រទេសចិនផងដែរ។ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ  ទោះបីជានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក៏ដោយ  ជានិច្ចកាល ទំនាក់ទំនងរវាងចិននិងបារាំងតែងតែដើរនៅជួរមុខនៃទំនាក់ទំនងរវាងប្រទេសចិននិងបណ្តាប្រទេសលោកខាងលិច។

      នៅពេលអបអរសាទរខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំងកាលពីដប់ឆ្នាំមុន   លោកXi Jinpingប្រធានរដ្ឋចិនបានបូកសរុប"ស្មារតីចិន-បារាំង"ដោយអក្សរចំនួន១៦។ ថ្ងៃនេះ លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ម្តងទៀតនូវស្មារតីនេះ។ អ្នកវិភាគបានថ្លែងថា"ស្មារតីចិន-បារាំង"គឺជា"កូនសោមាស"សម្រាប់មជ្ឈដ្ឋានខាងក្រៅឈ្វេងយល់ពីអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាលនៃទំនាក់ទំនងចិននិងបារាំង។ក្នុងនោះ  ភាពឯករាជ្យម្ចាស់ការគឺជាចរិតស្មារតីរួមរបស់ប្រជាជាតិចិននិងបារាំងដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអាចក្លាយជាគំរូនៃទំនាក់ទំនងរវាងចិននិងប្រទេសលោកខាងលិច។

      បើមើលពីការប្រាស្រ័យទាក់ទងទ្វេភាគីអាចឃើញថា  ចិននិងបារាំងមិនមានទំនាស់ខាងភូមិសាស្ត្រនយោបាយឬការប៉ះទង្គិចផ្នែកផលប្រយោជន៍លើឬសគល់អ្វីឡើយ  គឺមានភាពដូចគ្នាខាងស្មារតីប្រកបដោយភាពឯករាជ្យម្ចាស់ការនិងស្មារតីហ៊ានធ្វើមុនគេ។ការឱ្យតម្លៃគ្នាទៅវិញទៅមក និងការទាក់ទាញទៅវិញទៅមករវាងអរិយធម៌ធំទាំងពីរ  អាចពង្រឹងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ  ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងជំរុញការផ្លាស់ប្តូរខាងអរិយធម៌   តាមរយៈកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។

      ពេលបច្ចុប្បន្ន   ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់ប្រទេសចិននៅក្នុងសហភាពអឺរ៉ុប ជាប្រទេសប្រភពនៃការវិនិយោគជាក់ស្តែងធំទី៣និងជាប្រទេសនាំចូលបច្ចេកវិទ្យាធំទីពីរ។ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់បារាំងនៅអាស៊ី។

      ទំនាក់ទំនងរវាងប្រទេសគឺឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជន។ ឆ្នាំទេសចរណ៍វប្បធម៌ចិន-បារាំងដែលជិតបើកធ្វើនាពេលខាងមុខ  នឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌រាប់រយផ្នែក។  ពិព័រណ៍"វិមានVersaillesនិងវាំងចាស់"  ពិព័រណ៍សិល្បៈសម័យបច្ចុប្បន្នរបស់ប្រទេសចិន  ពិពណ៌វត្ថុបុរាណនៃរាជវង្សថាងរបស់ប្រទេសចិន។ល។  សកម្មភាពដ៏សម្បូណ៍បែបទាំងនេះនឹងជំរុញឱ្យអរិយធម៌ធំទាំងពីរចិននិងបារំាងរៀនសូត្រពីគ្នាទៅវិញទៅមកនិងក្រេបជញ្ជក់យកបទពិសោធន៍ទៅវិញទៅមក ហើយធ្វើឱ្យប្រជាជនចិននិងបារាំងមានការប្រាស្រ័យទាក់ទងកាន់តែច្រើន  ក៏ដូចជាផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត។

      ពិភពលោកកាន់តែមានភាពរង្គោះរង្គើ   កិច្ចសហប្រតិបត្តិការរវាងចិននិងបារាំងក៏កាន់តែមានសារសំខាន់ទៅទៀត។ ក្នុងរយៈពេល៦០ឆ្នាំខាងមុខ  ការប្រាស្រ័យទាក់ទងរវាងប្រទេសចិននិងបារាំងមានហេតុផលបន្តប្រកាន់ខ្ជាប់ស្មារតីហ៊ានធ្វើមុនគេ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស