ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖តាំងពីដើមមក តៃវ៉ាន់មិនមែនជាប្រទេសទេ កាលពីមុនមិនមែន ហើយបច្ចុប្បន្ននិងអនាគតរឹតតែមិនមែនទៀត!
2024-01-22 09:52:31cri
Share with:

  

     ថ្ងៃទី១៥ខែមករា  រដ្ឋាភិបាលNauruបានសម្រេចចិត្តផ្តាច់"ទំនាក់ទំនងការទូត"ជាមួយអាជ្ញាធរតៃវ៉ាន់  ហើយរីករាយរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាមួយប្រទេសចិន។នៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហានេះ  អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា   ភាគីចិនបានសម្តែងការកោតសរសើរនិងស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលNauru  ហើយរីករាយបើកទំព័រថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរជាមួយNauruដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ។

      អ្វីដែលហៅថាប្រទេសសម្ព័ន្ធមិត្តមួយទៀតបានបោះបង់ចោលអាជ្ញាធរតៃវ៉ាន់យ៉ាងដាច់អាល័យ។លទ្ធផលនេះមិនគួរឱ្យភ្ញាក់ផ្អើលនោះឡើយ។ យ៉ាងណាមិញ "ចំណងមិត្តភាព"ដែលពឹងផ្អែកលើ"ការទូតលុយកាក់"ដើមឡើយគឺជាឆាកកំប្លែង។ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ   ដើម្បីរក្សាទំនាក់ទំនងជា"សម្ព័ន្ធមិត្ត"ដែលកំពុងប្រឈមនឹងការព្រាត់ប្រាស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានលះបង់ចោលផលប្រយោជន៍របស់ប្រជាជននៃកោះតៃវ៉ាន់ ហើយជះលុយកាន់តែច្រើនឡើងៗ។ ប៉ុន្តែ អ្វីដែលពួកគេទទួលបានគឺជាការ"ផ្ដាច់ទំនាក់ទំនងការទូត"ម្ដងមួយៗ។ យោងតាមស្ថិតិពីប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ឱ្យដឹងថា  បន្ទាប់ពីNauruបានប្រកាស"ផ្តាច់ទំនាក់ទំនងការទូត"ជាមួយតៃវ៉ាន់  អ្វីដែលអាជ្ញាធរតៃវ៉ាន់ហៅថា"ប្រទេសសម្ព័ន្ធមិត្ត"នៅសល់ត្រឹមតែ១២ប្រទេសប៉ុណ្ណោះ។ អ្នកនិយមលេងអ៊ីនធឺណែធបានបញ្ចេញមតិថា  Nauruបានជូន"អំណោយធំ"ឱ្យលោកវីលៀមឡៃ ដែលទើបតែជាប់ឆ្នោតកាលពីថ្ងៃទី១៣ខែមករាកន្លងទៅ។

      អ្នកធ្វើទៅតាមសច្ចធម៌នឹងទទួលបានការជួយជ្រោមជ្រែងជាច្រើន  ហើយអ្នកប្រាសចាកពីសច្ចធម៌គ្មាននរណាគេជួយទេ។  ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ   ប្រទេសជាច្រើនបានចេញសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលបោះឆ្នោតនៅតំបន់តៃវ៉ាន់របស់ប្រទេសចិន  ដោយរំលឹកឡើងវិញនូវការគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនតែមួយ។ តៃវ៉ាន់ជាចំណែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន  ហើយប្រឆាំងការបំបែកបំបាក់និងប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យទោះតាមទម្រង់ណាក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា   ប្រទេសកម្ពុជាសូមរំលឹកឡើងវិញនូវការគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។  លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា   ប្រទេសចំនួន១៨២នៅទូទាំងពិភពលោក បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ។ ការសម្រេចចិត្តរបស់Nauruដែលឈរនៅម្ខាងនៃសហគមន៍អន្តរជាតិភាគច្រើនលើសលប់និងរៀបចំឡើងវិញនូវទំនាក់ទំនងការទូតជាមួយប្រទេសចិន  គឺជាជម្រើសដ៏ត្រឹមត្រូវដែលស្របទៅតាមផលប្រយោជន៍រយៈពេលវែងរបស់ខ្លួន  ហើយក៏នឹងកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ការអភិវឌ្ឍរបស់Nauruផងដែរ។

      ការពិតបានបញ្ជាក់ថា"ការទូតប្រាក់លុយកាក់"នឹងមិនកែប្រែការយល់ដឹងចំពោះតៃវ៉ាន់ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយរបស់សហគមន៍អន្តរជាតិនោះទេ។ នៅលើពិភពលោកមានប្រទេសចិនតែមួយគត់  តៃវ៉ាន់គឺជាចំណែកមួយរបស់ទឹកដីប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន  រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល   នេះជាមតិឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ។ សម្រាប់អាជ្ញាធរតៃវ៉ាន់  ការបំពានលើខ្សែបន្ទាត់ក្រហម  និងបង្កើនការធ្វើបដិបក្ខដាក់គ្នាកាន់តែខ្លាំង  គឺមានតែផ្លូវទ័លតែប៉ុណ្ណោះ។

      តាំងពីដើមមក  តៃវ៉ាន់មិនមែនជាប្រទេសមួយទេ  កាលពីមុនមិនមែន ហើយថ្ងៃមុខថ្ងៃក្រោយរឹតតែមិនមែនទៅទៀត! សេចក្តីប្រាថ្នារួមនិងឆន្ទៈយ៉ាងមុតមាំរបស់ប្រជាជនចិនចំនួនជាង១៤០០លាននាក់  គឺជាប្រភពនៃទីបង្អែកនិងកម្លាំងកាយចិត្តរបស់ពួកយើងក្នុងការយកឈ្នះលើការបង្រួបបង្រួមមាតុភូមិដោយពេញលេញ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស