តាមទិន្នន័យសេដ្ឋកិច្ចជាតិចិនឆ្នាំ២០២៣ដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៧ខែមករាឱ្យដឹងថា សេដ្ឋកិច្ចរបស់ចិនបាននិងកំពុងពង្រឹងនិងមាននិន្នាការងើបឡើងវិញដែលប្រកបដោយភាពល្អប្រសើរ ។
ក្នុងឆ្នាំ២០២៣កន្លងទៅនេះ សេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ និម្មាបនកម្មអន្តរជាតិបានប្រែប្រួលយ៉ាងស្មុគស្មាញ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយបានកើតឡើងជាញឹកញាប់ ។ តាមការប៉ាន់ប្រមាណនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិឱ្យដឹងថា ល្បឿនកំណើននៃសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣គឺ៣ភាគរយ គណៈកម្មាធិការសហភាពអឺរ៉ុបបានបញ្ចុះការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃតំបន់ប្រើប្រាក់អឺរ៉ូនៅឆ្នាំ២០២៣ដល់០,៦ភាគរយ ។ រីឯល្បឿនកំណើននៃសេដ្ឋកិច្ចរបស់ចិនបានកាន់លំដាប់ថ្នាក់ឈានមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក ។
បើមើលពីការប្រើប្រាស់អាចឃើញថា បច្ចុប្បន្ននេះ តម្រូវការសរុបលើសកលលោកមិនគ្រប់គ្រាន់ទេ ហើយទីផ្សារជាធនធានដែលខ្វះខាតបំផុត ។ ដោយសាររងផលប៉ះពាល់ពីអតិផរណានិងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ថ្លៃដើមនៃជីវភាពរស់នៅនិងកម្ចីឥណទាននៅប្រទេសជាច្រើនបានកើនឡើង ដែលបង្កផលប៉ះពាល់ដល់ការប្រើប្រាស់ ។ រីឯទំហំលក់រាយសរុបនៃផលិតផលប្រើប្រាស់ក្នុងសង្គមរបស់ចិននៅឆ្នាំ២០២៣បានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ការចំណាយខាងការប្រើប្រាស់បានជំរុញកំណើនទូទៅចំនួន៤,៣ភាគរយ ពោលគឺបានដើរតួនាទីជាក្បាលម៉ាស៊ីនយ៉ាងលេចធ្លោ ។
ក្រឡេកមកមើលពីការនាំចេញនាំចូលវិញ បច្ចុប្បន្ននេះ តម្រូវការសកលគឺថមថយចុះ ហើយនៅប្រទេសមួយចំនួន ការពារនិយមខាងពាណិជ្ជកម្មបានលេចចេញជាថ្មីម្តងទៀត ។ របាយការណ៍នៃកិច្ចប្រជុំស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិបានព្យាករណ៍ថា នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនៃទំនិញសកលនឹងធ្លាក់ចុះ៧,៥ភាគរយ ។ រីឯការនាំចេញនាំចូលទំនិញរបស់ចិនមានស្ថិរភាពជាទូទៅ ដែលត្រូវគេរំពឹងថា អាចរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញសកលធំទីមួយក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា ។
អ្វីដែលកាន់តែសំខាន់គឺ ប្រទេសចិនមិនត្រឹមតែជា “រោងចក្រពិភពលោក”ប៉ុណ្ណោះទេ ថែមទាំងក៏ជាតំបន់ពោរពេញទៅដោយការច្នៃប្រឌិតថ្មីលើទូទាំងពិភពលោកផងដែរ ។ នៅឆ្នាំ២០២៣ តាមរបាយការណ៍ដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានប្រកាសឱ្យដឹងថា ចំណាត់ថ្នាក់របស់ចិនក្នុងសន្ទស្សន៍ច្នៃប្រឌិតសកលបានឡើងដល់ទី១២ ហើយក្នុងបណ្តុំឧស្សាហកម្មខាងច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាកំពូល១០០លើពិភពលោក ប្រទេសចិនបានកាន់លំដាប់ទីមួយជាលើកដំបូង ។ គិតមកទល់ចុងឆ្នាំ២០២៣ ចិនបានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលមានចំនួនប៉ាតង់ច្នៃប្រឌិតមានប្រសិទ្ធភាពក្នុងស្រុកចំនួន៤លាន ។ “ផលិតកម្មរបស់ប្រទេសចិន”កំពុងពន្លឿនការរីកចម្រើននៃបច្ចេកវិទ្យានិងការលើកកម្ពស់កម្រិតឧស្សាហកម្មសកល ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីក្នុងសេដ្ឋកិច្ចពិភពលោក ។
ដោយសារ “មានសុទិដ្ឋិនិយមចំពោះទីផ្សារចិន ផលិតកម្មរបស់ចិននិងការច្នៃប្រឌិតថ្មីរបស់ចិន” ដូច្នេះ សហគ្រាសទុនបរទេសជាច្រើនបាននាំគ្នាជ្រើសរើសប្រទេសចិន ។ ពីខែមករាដល់ខែវិចិ្ឆកាឆ្នាំ២០២៣នៅប្រទេសចិន ចំនួនសហគ្រាសថ្មីដែលវិនិយោគដោយសហគ្រិនបរទេសបានកើនឡើង៣៦,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ។ អត្រាទទួលចំណេញនៃការវិនិយោគផ្ទាល់របស់សហគ្រិនបរទេសនៅប្រទេសចិនក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះប្រហែលជា៩ភាគរយ ដែលស្ថិតនៅកម្រិតខ្ពស់បង្គួរលើឆាកអន្តរជាតិ ។ នេះបានបង្ហាញយ៉ាងពេញលេញថា ការជ្រើសរើសទីផ្សារចិនមិនមែនជាហានិភ័យនោះទេ តែគឺជាឱកាសទៅវិញ ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាសេដ្ឋកិច្ចពិភពលោកកំពុងបើកធ្វើ ។ លោក Borge Brende អគ្គនាយកនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា ក្នុងឋានៈជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសចិនអាចរួមចំណែកក្នុងការស្តារជំនឿចិត្តរវាងប្រទេសនិងប្រទេសឡើងវិញ ។ តើ “ការជឿទុកចិត្ត”ចំពោះចិនបែបនេះគឺមកពីណា?គឺមកពីភាពនឹងនរនិងនិរន្តរភាពក្នុងរយៈពេលជាយូរនៃគោលនយោបាយរបស់ចិន មកពីការបើកទូលាយចំពោះអន្តរជាតិរបស់ចិនដែលបានពង្រីកជាបន្តបន្ទាប់ ហើយក៏មកពីទំនើបកម្មបែបផែនចិនដែលប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនិងកាលានុវត្តភាពដែលអាចចែករំលែកជាមួយពិភពលោកទាំងមូល ៕