ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការកើនឡើងយ៉ាងខ្លាំងនៃបរិមាណនាំចេញរថយន្តរបស់ប្រទេសចិន បានត្រួសត្រាយផ្លូវថ្មីសម្រាប់ឱ្យសហគ្រាសផលិតរថយន្តចិនធ្វើអាជីវកម្មនៅបរទេស
2024-01-13 11:40:57cri
Share with:

        ប៉ុន្មានថ្ងៃកន្លងទៅនេះ នាវាដឹកជញ្ជូនខ្នាតធំមួយគ្រឿងដែលបើកចេញពីកំពង់ផែ Yan Tai ខេត្ត សានតុងប្រទេសចិនបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ នាវានេះនឹងផ្ទុករថយន្តចំនួន៧ពាន់គ្រឿងនៅកំពង់ផែសិនជិន រួចធ្វើដំណើរឆ្ពោះទៅកាន់អ៊ឺរ៉ប់ ដើម្បីបំពេញតាមតម្រូវការរបស់ទីផ្សារក្នុងតំបន់ ។ ទីភ្នាក់ងារសារព័ត៌មានAPបានវាយតម្លៃថា ការកើនឡើងយ៉ាងខ្លាំងនៃបរិមាណនាំចេញរថយន្តរបស់ប្រទេសចិន បានត្រួសត្រាយផ្លូវថ្មីសម្រាប់ឱ្យសហគ្រាសផលិតរថយន្តចិនធ្វើអាជីវកម្មនៅបរទេស

      នាពេលបច្ចុប្បន្ននេះ រថយន្តរបស់ចិនបាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួនជាង២រយលើពិភពលោក ។ ទិន្នន័យដែលសមាគមឧស្សាហកម្មរថយន្តប្រទេសចិនចេញផ្សាយនៅថ្ងៃទី១១ ខែមករាឱ្យដឹងថា នៅឆ្នាំ២០២៣ បរិមាណផលិតនិងលក់រថយន្តរបស់ចិនសុទ្ធតែបានលើសពី៣០លានគ្រឿងជាលើកដំបូង ដែលបានជាប់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ។

      ប្រព័ន្ធសារព័ត៌មានជប៉ុនបានផ្សាយដំណឹងឱ្យដឹងថា ប្រការនេះមានន័យថា ចិនបានវ៉ាផ្ដាច់ជប៉ុន ក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេនៅលើពិភពលោក ។ រីឯប្រព័ន្ធសារព័ត៌មានបរទេសផ្សេងទៀតដូចជាទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើមបានសម្គាល់ឃើញថា នេះជាជំហានដ៏សំខាន់មួយសម្រាប់ឱ្យប្រទេសចិនប្រែក្លាយពី“ប្រទេសធំខាងរថយន្ត”ទៅជា“ប្រទេសខ្លាំងក្លាខាងរថយន្ត” ហើយវាក៏ជានិមិត្តសញ្ញានៃបម្រែបម្រួលធំនិងសំខាន់នៃរចនាសម័្ពន្ធឧស្សាហកម្មរថយន្តសកលផងដែរ ។

      ហេតុអ្វីបានជារថយន្តចិនបានទទួលប្រជាប្រិយភាពពីពិភពលោក? អ្នកជំនាញពាក់ព័ន្ធបានវិភាគថាទីមួយ គឺដោយមកពីប៉ុន្មានឆ្នាំកន្លងទៅនេះ មុខងារនិងគុណភាពរបស់រថយន្តចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់នៅលើពិភពលោកទាំងមូលពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាពិសេស គឺរថយន្តម៉ាកសញ្ញារបស់ចិនបានក្តាប់ជាប់កាលានុវត្តភាពរបស់រថយន្តថាមពលថ្មីតាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ដែលបានត្រួសត្រាយទីផ្សារបរទេសថែមមួយកម្រិតទៀត ក៏ដូចជាបានជំរុញដល់ការនាំចេញរថយន្តចិនផងដែរ ។

      ខណៈពេលបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែតុលាឆ្នាំ២០២៣ លោកGavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិកបានសាកល្បងបើកបររថយន្តថាមពលថ្មីរបស់ចិន ។ បន្ទាប់ពីបានដកបទពិសោធន៍ពីបច្ចេកវិទ្យាថ្មីៗដូចជា“បើកត្រឡប់ក្រោយនៅកន្លែងដដែល”ជាដើម លោក Newsom បានលើកមេដៃភ្លាម ដោយអះអាងថា “បច្ចេកវិទ្យានេះហួសពីការស្មានរបស់ខ្ញុំ ពួកយើងគួរតែរកមធ្យោបាយនាំចូលរថយន្តស៊េរីនេះទៅកាន់អាមេរិក” ។

      ក្រៅពីផលិតផលដែលមានគុណភាពល្អនិងតម្លៃថោក ការប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងពន្លឿនការធ្វើសកលភាវូបនីយកម្មក្នុងរយៈពេលយូរ ក៍ជា“វត្ថុទិព្វ”របស់សហគ្រាសចិនផងដែរ ។ ទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិចិនបានបង្ហាញឱ្យឃើញថា សហគ្រាសសំខាន់ៗដែលឈរនៅលំដាប់១០លេខខាងមុខក្នុងចំណោមសហគ្រាសផលិតរថយន្តថាមពលថ្មីរបស់ចិន មានប៉ាតង់លើសពី១សែននៅលើពិភពលោក  ព្រមទាំងមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ ។

      ក្រៅពីនេះ  ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អពេញលេញបានលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់រថយន្តចិន ។ លោក Cui Dongshu អគ្គលេខាធិការសមាគមព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើរចិនបានវិភាគថា ដោយសាររងឥទ្ធិពលពីការថមថយចុះនៃសេដ្ឋកិច្ចសកលនិងការប៉ះទង្គិចរវាងអ៊ុយក្រែននិងរុស្ស៊ីជាដើម សមត្ថភាពផ្គត់ផ្គង់របស់ពាណិជ្ជករផលិតរថយន្តនៅបរទេសបានធ្លាក់ចុះក្នុងកម្រិតមិនដូចគ្នា ។ រីឯខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ចិនមានភាពល្អពេញលេញ សមត្ថភាពផលិតបានរៀបចំឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះបានជំរុញដល់ការនាំចេញ ។

ការប៉ាន់ប្រមាណថ្មីបំផុតរបស់ធនាគារUBSបានបង្ហាញថា តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៤ ពាណិជ្ជករផលិតរថយន្តចិននឹងលក់ចេញរថយន្តចំនួន៥លានគ្រឿងទៅកាន់បរទេស ក្នុងនោះ ភាគីច្រើនគឺបំពេញតាមតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសអាស៊ីអាគ្នេយ៍ជាដើម ។ ប្រការនេះនឹងពង្រឹងឋានៈរបស់ចិនដែលជាប្រទេសនាំចេញរថយន្តធំជាងគេនៅលើពិភពលោក ហើយក៏នឹងនាំមកនូវផលប្រយោជន៍និងកាលានុវត្តភាពកាន់តែច្រើនដល់បណ្តាប្រទេសនានាផងដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស