ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បំណុលដែលមានទ្រង់ទ្រាយធំនិងកើនឡើងជាបន្តបន្ទាប់កំពុងគំរាមកំហែងដល់អនាគតនៃសេដ្ឋកិច្ចអាមេរិក
2024-01-05 17:42:58cri
Share with:

ដោយសាររងផលប៉ះពាល់ពីកត្តាដូចជាការកើនឡើងយ៉ាងគំហុកនៃបំណុលរដ្ឋាភិបាលនិងតម្លៃទំនិញកើនឡើងជាដើម ជនជាតិអាមេរិកបានរ៉ាប់រងបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ។ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ទិន្នន័យដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសនោះក៏បានវាយប្រហារមកលើពួកគេម្តងទៀត ៖ គិតមកទល់ថ្ងៃទី២ខែមករាតាមម៉ោងក្នុងតំបន់ ទំហំសរុបនៃបំណុលសាធារណៈនៃរដ្ឋាភិបាលសហព័ន្ធអាមេរិកបានលើសពី៣៤ទ្រីលានដុល្លារអាមេរិកជាលើកដំបូង។

តើ៣៤ទ្រីលានដុល្លារអាមេរិកមានន័យថាម៉េច? តាមការគណនានៃស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកឱ្យដឹងថា វាគឺលើសពី១២០ភាគរយនៃ GDP របស់អាមេរិក ដែលមានន័យថា ជនជាតិអាមេរិកម្នាក់ៗនឹងទទួលបន្ទុកបំណុលយ៉ាងហោចណាស់ ១សែនដុល្លារអាមេរិក ។ នេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចនិងសង្គមអាមេរិក ។

តើបំណុលដ៏ច្រើនលើសលប់នេះគឺកើតមានយ៉ាងម៉េច? អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា ដើម្បីបំពេញឱនភាព រដ្ឋាភិបាលអាមេរិកបានទទួលប្រាក់ទុនតាមរយៈការដាក់ចេញប័ណ្ណបំណុលជាតិក្នុងរយៈពេលជាយូរណាស់មកហើយ ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ សេដ្ឋកិច្ចអាមេរិកធា្លក់ក្នុងសភាពទាល់ច្រក ។ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលអាមេរិកបានដាក់ចេញប័ណ្ណបំណុលជាតិជាច្រើន ដែលនាំឱ្យល្បឿនកំណើននៃបំណុលកើនលឿនជាងការប៉ាន់ប្រមាណ ។ ដើម្បីទប់ស្កាត់អតិផរណា ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានតម្លើងការប្រាក់ជាបន្តបន្ទាប់ ដែលបន្ថែមថ្លៃដើមនៃការសងបំណុលនៃរដ្ឋាភិបាលអាមេរិកថែមមួយកម្រិតទៀត ។ ក្រៅពីនេះ ស្របពេលដែលការចំណាយរបស់រដ្ឋាភិបាលកើនឡើង និងប្រាក់ចំណូលពន្ធដារត្រូវបានកាត់បន្ថយ ទំហំបំណុលបានពង្រីកដោយចៀសមិនបាន ។

អ្នកវិភាគបានប៉ាន់ប្រមាណថា តាមនិន្នាការបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនឹងបន្ថែមបំណុលលើសពី២ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ។ ដោយគិតពិចារណាដល់បក្សទាំងពីររបស់សហរដ្ឋអាមេរិកដែលកំពុងកើតមានវិវាទយ៉ាងស្រួចស្រាវលើបញ្ហាហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលគ្មានបំណងដោះស្រាយបំណុលនោះទេ មជ្ឈដ្ឋានខាងក្រៅប៉ាន់ប្រមាណថា បញ្ហាបំណុលអាមេរិកនឹងកាន់តែអាប់អួថែមមួយកម្រិតទៀត ។

ក្នុងបំណុលរដ្ឋាភិបាលអាមេរិក សមាមាត្រនៃបំណុលបរទេសគឺខ្ពស់ណាស់ ។ បំណុលអាមេរិកបានបំបែកកំណត់ត្រាថ្មីជាបន្តបន្ទាប់ ហានិភ័យនៃការបំពានកិច្ចសន្យាបានកើនឡើង វាច្បាស់ណាស់ថានឹងប៉ះពាល់ដល់ជំនឿចិត្តរបស់វិនិយោគិនបរទេសចំពោះសេដ្ឋកិច្ចអាមេរិក។ ប្រសិនបើវិនិយោគិនកាត់បន្ថយឬលក់ចេញបំណុលអាមេរិក នោះ ដុល្លារអាមេរិកនឹងប្រឈមមុខនឹងកម្លាំងសម្ពាធនៃការចុះថោក ថែមទាំងបង្កើនបន្ទុកសងបំណុលនិងបញ្ហាក្នុងការប្រមូលហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាមេរិកទៀតផង ។

ក្នុងបរិបទវិបត្តិបំណុល បក្សទាំងពីររបស់អាមេរិកនៅតែប្រយុទ្ធយ៉ាងក្តៅគគុកជុំវិញបញ្ហាថវិកាដដែល ប្រសិនបើមិនអាចឈានដល់គំនិតឯកភាពរួមទេ នោះ រដ្ឋាភិបាលអាមេរិកប្រហែលនឹងប្រឈមមុខនឹងបញ្ហាផ្អាកដំណើរការម្តងទៀត ។ ប្រសិនបើកើតមានករណីនេះ មន្ត្រីជាច្រើននាក់ដែលធ្វើការនៅជួររដ្ឋាភិបាលនឹងត្រូវបង្ខំឱ្យឈប់សម្រាកដោយគ្មានប្រាក់ខែឬពន្យារពេលបើកប្រាក់ខែ រីឯគម្រោងដែលកាត់បន្ថយការចំណាយរដ្ឋាភិបាលតែងតែពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងគម្រោងជីវភាពរស់នៅរបស់ប្រជាជន ។ ពោលគឺ ទីបំផុត អ្នកដែលរងការខាតបង់គឺប្រជាជនអាមេរិកតែម្ដង។

បើមើលពីផ្ទៃអន្តរជាតិ ដោយសារដុល្លារអាមេរិកជារូបិយវត្ថុបម្រុងទុកនិងរូបិយវត្ថុទូទាត់ទីមួយលើទូទាំងពិភពលោក ដូច្នេះ រូបមន្តរបស់អាមេរិកដែលជំពាក់បំណុលលើសកម្រិត និងមិនទទួលរងការដាក់កំហិត នឹងបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុអន្តរជាតិមានភាពកក្រើករំពើក ក៏ដូចជាបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល ។

មិនពិបាកឃើញថា បញ្ហាវិវាទដ៏សែនជ្រៅនៃសេដ្ឋកិច្ចអាមេរិកនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដែលបណ្តាលឱ្យវិបត្តិបំណុលកើតឡើងម្តងហើយម្តងទៀត ។ នេះមិនត្រឹមតែនាំមកនូវហានិភ័យកំបាំងនិងភាពចលាចលដល់សង្គមអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវភាពមិនប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកផងដែរ ។ តើអ្នកណាជាហានិភ័យដ៏ខ្លាំងនៃសន្តិសុខសេដ្ឋកិច្ចពិភពលោក?ចម្លើយគឺមិនបាច់និយាយក៏គេដឹងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស