កិច្ចប្រជុំការងារកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងពីថ្ងៃទី២៧ដល់ថ្ងៃទី២ខែធ្នូឆ្នាំ២០២៣។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនិងថ្លែងសុន្ទរកថា ដើម្បីបូកសរុបសមិទ្ធផលនិងបទពិសោធន៍នៃកិច្ចការការទូតរបស់ប្រទេសចិនដែលមានលក្ខណៈពិសេសចិននៅក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ហើយបានធ្វើការចាត់ចែងដោយគ្រប់ជ្រុងជ្រោយលើការងារបរទេសរបស់ប្រទេសចិននាពេលបច្ចុប្បន្ននិងអនាគត។ តើអ្វីទៅជាគោលគំនិតស្នូលនៃទស្សនៈការទូតរបស់លោកXiJinping? តើការទូតរបស់ចិននឹងឆ្លើយតបយ៉ាងណាចំពោះបញ្ហាសំខាន់និងការប្រឈមធំៗដែលពិភពលោកកំពុងជួបប្រទះនាសព្វថ្ងៃនេះ?
សន្តិភាពនិងការអភិវឌ្ឍគឺជានិន្នាការនិងជាចរន្តសំខាន់នៃការអភិវឌ្ឍពិភពលោក បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២មក ដែលបានអនុញ្ញាតឱ្យសង្គមមនុស្សជាតិរក្សាបាននូវសន្តិភាពជាទូទៅអស់រយៈពេលជាង៧០ឆ្នាំមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និន្នាការទាំងពីរនេះត្រូវបានរងផលប៉ះពាល់ពីច្រើនផ្នែក។មនោគមវិជ្ជានៃសង្រ្គាមត្រជាក់បានត្រលប់មកវិញ ហើយគំនិតអនុត្តរភាព និងការធ្វើបដិបក្ខខាងមនោគមវិជ្ជា ដូចជា "ប្រទេសខ្លាំងត្រូវតែធ្វើអនុត្តរភាព"ជាដើមត្រូវបានសារើឡើងវិញនេះគឺម្យ៉ាង ហើយម្យ៉ាងវិញទៀត ឯកតោភាគីនិយម និងគាំពារនិយមបាននិងកំពុងរីករាលដាល សកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបប្រទះនឹងចរន្តបញ្ច្រាស។
ប្រឈមមុខនឹងការផ្លាស់ប្តូរដែលកម្រមានក្នុងមួយសតវត្សនេះ លោកXiJinpingបានបង្កើតនិងអភិវឌ្ឍគំនិតការទូតរបស់លោកចាប់តាំងពីលោកឡើងកាន់អំណាចមក ដែលបានត្រួសត្រាយនូវសភាពការណ៍ថ្មីនៃទ្រឹស្តី និងការអនុវត្តខាងវិស័យការទូតរបស់ចិន និងផ្តល់នូវគោលការណ៍ណែនាំជាមូលដ្ឋានសម្រាប់ការលើកកម្ពស់ការទូតរបស់ដែលមានលក្ខណៈពិសេសចិន។
កិច្ចប្រជុំការងារកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចង្អុលបង្ហាញថា ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិគឺជាគំនិតស្នូលនៃទស្សនៈការទូតរបស់លោក Xi Jinping និងជាគោលដៅដ៏ខ្ពង់ខ្ពស់របស់ការទូតមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី។ គំនិតនេះត្រូវបានលើកឡើងដោយលោក Xi Jinping កាលពី ១០ ឆ្នាំមុន។ ពោលគឺ យកអភិបាលកិច្ចសកលដែលផ្អែកលើការពិគ្រោះយោបល់រួមគ្នា ការកសាងរួមគ្នា និងការចែករំលែកអត្ថប្រយោជន៍រួមគ្នាជាមាគ៌ានៃការអនុវត្ត យកការអនុវត្តតម្លៃរួមនៃមនុស្សជាតិទាំងមូល ជាគោលការណ៍ទូទៅ យកការលើកកម្ពស់រួមគ្នាកសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មីជាការគាំទ្រជាមូលដ្ឋាន និងយកការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលជាយុទ្ធសាស្ត្រណែនាំ យកការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាវេទិកាអនុវត្តជាក់ស្តែង ដើម្បីជំរុញឱ្យប្រទេសនីមួយៗពួតដៃរួមគ្នាដោះស្រាយបញ្ហាប្រឈម សម្រេចបាននូវវិបុលភាពរួម និងជំរុញពិភពលោកឱ្យឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសន្តិភាព សន្តិសុខ វិបុលភាព និងវឌ្ឍនភាព។
ដោយប្រកាន់ខ្ជាប់នូវគោលគំនិតស្នូលនៃការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ តើយើងគួរឆ្លើយតបនិងដោះស្រាយយ៉ាងដូចម្តេចចំពោះបញ្ហាសំខាន់និងការប្រឈមធំៗមួយចំនួនដែលពិភពលោកកំពុងជួបប្រទះសព្វថ្ងៃនេះ?លោកXi Jinpingបានលើកឡើងនូវដំណោះស្រាយពីរនៅក្នុងកិច្ចប្រជុំនេះ ពោលគឺផ្តួចផ្តើមឡើងនូវពហុប៉ូលភាវូបនីយកម្មពិភពលោកដោយស្មើភាពនិងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានបរិយាប័ន្ននិងទទួលផលប្រយោជន៍ជាមួយគ្នា។
ពហុប៉ូលភាវូបនីយកម្មពិភពលោកដោយស្មើភាពនិងមានសណ្តាប់ធ្នាប់មានន័យថា ប្រកាន់ខ្ជាប់នូវសមភាពនៃគ្រប់ប្រទេសទាំងអស់ មិនថាប្រទេសតូចឬប្រទេសធំ ប្រឆាំងអនុត្តរភាពនិងនយោបាយអាងអំណាច ហើយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ត្រូវតែរួមគ្នាគោរពតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមគ្នាប្រកាន់ខ្ជាប់នូវបទដ្ឋានជាក្រមនៃទំនាក់ទំនងអន្តរជាតិដែលទទួលស្គាល់ជាសកលនិងអនុវត្តពហុភាគីនិយមដោយពិតប្រាកដ។
សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានបរិយាប័ន្ននិងទទួលផលប្រយោជន៍ជាមួយគ្នាគឺអនុលោមតាមតម្រូវការរួមរបស់ប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាអតុល្យភាពនៃការអភិវឌ្ឍរវាងប្រទេស និងក្នុងប្រទេសដែលបណ្តាលមកពីការបែងចែកធនធានសកល។ ប្រឆាំងយ៉ាងដាច់ខាតចំពោះឯកតោភាគីនិយមនិងគាំពារនិយមតាមគ្រប់ទម្រង់ ជំរុញយ៉ាងម៉ឺងម៉ាត់នូវសេរីភាវូបនីយកម្មខាងពាណិជ្ជកម្ម និងសេរីភាវូបនីយកម្មខាងការវិនិយោគ និងផ្ដល់ភាពងាយស្រួល ដោះស្រាយបញ្ហាលំបាកដែលរារាំងដល់ការអភិវឌ្ឍដោយស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក និងជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍតាមទិសដៅបើកចំហ បរិយាប័ន្នការទទួលផលប្រយោជន៍ជាទូទៅ និងមានតុល្យភាព។
គំនិតទាំងពីរនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងផ្ចិតផ្ចង់នៃគំនិតការទូតរបស់លោក Xi Jinpingនៅក្នុងការអនុវត្តជាក់ស្តែងជាវិធីសាស្ត្រដែលចិនតែងតែអនុវត្ត ដើម្បីសម្របខ្លួនជាមួយពិភពលោក ហើយក៏ជាការបន្តវេននូវទស្សនៈគុណតម្លៃបុរាណចិនដូចជា“សន្ដិភាពជាអទិភាព” “រួមរស់ជាមួយគ្នាដោយសុខដុមរមនា” “បម្រើប្រយោជន៍រួមគ្នា” “រីកចម្រើនរួមគ្នា” និង “ចែករំលែកភាពស្រស់ស្អាត និងធ្វើឱ្យពិភពលោកសុខសានត្រាណ”ជាដើម។ មិនថាជាប្រទេសតូចឬធំ មិនថាជាប្រទេសអភិវឌ្ឍន៍ឬជាប្រទេសកំពុងអភិវឌ្ឍន៍ប្រទេសទាំងអស់សុទ្ធតែជាសមាជិកនៃមហាគ្រួសារនៃសង្គមមនុស្សជាតិ និងជាសហគមន៍វាសនារួម ដែលមានផលប្រយោជន៍ជាមួយគ្នានិងរួមសុខរួមទុក្ខជាមួយគ្នា។ នៅក្នុងបរិបទបច្ចុប្បន្នដែលបញ្ហាប្រឈមជាសកលកើតឡើងជាញឹកញាប់ គំនិតដ៏ច្បាស់លាស់បែបនេះឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ប្រទេសដ៏សំខាន់មួយ ដែលទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ និងជោគវាសនារបស់មនុស្សជាតិទាំងអស់៕