ប្រទេសចិនបានក្លាយជា"ប្រទេសធំប្រកបដោយទំនួលខុសត្រូវដែលកាន់តែមានកម្លាំងឥទ្ធិពលលើឆាកអន្តរជាតិ មានកម្លាំងដឹកនាំក្នុងការច្នៃប្រឌិតថ្មីនិងមានការអំពាវនាវខាងសច្ចយុត្តិធម៌" នេះគឺជាសេចកី្តសនិ្នដ្ឋានដែលធ្វើឡើងក្នុងសន្និសីទការងារកិច្ចការបរទេសនៃមជ្ឈិមចិនដែលបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ ។
ជាបឋម ប្រទេសចិនជាស្ថាបនិកនៃសន្តិភាពពិភពលោក ។ បើរំលឹកឡើងវិញពីស្ថានការណ៍ពិភពលោកក្នុងឆ្នាំ ២០២៣ គ្មានអ្វីគួរឱ្យសង្ស័យឡើយ "សង្រ្គាម"គឺជាពាក្យគន្លឹះមួយ ។ យោងតាមទិន្នន័យដែលបានចេញផ្សាយដោយវិទ្យាស្ថានយុទ្ធសាស្ត្រអន្តរជាតិរបស់អង់គ្លេសនៅខែនេះបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ ២០២៣ នៅទូទាំងពិភពលោកបានកើតមានការប៉ះទង្គិចក្នុងតំបន់យ៉ាងហោចណាស់ចំនួន ១៨៣ លើកដែលឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ។ ប្រឈមមុខនឹងភាពចលាចលនិងវិបត្តិ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងធ្វើកិច្ចសម្របសម្រួលដើម្បីសម្រេចបាននូវការឈប់បាញ់គ្នា ។ សូមយកការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលធ្វើជាឧទាហរណ៍ ប្រទេសចិនបានសង្កត់ធ្ងន់ក្នុងកាលៈទេសៈជាច្រើនថា ច្រកចេញជាសារវន្តសម្រាប់ដោះស្រាយការប៉ះទង្គិច គឺត្រូវអនុវត្ត"ដំណោះស្រាយរដ្ឋពីរ" ។ ដូច្នេះហើយ មន្ត្រីចិនបានបំពេញទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ាជាច្រើន ។ ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ ប្រទេសចិនបានជំរុញការអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៧១២ ស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល ។ លើសពីនេះទៅទៀត ប្រទេសចិនក៏បានផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ប៉ាឡេស្ទីនផងដែរ ។
សូមបញ្ជាក់ថា ក្នុងបរិបទនៃសង្គ្រាមរ៉ាំរ៉ៃ ការផ្សះផ្សាគ្នា គឺមានតម្លៃពន់ពេក ។ កាលពីខែមីនា ឆ្នាំនេះ ប្រទេសចិន អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានឈានដល់《កិច្ចព្រមព្រៀងក្រុងប៉េកាំង》នៅទីក្រុងប៉េកាំង ដែលជំរុញឱ្យអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ឯកភាពគ្នាស្តារទំនាក់ទំនងការទូតឡើងវិញ ។ ប្រទេសចិនបានបញ្ជាក់តាមរយៈប្រតិបត្តិការជាក់ស្តែងថា ជានិច្ចកាល ខ្លួនតែងតែឈរនៅម្ខាងនៃសន្តិភាពយ៉ាងមុតមាំ ឈរនៅម្ខាងនៃការធ្វើកិច្ចសន្ទនាដោយសន្តិភាព ក៏ដូចជាឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវតិ្តសាស្ត្រ ។
បន្ទាប់មក ប្រទេសចិនជាអ្នករួមចំណែកនៃការអភិវឌ្ឍសកល ។ តាមការប៉ាន់ប្រមាណនៃសន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិឱ្យដឹងថា ទំហំពាណិជ្ជកម្មសកលក្នុងឆ្នាំ ២០២៣ នឹងត្រូវកាត់បន្ថយជិត ៥ភាគ រយ ឯ GDP សកលនឹងធ្លាក់ចុះមកនៅត្រឹម ២,២ ភាគរយ ។ល។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយជាបន្តបន្ទាប់ ។ ប្រឈមមុខនឹងបរិយាកាសខាងក្រៅបែបនេះ សេដ្ឋកិច្ចចិនបានបន្តកើនឡើងវិញនិងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ។ នៅបីត្រីមាសដើមឆ្នាំនេះ GDP របស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយនៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដដែល ។ គ្រឹះស្ថានអន្តរជាតិជាច្រើនបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងឈាន់ដល់ ១ភាគ ៣ ។
ទីបី ប្រទេសចិនជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ។ យន្តការសហប្រតិបត្តិការ BRICS បានប្រកាសថា ទទួលយកប្រទេសចំនួន ៦ ដែលបូករួមទាំងអាហ្សង់ទីន និងអេហ្ស៊ីបជាដើមឱ្យចូលជារដ្ឋសមាជិកថ្មីដែលសម្រេចបាននូវការបន្ថែមចំនួនសមាជិកជាប្រវត្តិសាស្ត្រ អង្គការសហប្រតិបត្តិការសៀងហៃបានបន្ថែមចំនួនសមាជិកម្តងទៀត សហភាពអាហ្រ្វិកបានចូលជាសមាជិកនៃប្រទេសG ២០ ជាផ្លូវការ ។ល។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក កម្លាំងឥទ្ធិពលនៃ"សកលខាងត្បូង(Global South)"កាន់តែខ្លាំងឡើងៗដែលជំរុញពិភពលោកឱ្យវិវត្តន៍ទៅកាន់ទិសដៅនៃការធ្វើពហុប៉ូលភាវូបនីយកម្មនៃពិភពលោក ។
នៅចុងឆ្នាំ ២០២៣ ទំនាក់ទំនងចិន-អាមេរិកដែលជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោកបានបញ្ឈប់ការធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព ។ កិច្ចជំនួបរយៈពេលយូររវាងប្រមុខរដ្ឋនៃប្រទេសចិននិងសហរដ្ឋអាមេរិកដែលដំណើរការជិត ៤ ម៉ោងបានបង្កើតជា"ចក្ខុវិស័យសាន់ហ្វ្រាន់ស៊ីស្កូ"សម្រាប់ឆ្ពោះទៅរកអនាគត ។ ពិភពលោកមានក្តីសោមនស្សរីករាយដោយសារឃើញទំនាក់ទំនងចិន-អាមេរិកដែលកាន់តែមានស្ថិរភាពអាចបំពេញបន្ថែមនូវភាពប្រាកដប្រជានិងស្ថិរភាពដល់ពិភពលោកដែលបាននិងកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងកំណែទម្រង់ ។
ឆ្នាំ ២០២៣ ប្រទេសចិនបានបង្ហាញពីទំនួលខុសត្រូវនៃប្រទេសធំតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ។ ដោយឡែកនៅឆ្នាំ ២០២៤ ប្រទេសចិននឹងធ្វើអន្តរកម្មកាន់តែល្អប្រសើរជាមួយពិភពលោកដើម្បីឆ្ពោះទៅរកគោលដៅនៃការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ !