ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការយកអ្វីដែលហៅថា “សន្តិសុខ”ធ្វើជាលេសដើម្បីគាបសង្កត់សហគ្រាសចិនដោយគ្មានហេតុផល វាមិនអាចទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនបានឡើយ
2023-12-20 14:30:47cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអង់គ្លេសបានបែកធ្លាយឱ្យដឹងថា បណ្តាញអគ្គិសនីជាតិអង់គ្លេសបានដកចេញគ្រឿងបន្លាស់ដែលផ្តល់ដោយសហគ្រាសចិន ដោយយក"សន្តិសុខធ្វើជាលេស ។អ្នកវិភាគបានលើកឡើងថា ប្រសិនបើរឿងនេះជាការពិត នោះគឺមានន័យថា ភាគីអង់គ្លេសបានមួលបង្កាច់និងបន្តុះបង្អាប់សហគ្រាសចិន ក៏ដូចជាឃោសនាបំប៉ោងពីអ្វីដែលហៅថា ការគំរាមកំហែងពីប្រទេសចិន ដើម្បីបង្កឧបសគ្គដល់ការអភិវឌ្ឍរបស់សហគ្រាសចិននៅបរទេស ។

តាមការផ្សាយដំណឹងនៃកាសែត Financial Times ឱ្យដឹងថា បុគ្គលិកនៃក្រុមហ៊ុនពាក់ព័ន្ធរបស់ចិនបានថ្លែងថា ក្រុមហ៊ុននេះធ្លាប់ពិភាក្សាអំពីបញ្ហាសន្តិសុខតាមបណ្តាញជាមួយបណ្តាញអគ្គិសនីជាតិអង់គ្លេស ប៉ុន្តែ មិនបានរកឃើញបញ្ហាអ្វីទេ ហើយវិស្វករក៏បានធ្វើតេស្តរួចហើយដែរ ដែល មិនបានរកឃើញហានិភ័យលាក់បង្កប់ណាមួយទេ ។ ប៉ុន្តែបច្ចុប្បន្ននេះ បុគ្គលិកនៃក្រុមហ៊ុននេះមិនត្រូវអនុញ្ញាតឱ្យចូលក្នុងរោងចក្រដាក់តំឡើងគ្រឿងបន្លាស់ទេ ហើយបណ្តាញអគ្គិសនីជាតិអង់គ្លេសក៏មិនទម្លាយឱ្យដឹងពីមូលហេតុដែលបណ្តាលឱ្យបញ្ចប់កិច្ចសហប្រតិបត្តិការនោះដែរ ។

បើសិនជាគ្មានហានិភ័យ តើហេតុអ្វីបានជាមានអ្វីដែលហៅថាបញ្ហាសន្តិសុខ? អ្នកជំនាញយល់ឃើញថា អង់គ្លេសយក សន្តិសុខធ្វើជាលេស ដើម្បីចោទប្រកាន់ទៅលើសហគ្រាសចិន គឺមានគោលបំណងនយោបាយពីរ ។ មួយផ្នែក គឺធ្វើតាមសហរដ្ឋអាមេរិក បង្កើនការគាបសង្កត់ទៅលើសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន ដែលបង្ហាញពីអ្វីដែលហៅថា ទំនាក់ទំនងសម្ព័ន្ធមិត្តពិសេសរវាងអង់គ្លេសនិងសហរដ្ឋអាមេរិក ។ មួយផ្នែកទៀត អង់គ្លេសនឹងរៀបចំធ្វើការបោះឆ្នោតសកលនៅឆ្នាំក្រោយ ដូច្នេះ បក្សកាន់អំណាចរំពឹងថា អាចទទួលបានសន្លឹកឆ្នោតកាន់តែច្រើនតាមរយៈការកាន់អាកប្បកិរិយាតឹងរ៉ឹងចំពោះប្រទេសចិន ។

តាមការផ្សាយដំណឹងឱ្យដឹងថា សហគ្រាសចិនពាក់ព័ន្ធនឹងរឿងនេះសុទ្ធតែជាសហគ្រាសឈានមុខក្នុងវិស័យគ្រប់គ្រងឧស្សាហកម្មនិងថាមពលស្អាត ដែលមានសមត្ថភាពសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយម្ចាស់ការដ៏ខ្លាំងក្លា ។ តួនាទីនៃសហគ្រាសបែបនេះគឺមិនអាចជំនួសបានដោយងាយៗនោះទេ ។ ភាគីអង់គ្លេសមិនអើពើនឹងក្រឹត្យក្រមទីផ្សារនិងច្រានចោលសហគ្រាសផ្គត់ផ្គង់របស់ចិន មុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន ។

បច្ចុប្បន្ននេះ ដោយសាររងផលប៉ះពាល់ពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន តម្លៃថាមពលអង់គ្លេសបានកើនឡើងយ៉ាងខ្លាំង ហើយចំណាយថ្លៃដើមនៃជីវភាពរស់នៅរបស់ប្រជាជនក៏បានកើនឡើងដែរ ។ នេះនឹងជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសបង្កើនការកែសម្រួលចំពោះបណ្តាញអគ្គិសនី ប៉ុន្តែការច្រានចោលគ្រឿងបន្លាស់នៃសហគ្រាសរបស់ចិនលើកនេះ ប្រហែលនឹងបណ្តាលឱ្យការកែសម្រួលបណ្តាញអគ្គិសនីពន្យារពេលនិងបន្ថែមចំណាយថ្លៃដើម ។ នេះគឺមានន័យថា ប្រជាជនអង់គ្លេសប្រហែលនឹងរ៉ាប់រងតម្លៃថាមពលខ្ពស់ក្នុងរយៈពេលយូរ ។

ក្រៅពីនេះ រដ្ឋាភិបាលអង់គ្លេសធ្លាប់ប្រកាសនៅឆ្នាំ២០២១ថា នឹងសម្រេចបាននូវគោលដៅកម្លាំងអគ្គិសនីដើរដោយថាមពលស្អាត១០០ភាគរយនៅឆ្នាំ២០៣៥ ប៉ុន្តែភាពអន់ថយនៃបណ្តាញអគ្គិសនីបានបង្កជាផលប៉ះពាល់ដល់ការធ្វើបរិវត្តកម្មថាមពលរបស់អង់គ្លេស ។ ដោយសារខ្វះផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធកម្លាំងអគ្គិសនី ថែមទាំងបានច្រានចោលសហគ្រាសចិនដែលសម្បូរទៅដោយបទពិសោធន៍ទៀត អ៊ីចឹង ក្នុងនាមជាប្រទេសធំខាងការបញ្ចេញកាបូនដែល"ឈរនៅលំដាប់នាំមុខ" អង់គ្លេសប្រហែលពិបាកណាស់ក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយការបញ្ចេញកាបូននោះឡើយ ។

តាមការពិត ការយកអ្វីដែលហៅថា សន្តិសុខធ្វើជាលេស ដើម្បីជំរុញការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ក៏ដូចជាគាបសង្កត់សហគ្រាសចិនដោយគ្មានហេតុផល គឺមិនអាចទប់ស្កាត់ការអភិវឌ្ឍរបស់ចិនបានទេ ។ ឥស្សរជនប្រកបដោយវិចារណញាណក្នុងស្រុកអង់គ្លេសគួរតែដឹងច្បាស់ថា មធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ឱ្យចិននិងអង់គ្លេសរួមរស់ជាមួយគ្នាគឺធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជំរុញឱ្យទំនាក់ទំនងទ្វេភាគីទទួលការអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនិងនឹងនរ ព្រមទាំងធ្វើឱ្យទូទាំងពិភពលោកទទួលបានផលប្រយោជន៍ពីក្នុងនោះទៀតផង ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស