ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បណ្តាប្រទេសនានាគួរតែអនុវត្តយ៉ាងផ្ចិតផ្ចង់នូវ"កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ"ស្តីពីបម្រែបម្រួលអាកាសធាតុនេះ
2023-12-16 16:38:27cri
Share with:

       ពេលថ្មីៗនេះ   មហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨(COP28)បានបិទបញ្ចប់នៅទីក្រុងឌូបៃ។ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកលបានវាយតម្លៃជាទូទៅចំពោះសមិទ្ធផលនៃមហាសន្និបាតCOP28  ថា នេះគឺជា"កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ"និង"បានមកដោយមិនងាយទេ"។

      "មតិឯកភាពអេមីរ៉ាតអារ៉ាប់រួម"ដែលបានឈានដល់ក្នុងមហាសន្និបាតលើកនេះបានឈានដល់កិច្ចព្រមព្រៀងជាលើកដំបូងស្តីពី"ការធ្វើបរិវត្តកម្មរើបម្រះចេញពីឥន្ធនៈហ្វូស៊ីល"។ ទីភ្នាក់ងារសារព័ត៌មានបារាំងបានថ្លែងថា  នេះជាលើកដំបូងដែលប្រទេសនានាបានឯកភាពគ្នាធ្វើបរិវត្តកម្មពីថាមពលហ្វូស៊ីល  ចាប់តាំងពីកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៃអង្គការសហប្រជាជាតិបានធ្វើឡើងអស់រយៈពេលជិត៣០ឆ្នាំមក។

      កិច្ចព្រមព្រៀងនេះគឺបានមកដោយមិនងាយទេ។  មុនពេលនេះ  ភាគីនានាបានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកអំពីបញ្ហាថា តើត្រូវរំដោះខ្លួនចេញពីឥន្ធនៈហ្វូស៊ីលក្នុងកម្រិតយ៉ាងណា។ នៅទីបញ្ចប់"ការធ្វើបរិវត្តកម្មរើបម្រះចេញពីឥន្ធនៈហ្វូស៊ីលតាមរបៀបយុត្តិធម៌ មានសណ្តាប់ធ្នាប់និងសមហេតុផល"ដែលភាគីនានាសុទ្ធតែអាចទទួលយកបាន  ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀង។

ក្រៅពីការឈានដល់កិច្ចព្រមព្រៀងស្តីពី"ការធ្វើបរិវត្តកម្មរើបម្រះចេញពីឥន្ធនៈហ្វូស៊ីល"   សមិទ្ធផលនៃមហាសន្និបាតក៏រួមមានទាំង៖  បន្ទាប់ពីអនុម័តលើសេចក្តីសម្រេចចិត្តមូលនិធិស្ដីពី"ការខាតបង់និងផលប៉ះពាល់"ដែលប្រទេសកំពុងអភិវឌ្ឍន៍ផ្តួចផ្តើមនៅថ្ងៃដំបូង ក៏បានឈានដល់ការបូកសរុបសកលជាលើកដំបូងបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយបូកសរុបនូវសមិទ្ធផលកន្លងមក ហើយបានតម្រង់ទិសយ៉ាងច្បាស់លាស់ដល់ដំណើរជំហានបន្ទាប់នៃការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល។ក្នុងនោះ ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានិងការចរចាអំពីគ្រប់ប្រធានបទ ហើយផ្សព្វផ្សាយគំនិតផ្តួចផ្តើមរបស់ប្រទេសចិននិងជំរុញពហុភាគីនិយមនៅកន្លែងជាច្រើន  ដែលបានបំពេញបន្ថែមនូវកម្លាំងចលករនយោបាយដ៏ខ្លាំងទៅក្នុងភាពជោគជ័យនៃមហាសន្និបាត។នេះហើយក៏ជាអាកប្បកិរិយាជាប់រហតូរបស់ភាគីចិនដែរ។

      នាពេលបច្ចុប្បន្ននេះ   ការអភិវឌ្ឍបៃតងនិងកាបូនទាបបានក្លាយជាគំនិតឯកភាពរួមជាសកល។  បណ្តាប្រទេសនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន  ហើយទទួលបានការវិវឌ្ឍរីកចម្រើនមួយចំនួន។ ប៉ុន្តែបើប្រៀបធៀបនឹងបម្រែបម្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ តើត្រូវអនុវត្តសមិទ្ធផលនៃមហាសន្និបាតលើកនេះយ៉ាងដូចម្ដេចទើបជាកិច្ចការដ៏សំខាន់បំផុត។

       ជាបឋម   ប្រទេសដែលបញ្ចេញកាបូនច្រើនក្នុងប្រវត្តិសាស្ត្រ ត្រូវតែរ៉ាប់រងទំនួលខុសត្រូវកាន់តែច្រើន ហើយក៏មានសមត្ថភាពកាន់តែខ្លាំងក្នុងការគាំទ្រការកាត់បន្ថយការបញ្ចេញកាបូនរបស់ប្រទេសកំពុងអភិវឌ្ឍ។

      បន្ទាប់មក  គ្រប់បណ្តាប្រទេសគួរតែធ្វើកិច្ចខិតខំយ៉ាងប្រាកដប្រជា ដើម្បីរួមចំណែករបស់ខ្លួនសម្រាប់មនុស្សជាតិរួមគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

     លើសពីនេះទៀត  ប្រទេសមួយចំនួនតូចមិនគួរ"យកបញ្ហាកាបូនមកបង្ករឿង"ឡើយ។ ក្នុងអំឡុងពេលCOP28 "ពន្ធកាបូន"(CBAM)របស់សហភាពអឺរ៉ុបត្រូវបានរិះគន់ដោយតំណាងចូលរួមមហាសន្និបាតដែលមកពីប្រទេសនិងតំបន់ជាច្រើនដូចជាប្រេស៊ីល  អាហ្វ្រិក ចិននិងឥណ្ឌាជាដើម។ តំណាងអាហ្រ្វិកម្នាក់បានថ្លែងថា "មិនត្រូវយកពន្ធការបូនស្មើគ្នាចំពោះតំបន់ដែលស្ទើរតែគ្មានការបញ្ចេញកាបូនក្នុងប្រវត្តិសាស្ត្រ"ទេ។ ភាគីនានាគួរតែរួមគ្នាប្រឆាំងនឹងការដាក់កំហិតលើពាណិជ្ជកម្មនិងការវិនិយោគ ដោយយកការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុធ្វើជាលេស។

      ឧបសគ្គរួមរបស់មនុស្សជាតិត្រូវតែពុះពាររួមគ្នា។ ភាគីនានាសុទ្ធតែត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់  ក៏ដូចពាក្យសម្តីរបស់មន្ត្រីអាកាសធាតុមួយរូបរបស់អង្គការសហប្រជាជាតិដែលបានលើកឡើងថា"នៅក្នុងប៉ុន្មានឆ្នាំដ៏សំខាន់ខាងមុខ   សំឡេងនិងការប្តេជ្ញាចិត្តរបស់អ្នកទាំងឡាយនឹងមានសារសំខាន់ជាងពេលណាៗទាំងអស់៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស