កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០០១ ប្រទេសចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)ជាផ្លូវការដែលបានក្លាយជារដ្ឋសមាជិក ទី ១៤៣ នៃអង្គការ WTO ។ នេះគឺជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាមួយក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាសញ្ញាកត់សម្គាល់ថា អ្នកផលិតនិងអ្នកប្រើប្រាស់ចំនួនជិត ១ ពាន់ ៣ រយលាននាក់បានចូលក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីទាំងស្រុងដែលបានបើកទំព័រនៃការធ្វើពាណិជ្ជកម្មសកល ។
ឆ្នាំ ២០២៣ គឺជាខូបឆ្នាំទី ២២ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)របស់ចិន ។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ ប្រទេសចិនបាននិងកំពុងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវពាក្យសន្យាដែលខ្លួនបានធ្វើក្នុងពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ពង្រីកការបើកទូលាយឥតឈប់ឈរ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសនាំចេញធំទីមួយនិងជាប្រទេសនាំចូលធំទីពីរខាងពាណិជ្ជកម្មទំនិញជាសកល ប្រការនេះមិនត្រឹមតែធ្វើឱ្យប្រទេសខ្លួនទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចសកលផងដែរ ។
បន្ទាប់ពីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកអស់រយៈពេល ២២ ឆ្នាំមក ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនបានកើតមានការប្រែប្រួលយ៉ាងខ្លាំង ។ ទី១ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ។ ទំហំសេដ្ឋកិច្ចសរុបបានកើនឡើងពី ១១,១ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០០១ ដល់ ១២០ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២២ ដែលមានអនុបាតកើនឡើងពី ៤ ដល់ ១៨ ភាគរយនៃបរិមាណទូទៅនៃពិភពលោក ។ ទី២ ប្រទេសចិនបានក្លាយជាប្រទេសនាំចេញធំទីមួយខាងពាណិជ្ជកម្មទំនិញជាសកល ។ ទំហំសរុបនៃពាណិជ្ជកម្មទំនិញខាងការនាំចេញនាំចូលរបស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដើម ឆ្នាំ ២០២៣ នេះមានចំនួន ២៣,៥៥ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,៤ ភាគរយបើបៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ឯពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទីពីរលើពិភពលោក ហើយទំហំនាំចេញនៃពាណិជ្ជកម្មសេវាកម្មបានកើនឡើង ៥ ដងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០២២ ។ ទី៣ តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក ។ បន្ទាប់ពីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកអស់រយៈពេល ២២ ឆ្នាំមក ប្រទេសចិនបានក្លាយជាប្រទេសមហាអំណាចខាងផលិតកម្ម ហើយឧស្សាហកម្មផលិតកម្មរបស់ចិនកំពុងធ្វើបរិវត្តកម្មទៅកាន់ភាពឆ្លាតវៃយ៉ាងឆាប់រហ័សព្រមទាំងបានចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចសហប្រតិបតិ្តការផ្នែកផលិតកម្មឆ្លាតវៃសកលផងដែរ ។
ក្នុងរយៈពេល ២២ ឆ្នាំបន្ទាប់ពីបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកមក អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបាននិងកំពុងរក្សានៅកម្រិតប្រហែល ៣០ ភាគរយជាប់រហូត ! បន្ទាប់ពីចិនបានចូលជាសមាជិកនៃអង្គការ WTO ដោយសារទទួលបានផលប្រយោជន៍ពីការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសនៃការធ្វើពាណិជ្ជកម្មសកល បានជាសេដ្ឋកិច្ចរបស់ចិនបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញការងើបឡើងវិញនិងកំណើននៃសេដ្ឋកិច្ចពិភពលោក ។ ប្រទេសចិនមិនត្រឹមតែបានក្លាយជាប្រទេសនាំចេញធំទីមួយលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រទេសនាំចូលធំទីពីរលើពិភពលោកផងដែរដែលបានផ្តល់ឱកាសទីផ្សារដ៏ធំធេងដល់ពិភពលោក ។ លើសពីនេះទៅទៀត ប្រទេសចិនក៏បានបើកទូលាយទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោកដោយម្ចាស់ការ ក្នុងន័យពង្រីកការនាំចូលតាមរយៈការបើកពិព័រណ៍នាំចូលចិនអន្តរជាតិផងដែរ ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើងក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក បានផ្សារភ្ជាប់ចិននិងពិភពលោកយ៉ាងសកម្ម តួនាទីជាវេទិកាធំៗទាំងបួន ពោលគឺ ការបញ្ជាទិញអន្តរជាតិ ការជំរុញការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនព្រមនិងកិច្ចសហប្រតិបត្តិការបែបបើកទូលាយត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយលក្ខណៈជាទំនិញសាធារណៈអន្តរជាតិដែលពិភពលោកអាចចែករំលែកជាមួយគ្នាត្រូវបានរំលេចឡើងកាន់តែច្បាស់ ។
សូមបញ្ជាក់ថា ពីការអនុវត្តគោលនយោបាយបើកទូលាយចំពោះបរទេសកាលពី ៤៥ ឆ្នាំមុនដល់ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកកាលពី ២២ ឆ្នាំមុន ពីការលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"កាលពី ១០ ឆ្នាំមុនរហូតដល់ការបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិជាបន្តបន្ទាប់ ទ្វារនៃការបើកទូលាយរបស់ប្រទេសចិននឹងមានភាពកាន់តែទូលំទូលាយ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំដែលមានចំនួនប្រជាជនជាង ១ ពាន់ ៤ រយលាននាក់ ក្នុងនោះបូករួមទាំងក្រុមប្រជាជនចំណូលមធ្យមចំនួនលើសពី ៤ រយលាននាក់ព្រមទាំងត្រូវបានពង្រីកជាបន្តបន្ទាប់ ឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ក៏ដូចជាឧស្សាហកម្មផលិតកម្មរបស់ចិនដែលមានប្រភេទឧស្សាហកម្មច្រើនបំផុតនិងប្រព័ន្ធឧស្សាហកម្មពេញលេញបំផុតលើទូទាំងពិភពលោក បានបន្តបង្ហាញពីសក្តានុពលនៃទីផ្សារក្នុងស្រុក ជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានៃការនាំចូលនិងនាំចេញ ពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគគ្នាទៅវិញទៅមកព្រមនិងពាណិជ្ជកម្មនិងឧស្សាហកម្ម ជំរុញយ៉ាងមុតមាំនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ក្នុងន័យជំរុញជាបន្តបន្ទាប់ឱ្យការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចរីកចម្រើនទៅកាន់ទិសដៅប្រកបដោយភាពបើកទូលាយ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ មានតុល្យភាពនិងឈ្នះ-ឈ្នះ ។
អ្នកផងទាំងពួងបានដឹងជាទូទៅថា តាំងពីចូលឆ្នាំនេះមក ការស្តារសេដ្ឋកិច្ចសកលឡើងវិញមាននិន្នាការមិនសូវនឹងនរ ពាណិជ្ជកម្មសកលក៏ប្រឈមនឹងនិន្នាការធ្លាក់ចុះផងដែរ ។ ក្នុងសភាពការណ៍បែបនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិននៅបីត្រីមាសដើមឆ្នាំនេះនៅតែរក្សាបាននូវនិន្នាការដ៏ល្អប្រសើរដដែល ។ តាមទិន្នន័យបានបង្ហាញឱ្យឃើញថា ប្រទេសចិនបានពង្រីកការនាំចូលដោយម្ចាស់ការ គឺជាទីផ្សារនាំចូលធំទីពីរលើពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនពង្រីកការនាំចូល គឺបានបន្ថែមឱកាសនាំចេញសម្រាប់បណ្តាប្រទេសនានាលើពិភពលោក ហើយក៏អាចបំពេញបន្ថែមនូវកម្លាំងចលករដល់កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសនានាផងដែរ ។
លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកច្រើនសារថា ទ្វារនៃការបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញ នឹងមានភាពកាន់តែទូលំទូលាយ ។ ជានិច្ចកាល ប្រទេសចិនតែងតែជាប្រភពនៃកម្លាំងចលករប្រកបដោយស្ថិរភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកនិងជាទីផ្សារធំដែលប្រកបដោយភាពរស់រវើកសម្រាប់ឱ្យបណ្តាប្រទេសនានាត្រួសត្រាយឱកាសពាណិជ្ជកម្ម ការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងជំរុញឱ្យប្រទេសនានានិងភាគីនានាចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនថែមមួយកម្រិតទៀត ។
"ផ្កាមួយទងរីកតែឯងមិនមែននិទាឃរដូវទេ ផ្កាគ្រប់ប្រភេទរីកស្គុះស្គាយទើបជានិទាឃរដូវពេញសួនច្បារ "។ ដោយឡែកទីផ្សារធំរបស់ប្រទេសចិនគួរតែនាំមកនូវឱកាសកាន់តែធំដល់ពិភពលោកដើម្បីធ្វើឱ្យសមិទ្ធផលអភិវឌ្ឍន៍អាចផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែស្មើភាពដល់ប្រជាជននៃបណ្តាប្រទេសនានា ៕