ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិននិងអឺរ៉ុបនៅតែត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹងដ៏ត្រឹមត្រូវដើម្បីបង្កើតទំនាក់ទំនងរវាងចិននិងអឺរ៉ុបដែលមានលំដាប់កាន់តែខ្ពស់
2023-12-08 14:48:12cri
Share with:

      ថ្ងៃទី៧ខែធ្នូ កិច្ចប្រជុំមេដឹកនាំចិននិងអឺរ៉ុបលើកទី២៤ដែលជាព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបក្នុងឆ្នាំនេះ  ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង។ នៅពេលជួបសន្ទនាជាមួយលោកMichelប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រីVon der Leyen ប្រធានគណៈកម្មធិការសហភាពអឺរ៉ុប  លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា   ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទិសដៅដ៏ត្រឹមត្រូវនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បង្កើតការយល់ដឹងដ៏ត្រឹមត្រូវ និងអភិវឌ្ឍទំនាក់ទំនងដោយអស់ពីកម្លាំងកាយចិត្ត។ មេដឹកនាំអឺរ៉ុបបានថ្លែងថា មិនសង្ឃឹមឱ្យផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិននោះទេ ហើយយល់ឃើញថា  ការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងរយៈពេលយូរនៃសេដ្ឋកិច្ចប្រទេសចិនគឺសមស្របនឹងផលប្រយោជន៍របស់អឺរ៉ុប។អ្នកសង្កេតការណ៍បានសម្គាល់ឃើញថា  ប្រឈមមុខនឹងពិភពលោកដែលមានភាពរង្គោះរង្គើកាន់តែខ្លាំង  ចិននិងអឺរ៉ុបបានបញ្ចេញសញ្ញាវិជ្ជមានដែលឆ្លើយតបនឹងបញ្ហាប្រឈមតាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ   ដែលគួរឱ្យស្វាគមន៍។

      ឆ្នាំនេះគឺជាខួបលើកទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងសហភាពអឺរ៉ុប  ហើយក៏ជាខួបលើកទី២៥នៃការបង្កើតយន្តការនៃកិច្ចប្រជុំមេដឹកនាំរវាងចិននិងអឺរ៉ុបទៀតផង។ អ្នកជំនាញពាក់ព័ន្ធបានថ្លែងថា  ដោយឈរលើចំណុចប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប  កិច្ចប្រជុំមេដឹកនាំរវាងចិននិងអឺរ៉ុបលើកនេះ មានសារសំខាន់ក្នុងការបូកសរុបសមិទ្ធផលកន្លងទៅនិងត្រួសត្រាយអនាគត។

      ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ  ប្រទេសចិនបានដាក់ចេញឯកសារអំពីគោលនយោបាយចំពោះសហភាពអឺរ៉ុបចំនួនបី ដោយចាត់ទុកសហភាពអឺរ៉ុបជាប៉ូកដ៏សំខាន់មួយលើពិភពលោក   គាំទ្រយ៉ាងមុតមាំនូវដំណើរធ្វើសមាហរណកម្មនៃសហភាពអឺរ៉ុប  ហើយគោលនយោបាយចំពោះអឺរ៉ុបបានរក្សានូវស្ថិរភាពនិងនិរន្តរភាព។ ផ្ទុយទៅវិញ  គោលនយោបាយរបស់សហភាពអឺរ៉ុបចំពោះប្រទេសចិនបានជួបប្រទះឧបសគ្គសារចុះសារឡើងពីមួយពេលទៅមួយពេល។ អ្នកវិភាគជាច្រើនបានយល់ឃើញថា  ដោយសារសហភាពអឺរ៉ុបបានរងផលប៉ះពាល់ពីគោលនយោបាយទប់ស្កាត់ប្រទេសចិនរបស់អាមេរិក   បានជាការយល់ដឹងរបស់ខ្លួនចំពោះប្រទេសចិន បានមានភាពខុសឆ្គង។ នេះក៏ជាមូលហេតុសំខាន់ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអឺរ៉ុបជួបប្រទះឧបសគ្គសារចុះសារឡើង។

      តើយើងគួរប្រើក្រសែភ្នែកយ៉ាងណាចំពោះប្រទេសចិន? តាមពិតទៅ ចម្លើយនេះត្រូវបានផ្តល់ឱ្យនៅ២០ឆ្នាំមុនមកម្លេះ ពោលគឺ"ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុយជ្រោយ"។ ក្នុងកិច្ចជំនួបលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវទិសដៅដ៏ត្រឹមត្រូវនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបបែបនេះ ដោយបានលើកឡើងថា ចិននិងអឺរ៉ុបគួរតែរាប់អានគ្នាតាមទស្សនៈយុទ្ធសាស្ត្រ  បង្កើនការយោគយល់គ្នានិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាផ្តោតសំខាន់លើទំនុកចិត្តនិងសច្ចធម៌។  ភាគីអ៊ឺរ៉ុបបានថ្លែងថា   រីករាយរួមជាមួយភាគីចិនពង្រឹងការប្រាស្រ័យទាក់ទង និងបង្កើនការយល់ដឹងលើបញ្ហាខ្វែងគំនិតពីគ្នាដោយប្រកាន់អាកប្បកិរិយាដែលគោរពគ្នាទៅវិញទៅមក បើកចំហនិងស្មោះត្រង់។

      ក្នុងកិច្ចជំនួបលើកនេះ  ភាគីចិនបានថ្លែងថា  ចិនរីករាយចាត់ទុកសហភាពអឺរ៉ុបជា"ដៃគូទាំងបី"  ពោលគឺដៃគូគន្លឹះក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម  ដៃគូជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងជាដៃគូដែលគួរឱ្យជឿទុកចិត្តបានក្នុងកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។ មេដឹកនាំអឺរ៉ុបបានយល់ឃើញថា  កិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងប្រទេសចិន  គឺមានសមភាពនិងអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយសង្ឃឹមថាភាគីទាំងពីរនឹងធ្វើកិច្ចខិតខំរួមគ្នា ដើម្បីគាំពារស្ថិរភាពនិងសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម។

      បទពិសោធន៍នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបដែលបានឆ្លងកាត់អស់រយៈពេល២០ឆ្នាំ  បានបង្ហាញថាប្រសិនបើប្រកាន់ខ្ជាប់ការចាត់ទុកគូភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  នោះទំនាក់ទំនងទ្វេភាគីក៏នឹងអាចឆ្ពោះទៅមុខដែរ។ ក្នុងរយៈពេល២០ឆ្នាំខាងមុខ  ចិននិងអឺរ៉ុបនៅតែត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹងដ៏ត្រឹមត្រូវដើម្បីបង្កើតទំនាក់ទំនងរវាងចិននិងអឺរ៉ុបដែលមានលំដាប់កាន់តែខ្ពស់  ក្នុងដំណើរជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងការធ្វើសមាហរណកម្មអឺរ៉ុបដោយរៀងៗខ្លួន។ នេះមិនត្រឹមតែនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ភាគីទាំងពីរប៉ុណ្ណោះទេ  ថែមទាំងក៏នឹងនាំមកនូវស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស