ថ្ងៃទី២៩ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោកKissingerដែលជាមិត្តចាស់របស់ប្រជាជនចិននិងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានទទួលមរណភាពក្នុងជន្មាយុ១០០ឆ្នាំ។ក្នុងនាមជាអ្នកការទូតដ៏ល្បីល្បាញបំផុតរបស់អាមេរិកបន្ទាប់ពីសង្គ្រាមលោកលើកទី២ លោកKissingerបានរួមចំណែកយ៉ាងលេចធ្លោក្នុងវិស័យជាច្រើន ដូចជាជំរុញទំនាក់ទំនងការទូតរវាងចិននិងអាមេរិក និងធ្វើកិច្ចសម្របសម្រួលស្ថានការណ៍នៅមជ្ឈិមបូព៌ាជាដើម។ ថ្ងៃទី៣០ខែវិច្ឆិកាតាមម៉ោងប៉េកាំង លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខទៅកាន់លោកBidenប្រធានាធិបតីអាមេរិកចំពោះដំណឹងមរណភាពរបស់លោកKissingerដោយលើកឡើងថា ឈ្មោះរបស់លោកKissingerនឹងផ្សារភ្ជាប់ជាមួយទំនាក់ទំនងរវាងចិនអាមេរិកជាដរាប ហើយលោកបណ្ឌិតKissingerនឹងត្រូវប្រជាជនចិនចងចាំនិងនឹករលឹកជារៀងរហូត។
មានការសិក្សាជាច្រើនបានបង្ហាញថា លោកKissingerគឺជាឥស្សរជនពិសេសមួយរូបដែលបានចាប់បដិសន្ធិនៅក្នុងសម័យប្រវត្តិសាស្ត្រដ៏ពិសេស។ ប៉ុន្តែភាពពិសេសបែបនេះ មិនអាចមិនឱ្យអ្នកទាំងអស់កោតសរសើរចំពោះប្រាជ្ញាការទូតរបស់គាត់ ក៏ដូចជាការទទួលស្គាល់ចំពោះការរួមចំណែកដើម្បីសន្តិភាពនិងស្ថិរភាពពិភពលោករបស់គាត់នោះឡើយ។ប្រាជ្ញាការទូតរបស់លោកKissinger គឺកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅរបស់គាត់ចំពោះប្រវត្តិសាស្រ្តពិភពលោក និងការក្ដាប់ជាប់យ៉ាងត្រឹមត្រូវរបស់គាត់អំពីក្រឹត្យក្រមនៃទំនាក់ទំនងអន្តរជាតិ។លោកKissingerអាចយកឈ្នះលើទស្សនៈលំអៀងខាងមនោគមវិជ្ជារំដោះចេញភាពតូចចង្អៀតនៃគោលនយោបាយក្នុងស្រុករបស់អាមេរិក និងអនុវត្តសកម្មភាពការទូតប្រកបដោយប្រាជ្ញាដោយឈរលើផលប្រយោជន៍ជាតិពិតប្រាកដរបស់អាមេរិក។
គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការជំរុញឱ្យបំបែកភាពជាប់គាំងនៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺជាសមិទ្ធផលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងជីវិតជាអ្នកការទូតរបស់លោកKissinger។នៅឆ្នាំ១៩៧១ លោកKissingerបានបំពេញទស្សនកិច្ចនៅប្រទេសចិនដោយស្ងាត់ៗ ហើយបានពួតដៃជាមួយភាគីចិនសម្រេចបាននូវដំណើរទស្សនកិច្ចរបស់លោកNixon អតីតប្រធានាធិបតីអាមេរិកនៅប្រទេសចិនក្នុងឆ្នាំ១៩៧២ ដែលសម្រេចបាននូវ"ការចាប់ដៃគ្នាដែលឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក"។ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ លោកKissingerបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាង១រយដង ហើយត្រូវបានគេហៅថាជា"មិត្តចាស់"របស់ប្រជាជនចិន។
ក្នុងបរិបទដែលទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងជួបនឹងការលំបាកនិងបញ្ហាប្រឈម អាមេរិកត្រូវការអ្នកនយោបាយដូចលោកKissingerបែបនេះកាន់តែច្រើនដែលអាចយកឈ្នះលើភាពបែកបាក់ខាងនយោបាយក្នុងប្រទេសអាមេរិក យោគយល់និងកោតសរសើរចំពោះប្រវត្តិសាស្ត្រនិងវប្បធម៌ប្រទេសចិន និងពិនិត្យមើលដោយសត្យានុម័តនូវផលប្រយោជន៍រួមរបស់ចិននិងអាមេរិក ដើម្បីបង្កើតការយល់ដឹងយ៉ាងត្រឹមត្រូវចំពោះប្រទេសចិន ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យពុះពារឧបសគ្គនិងបន្ដដំណើរឆ្ពោះទៅមុខ។
មរតកដ៏ថ្លៃថ្លាដែលលោកKissingerបានបន្សល់ទុកឱ្យអាមេរិក គឺថាទោះបីជាប្រទេសទាំងពីរចិននិងអាមេរិកមានភាពខុសប្លែកពីគ្នាក៏ដោយ ប៉ុន្តែយុទ្ធសាស្ត្រការទូតដ៏ឆ្លាតវៃអាចពុះពារភាពខុសប្លែកពីគ្នាទាំងនេះ ព្រមទាំងធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍ដល់គ្នា។ ការធ្វើបែបនេះ គឺសមស្របនឹងផលប្រយោជន៍រួមរវាងចិននិងអាមេរិក ហើយក៏ត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិផងដែរ។
ប្រជាជនចិនយកចិត្តទុកដាក់លើមនោសញ្ចេតនានិងសច្ចភាព ហើយមិនអាចបំភ្លេចមិត្តចាស់ មិនបំភ្លេចការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោកKissingerដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកបានឡើយ។ ប្រជាជនចិនក៏សង្ឃឹមផងដែរថា អ្នកកាន់អំណាចរបស់អាមេរិកអាចយល់ដឹងថា ពិភពលោកបានប្រែប្រួល ទទួលស្នងនូវមរតកប្រាជ្ញាការទូតរបស់លោកKissinger អនុវត្តគំនិតឯកភាពរួមដ៏សំខាន់នៃកិច្ចជំនួបរបស់ប្រមុខរដ្ឋចិននិងអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូ និងជំរុញឱ្យចិននិងអាមេរិកទទួលសមិទ្ធផលទៅវិញទៅមកនិងវិបុលភាពរួមគ្នាក្នុងយុគសម័យប្រវត្តិសាស្ត្រថ្មី៕