ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖វត្ថុបុរាណដ៏ល្អប្រណិតរបស់ប្រទេសនានានៅក្នុងសារមន្ទីរអង់គ្លេសគួរតែធ្វើមាតុភូមិនិវត្តន៍ហើយ
2023-11-28 15:56:24cri
Share with:

ក្នុងនាមជាសារមន្ទីរដ៏ល្បីឈ្មោះលើពិភពលោក សារមន្ទីរអង់គ្លេសបើមើលពីសំបកក្រៅគឺមានសមុច្ច័យជាច្រើន តែតាមពិតទៅ គឺត្រូវគេហៅថា ជានិមិត្តរូបនៃការលួចជាទូទៅ ។ ក្នុងចំណោមសមុច្ច័យចំនួនជាង៨លានក្នុងសារមន្ទីរ ភាគច្រើនគឺបានមកពីប្រទេសដទៃទៀត ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសជាច្រើនបានទាមទារឱ្យយកមកវិញនូវវត្ថុបុរាណដែលត្រូវអង់គ្លេសឆក់យកជាបន្តបន្ទាប់ ។ ពេលថ្មីៗកន្លងទៅនេះ លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិកក៏ធ្វើអ៊ីចឹងដែរ ។

ចាប់ពីថ្ងៃទី២៦ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ឡើងទៅ លោក Kyriakos Mitsotakis បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅអង់គ្លេស ។ ពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយប្រព័ន្ធសារព័ត៌មាន BBC លោកបានថ្លែងថា ក្រិកទាមទារឱ្យសារមន្ទីរអង់គ្លេសសងរូបចម្លាក់ថ្មម៉ាបនៃប្រាសាទ Parthenon ឱ្យក្រិកវិញ ។ លោកបានលើកឡើងថា កម្មសិទ្ធិនៃវត្ថុបុរាណទាំងនេះគឺគ្មានអ្វីគួរឱ្យប្រកែកបានទេ ពួកវាគឺជារបស់ប្រទេសក្រិក ដែលត្រូវគេលួចយកទៅ ។

ប្រទេសដែលកើតមានរឿងដូចនេះគឺមិនត្រឹមតែក្រិកប៉ុណ្ណោះទេ ។ តាមស្ថិតិមិនគ្រប់គ្រាន់នៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិបានឱ្យដឹងថា វត្ថុបុរាណរបស់ចិនដែលបាត់បង់នៅបរទេសយ៉ាងហោចណាស់មានចំនួន១លាន៦សែន៤ម៉ឺន រីឯសារមន្ទីរអង់គ្លេសគឺជាសារមន្ទីរដែលរក្សាទុកវត្ថុបុរាណចិនដែលបាត់បង់ច្រើនបំផុតមួយ ។ ពីគ្រឿងសំរឹទ្ធនៃរជ្ជកាល Shang និងរជ្ជកាល Zhou ដល់ព័រសឺឡែន នៃរជ្ជកាល Tang និងរជ្ជកាល Song រហូតដល់គ្រឿងធ្វើពីមាសនិងថ្មយក់នៃរជ្ជកាល Ming និងរជ្ជកាល Qing សមុច្ច័យជាវត្ថុបុរាណរបស់ចិននៅទីនេះសឹងតែបូករួមទាំងប្រភេទសិល្បៈទាំងអស់ ក៏ដូចជាសឹងតែឆ្លងកាត់ប្រវត្តិសាស្ត្រចិនទាំងមូល ។ ជាការធម្មតា ស្លាកនៃវត្ថុបុរាណទាំងនេះបានសរសេប្រភព ស្របច្បាប់ ប៉ុន្តែតាមការពិត ប្រភពគឺមកពីសង្គ្រាម ការលួចនិងទិញនៅទីផ្សារងងឹត ហើយភាគីច្រើនបានកើតនៅរយៈពេលជាង១រយឆ្នាំគិតពីសង្គ្រាមអាភៀនដល់មុនពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

ដើម្បីទាមទារឱ្យយកមកវិញនូវវត្ថុបុរាណដែលត្រូវឆក់យក ប្រទេសជាច្រើនដែលរួមមានទាំងប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ប៉ុន្តែ អង់គ្លេសបដិសេធមិនព្រមសងឱ្យវិញក្រោមលេស ការពារសន្តិសុខនៃវត្ថុបុរាណជាប់រហូតមក ។ លោក Dan Hicks ប្រធានសារមន្ទីរ Pitt Rivers នៃសកលវិទ្យាល័យ Oxford បានលើកឡើងថា គិតមកទល់បច្ចុប្បន្ននេះ សារមន្ទីរអង់គ្លេសនៅតែមាន មនោសញ្ចេតនានឹករលឹកចក្រពត្តិកាលពីអតីតកាលដដែល ដោយសម្គាល់ថា ខ្លួន មានបុព្វសិទ្ធិពិសេសម្យ៉ាង ដែលអាចទន្ទ្រានកាន់កាប់វត្ថុបុរាណដោយមិនបាច់បកស្រាយអ្វីទេ ។

នៅខែសីហាឆ្នាំនេះ សារមន្ទីរអង់គ្លេសត្រូវបែកធ្លាយឱ្យដឹងថា វត្ថុបុរាណដ៏ល្អប្រណិតប្រហែល២ពាន់បានបាត់ខ្លួនហើយ មានមួយចំនួនសឹងតែត្រូវគេលក់តាមបណ្តាញអ៊ីនធើណេត ។ រឿងនេះនាំឱ្យសារមន្ទីរអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិកេរ្តិ៍ឈ្មោះ ដែលសមត្ថភាព ការពារសន្តិសុខវត្ថុបុរាណរបស់វារងការមន្ទិលសង្ស័យយ៉ាងខ្លាំង ។ ដូច្នេះ ប្រទេសជាច្រើនដែលបូករួមទាំងប្រទេសចិនផងដែរបានអំពាវនាវម្តងទៀតឱ្យភាគីអង់គ្លេសសងវត្ថុបុរាណវិញ ។

វត្ថុបុរាណជាការបន្តវេននិងការផ្ទុកនូវវប្បធម៌ប្រទេសនិងជនជាតិមួយ ដែលបានបង្ហាញពីមនោសញ្ចេតនាប្រវត្តិសាស្ត្រនិងចំណាំវប្បធម៌ ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសជាច្រើនមិនដែលបញ្ឈប់ការទាមទារឱ្យយកមកវិញនូវវត្ថុបុរាណដែលត្រូវគេឆក់យកទាំងនោះចំពោះសារមន្ទីរអង់គ្លេសនិងរដ្ឋាភិបាលអង់គ្លេស ក្នុងគោលបំណងការពារសរសៃឈាមវប្បធម៌របស់រដ្ឋនិងជនជាតិ និងជម្រះបញ្ជីចំពោះសំណល់នៃអាណានិគមនិយម តាមការពិត នេះក៏ជាចំណែកមួយនៃចលនាប្រឆាំងអាណានិគមនិយមអន្តរជាតិផងដែរ ។

សម័យអាណានិគមនិយមបានកន្លងផុតទៅហើយ ។ ភាគីអង់គ្លេសគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះសំណូមពរនិងតម្រូវការស្របច្បាប់របស់ប្រទេសជាច្រើន ដើម្បីសងវត្ថុបុរាណដែលខ្លួនបានឆក់យកទៅវិញក្នុងពេលឆាប់ៗ ។ វត្ថុបុរាណដ៏ល្អប្រណិតរបស់ប្រទេសនានានៅក្នុងសារមន្ទីរអង់គ្លេសគួរតែធ្វើមាតុភូមិនិវត្តន៍ទៅហើយ ។ ប្រវត្តិសាស្ត្រអាណានិគមនិយមដ៏ខ្មៅងងឹតរបស់អង់គ្លេស ក៏កាន់តែត្រូវក្លាយជាប្រវត្តិសាស្ត្រទាំងស្រុងជាដាច់ខាត ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស