ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ជានិច្ចកាលប្រទេសចិនតែងតែជាស្ថាបនិកកសាងសន្តិភាពពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ
2023-11-23 14:59:22cri
Share with:

គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានអូសបន្លាយអស់រយៈពេលជាងមួយខែហើយ ដែលបានបណ្តាលឱ្យភាគីទាំងពីរមានមនុស្សលើសពី១៥៥០០នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកុមារនៅតំបន់កាហ្សាចំនួនជាង៥៨០០នាក់ផងដែរ  ។ ការស្លាប់បាត់បង់ជីវិតនិងរងរបួសនៃជនស៊ីវិលជាច្រើន ក៏ដូចជាគ្រោះមហន្តរាយខាងមនុស្សធម៌ បានធ្វើឱ្យសហគមន៍អន្តរជាតិកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវ “កិច្ចការជាបន្ទាន់ ”ចំនួន៣ ដោយអំពាវនាវឱ្យបណ្តាភាគីនៃការប៉ះទង្គិចឈប់បាញ់គ្នា ធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយសង្គ្រោះមនុស្សធម៌មានសុវត្ថិភាពនិងភាពរលូន បង្ការកុំឱ្យការប៉ះទង្គិចរីករាលដាល លោកបានគូសបញ្ជាក់ថា ផ្លូវចេញជាមូលដ្ឋានសម្រាប់ដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលបានផ្ទុះឡើងសារចុះសារឡើង គឺត្រូវអនុវត្ត “ផែនការប្រទេសពីរ ” គំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋចិន Xi Jinping បានគិតពិចារណាដល់បច្ចុប្បន្នភាពនិងអនាគតយូរអង្វែង ដែលបានតម្រង់ទិស ដើម្បីដោះស្រាយបញ្ហារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលប្រកបដោយប្រសិទ្ធិភាព ។

អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា   មួយថ្ងៃមុនពេលដែលលោកប្រធានរដ្ឋចិនXi Jinping ថ្លែងសុន្ទរកថា គណៈប្រតិភូចម្រុះនៃរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអារ៉ាប់និងអ៊ីស្លាមបានបំពេញទស្សនកិច្ចនៅប្រទេសចិន ។ រដ្ឋមន្ត្រីការបរទេសទាំងនេះបានជ្រើសរើសប្រទេសចិន ជាគោលដៅទីមួយនៃដំណើរទស្សនកិច្ច ដើម្បីធ្វើកិច្ចសម្របសម្រួលអន្តរជាតិអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ចំពោះប្រទេសចិន និងការទទួលស្គាល់កម្រិតខ្ពស់ចំពោះគោលជំហរដ៏យុត្តិធម៌របស់ប្រទេសចិន ។ កាលពីខែឧសភា ឆ្នាំនេះ ក្រុមហ៊ុនYouGov ដែលជាស្ថាប័នស្ទង់ប្រជាមតិបានធ្វើការស្ទង់ប្រជាមតិមួយលើក ដោយបានរកឃើញថា ប្រជាជនប៉ាឡេស្ទីនដែលបានចូលរួមផ្តល់ប្រជាមតិចំនួន៨០ភាគរយ កាន់តែមានទំនោរចាត់ទុកប្រទេសចិនជាអ្នកសម្របសម្រួលសន្តិភាពក្នុងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។

      ហេតុអ្វីបានជាគំនិតផ្តួចផ្តើមរបស់ចិនទទួលបានការទទួលស្គាល់ជាទូទៅពីភាគីទាំងពីរនៃការប៉ះទង្គិច និងសហគមន៍អន្តរជាតិ ? នេះគឺដោយមកពីប្រជាជនចិនស្រឡាញ់សន្តិភាព ប្រឆាំងអំពើហិង្សា ជានិច្ចកាលចិនតែងតែនិយាយពាក្យយុត្តិធម៌និងធ្វើកិច្ចការដ៏យុត្តិធម៌ ។ ក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ខុសគ្នានឹងគោលនយោបាយរបស់អាមេរិកដែលបានលំអៀងទៅអ៊ីស្រាអែល ប្រទេសចិនមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយទេ ហើយក៏មិនលំអៀងទៅរកភាគីណាមួយដែរ ចិនរំពឹងទុកដោយស្មោះស្ម័គ្រថា ប៉ាឡេស្ទីននិងអ៊ីស្រាអែលនឹងឈប់បាញ់គ្នា និងរួមរស់នៅជាមួយគ្នាដោយសនិ្តសហវិជ្ជមាន ។

      ចាប់ពីថ្ងៃទី១ខែនេះឡើងទៅ ប្រទេសចិនបានធ្វើជាប្រធានតាមវេនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចចិត្តលេខ២៧១២ស្ដីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅថ្ងៃទី ១៥ ខែវិច្ឆិកា ។ នេះជាលើកទីមួយហើយដែលក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធតាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីបានផ្ទុះឡើងមក ហើយក៏ជាសេចក្តីសម្រេចចិត្តទីមួយអំពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេល៧ឆ្នាំកន្លងមក ។ ឥស្សរជនអ្នកវិភាគបានសម្គាល់ឃើញថា ការដែលក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចចិត្តមួយនេះ គឺបានមកដោយមិនងាយទេ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីកិច្ចការមួយនេះ ហើយបានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវនិងភារកិច្ចរបស់ប្រទេសធំ  ក៏ដូចជាបានបញ្ជាក់ជាថ្មីម្តងទៀតថា  ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកនៃសន្តិភាពពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ។

      ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអ៊ីស្រាអែលនិងអង្គការហាម៉ាស់ បានប្រកាសដោយឡែកពីគ្នាថា បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាជាបណ្តោះអាសន្នរយៈពេលបួនថ្ងៃ ។ ប្រជាជននៃតំបន់កាហ្សាបានទទួលពេលឈប់បាញ់គ្នាជាបណ្តោះអាសន្ន  ។ ប៉ុន្តែ ការឈប់បាញ់គ្នារយៈពេលខ្លីមិនអាចដោះស្រាយបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលពីឫសគល់ទេ ។ សេចក្តីសម្រេចចិត្តលេខ២៧១២របស់ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តយ៉ាងប្រាកដប្រជាក្នុងពេលឆាប់ៗ ផែនការដោះស្រាយបញ្ហាពីឫសគល់ដែលលើកឡើងដោយប្រទេសចិន គួរឱ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចសហគមន៍អន្តរជាតិគិតពិចារណាយ៉ាងស៊ីជម្រៅ ។ បញ្ហាប៉ាឡេស្ទីនមិនគួរក្លាយទៅជាមុខរបួសដែលមិនអាចផ្សះផ្សាបាននៅលើពិភពលោកឡើយ ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស