ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានអូសបន្លាយអស់ពេលមួយខែហើយ។ទោះបីសហគមន៍អន្តរជាតិបានអំពាវនាវជាច្រើនលើកច្រើនសារឱ្យបញ្ឈប់ការបាញ់គ្នាក៏ដោយ ក៏ប៉ុន្តែការប៉ះទង្គិចនៅតែបន្តកើតមាន ហើយចំនួនមនុស្សស្លាប់ក៏កើនឡើងជាបន្តបន្ទាប់ដែរ។
លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនាថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៣ថា ភាគីចិនមានការឈឺចាប់ចំពោះប្រជាជននៃភាគីទាំងពីរដែលបានស្លាប់បាត់បង់ជីវិតក្នុងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល និងមានក្តីបារម្ភខ្លាំងចំពោះគ្រោះមហន្តរាយមនុស្សធម៌ដែលកាន់តែអាប់អួទៅៗនៅតំបន់ហ្កាហ្សា។ចាប់ពីកើតមានការប៉ះទង្គិចជុំនេះមក ភាគីចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំជាប់រហូតជានិច្ច ដើម្បីបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនិងជំរុញឱ្យឈប់បាញ់គ្នា។លោក Zhai Jun បេសកជនពិសេសនៃរដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ានឹងចូលរួមកិច្ចប្រជុំមនុស្សធម៌អន្តរជាតិស្តីពីការផ្តល់ជំនួយដល់ជនស៊ីវិលនៅហ្កាហ្សា ដែលរៀបចំធ្វើនៅប្រទេសបារាំងនាថ្ងៃទី៩ខែវិច្ឆិកា។
លោកWang Wenbinបានបន្តថា ភាគីចិនគាំទ្របណ្តាប្រទេសអារ៉ាប់និងអ៊ីស្លានរួមសាមគ្គីគ្នា ដើម្បីបង្កើនកម្លាំងខិតខំប្រឹងប្រែងជួយសម្របសម្រួលក៏ ដូចជាជំរុញការឈប់បាញ់គ្នានិងរៀបចំការចរចាឡើងវិញ។ភាគីចិនសូមអំពាវនាវឱ្យបើកធ្វើកិច្ចប្រជុំអន្តរជាតិដែលមានលក្ខណៈកិត្យានុភាពក្នុងពេលឆាប់ៗ ដើម្បីដើរដល់គំនិតឯកភាពគ្នាថ្មីសម្រាប់ចាប់ដំណើរការឡើងវិញនិងអនុវត្តជាក់ស្តែងនូវ«ដំណោះស្រាយរដ្ឋពីរ»៕